ភ្នំពេញ៖ ដោយសារ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​ការ​ពារ​មហារីក​មាត់​ស្បូន​ (HPV) ត្រូវបាន​ធ្វើ​ឡើង​ទូទាំង​ប្រទេស កុមារី​អាយុ​ ៩ ឆ្នាំ​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​វ៉ាក់សាំង​នេះ។ ​

អ្នកស្រី​ ផេន លីណា ​ជាម្តាយ​មាន​កូន​បី​នាក់ ហាក់​មិនសូវ​ចាប់​អារម្មណ៍​ក្នុងការ​នាំយក​កូន​ស្រី​ ដែល​​បច្ចុប្បន្ន​មានអាយុ ១២ ឆ្នាំ ទៅ​ចាក់​វ៉ាសាំង​​ (HPV)។

អ្នកស្រី​បាន​និយាយ​ថា៖  «ខ្ញុំ​មិន​ប្រាកដទេ​ថា​ពេល​ណា​ខ្ញុំ​នឹង​យក​គាត់​ទៅ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ខ្ញុំ​នឹង​នាំ​គាត់​ទៅ ដោយ​គ្រាន់​តែ​រង់ចាំ​ខ្ញុំ​មាន​ពេល​សិន​»។ 

ទោះជា​យ៉ាងណា​ក៏ដោយ សារៈសំខាន់​នៃ​វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន HPV មិនអាច​មើលរំលង​បានឡើយ ជាពិសេស​នៅក្នុង​ប្រទេសមួយ ដូចជា កម្ពុជា ដែល​ជំងឺ​មហារីក​មាត់ស្បូន​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ និង​ជា​មច្ចុរាជ​លាក់​មុខ​ទី​បី​ក្នុង​ការ​សម្លាប់​ស្ត្រី​។​

យោងតាម GLOBOCAN ប្រទេស​កម្ពុជា​ឃើញមាន​ករណី​មហារីក​ថ្មី​ប្រហែល ១៨០០០ ករណី​ក្នុង​មួយឆ្នាំ ហើយ​នឹង​កើន​ឡើង​ដល់​ជិត ៣២០០០ នាក់​នៅ​ឆ្នាំ ២០៤០​។ ស្ត្រី​ជាទូទៅ​ជួប​ប្រទះ​នូវ​ជំងឺ​មហារីក​សុដន់ ១៩,១ ភាគរយ​មហារីក​មាត់ស្បូន ១១,៥ ភាគរយ និង​មហារីក​ថ្លើម ១០,៨ ភាគរយ។

នៅ​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កម្ពុជា​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង HPV  កុមារី​អាយុ​ប្រាំបួន​ឆ្នាំ ៩៩ ភាគរយ ទទួល​បាន​វ៉ាក់សាំង​​ HPV នៅ​ចុង​ឆ្នាំ ២០២៣។ នេះ​បើ​យោងតាម​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុខភាព​កម្ពុជា (HMIS) បាន​ចេញ​ផ្សាយ។

ក្នុង​ពិធី​សម្ពោធការ​ចាក់​វ៉ាក់សាំង HPV ថ្នាក់ជាតិ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ជំងឺ​មហារីក​មាត់ស្បូន ដែល​ជា​កង្វល់​ផ្នែក​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​គូសបញ្ជាក់​ពី​ការ​ជំរុញ​រួមគ្នា​ក្នុងការ​លុបបំបាត់​ជំងឺ​ដ៍​សាហាវ​នេះ ដោយ​បញ្ចូល​វ៉ាក់សាំង HPV ទៅក្នុង​កម្មវិធី​ការពារជាតិ​កម្ពុជា​។​

លោក​រដ្ឋមន្ដ្រី បាន​ឱ្យដឹងថា​៖ «យើង​នឹង​ធានាថា​កុមារី​អាយុ ៩ ឆ្នាំ​គ្រប់រូប អាច​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ចំនួន ១ ដូស ដោយ​មិន​គិត​ថ្លៃ​ចាប់ពី​ថ្ងៃនេះ​តទៅ ព្រមទាំង​គ្រោង​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន​នេះ​ដល់​កុមារី​អាយុ​លើសពី ៩ ឆ្នាំ តាមរយៈ​យុទ្ធនាការ​មួយ​ដែល​នឹងត្រូវ​រៀបចំឡើង​ក្នុង​ឆ្នាំ ២០២៥ ខាងមុខនេះ»​។​​

លោក Anirban Chatterjee តំណាង​រង​អង្គការ​យូនីសេហ្វ​កម្ពុជា បាន​ពន្យល់ថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ក្នុង​ការ​បញ្ចូល​កម្មវិធី​​វ៉ាក់សាំង HPV ទៅក្នុង​កាល​វិភាគ​ចាក់​វ៉ាក់សាំង​ជាប្រចាំ​របស់​ប្រទេស ដែល​ផ្ដល់​កិច្ច​ការពារ​ប្រកបដោយ​និរន្តរភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក​មាត់ស្បូន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

ដោយ​ដកស្រង់​របាយការណ៍​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុខភាព​កម្ពុជា (HMIS) លោក Chatterjee បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ​ឆ្នាំមុន កុមារី​អាយុ​ប្រាំបួន​ឆ្នាំ​ចំនួន ១៤៥ ៧៤២​ នាក់​បាន​ទទួល​វ៉ាក់សាំង។

រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​អង្គការផ្នែក​​សុខភាព​ពិភព​លោកធំៗ ​ដូចជា Gavi, Vaccine Alliance, WHO, និង UNICEF ផ្តល់​វ៉ាក់សាំង HPV ដោយ​ឥត​គិតថ្លៃ​ដល់​កុមារី​អាយុ​ប្រាំបួន​ឆ្នាំ​ទូទាំង​ប្រទេស តាម​រយៈ​វគ្គ​ផ្សព្វផ្សាយ​វ៉ាក់សាំង​ជា​ប្រចាំ​នៅ​សាលា ​​សហគមន៍ ​និង​នៅ​មណ្ឌល​សុខភាព។​

ពួកគេ​មាន​គោលបំណង​មិន​ត្រឹមតែ​ការពារ​ក្មេងស្រី​នៅ​វ័យក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អប់រំ​សហគមន៍​អំពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​មុន​អាយុ​ផងដែរ​។​

លោក Chatterjee បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​វ៉ាក់សាំង​នេះ​គឺ​ឥតគិតថ្លៃ ងាយស្រួល​ប្រើ និង​មាន​សុវត្ថិភាព ហើយ​​វា​មាន​ប្រសិទ្ធភាព​បំផុត​នៅ​វ័យក្មេង​នេះ មុនពេល​មាន​ហានិភ័យ​នៃ​ការប៉ះពាល់​នឹង​វីរុស»។​

លោក​បាន​បន្ថែមថា៖ «​ក្នុងអំឡុងពេល​ចាក់​វ៉ាក់សាំង អង្គការ​យូ​នី​សេ​ហ្វ​ បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​​មនុស្ស​ជាង ២១​ម៉ឺន​នាក់ ដោយ​ផ្តល់ព័ត៌មាន​ដល់​អ្នក​ថែទាំ ឪពុកម្តាយ និង​កុមារ​អំពី​សារៈសំខាន់​នៃ​វ៉ាក់សាំង​»។​

ហានិភ័យ​នៃ​មហារីក​មាត់​ស្បូន​ទាមទារ​ឱ្យ​មាន​ការ​បង្ក​ជា​បន្ទាន់​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ដែល​​ជា​រៀងរាល់​ឆ្នាំ ស្ត្រី​រាប់រយ​នាក់​នៅ​​កម្ពុជា​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​មហារីក​មាត់ស្បូន។

វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នក​ជំនាញ​ជំងឺមហារីក បាន​ឱ្យ​ដឹង​ថា ជំងឺ​មហារីក​មាត់ស្បូន​បង្កឡើង​ដោយ​វីរុស HPV កាចៗ​ជាង ២០ ប្រភេទ ហើយ​ដោយសារ​របកគំហើញ​នេះ​ហើយ នាំអោយ​អ្នក​វិទ្យាសាស្ត្រ​វេជ្ជ​សា​ស្រ ផលិត​វ៉ាក់សាំង​ប្រឆាំង​មហារីក​មាត់ស្បូន​បាន​ដោយ​ជោគជ័យ​។

លោក ​សុខា អ្នកឯកទេស​ខាង​ជំងឺមហារីក​​ដែលមាន​បទពិសោធន៍ ២៦ ឆ្នាំ ​ដែល​ជាស្ថាបនិក​បង្កើត​ផ្នែក​ព្យាបាល​ជំងឺមហារីក​ឡើងវិញ​ក្រោយ​សម័យ​ប៉ុលពត នា​ឆ្នាំ​២០០៣ បាន​និយាយថា​៖ «វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន មាន​ប្រសិទ្ធភាព ៩៧ ភាគរយ​។ ​ការចាក់​វ៉ាក់សាំង​នេះ ពុំមាន​ផល​រំខាន​អ្វី​ធំដុំ​ទេ។ វា​អាច​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​កន្លែង​ចាក់​បន្តិចបន្តួច​ប៉ុណ្ណោះ​»។

លោក​បាន​បន្ដថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើ​អ្នក​នៅ​ក្មេង និងនៅ​លីវ មិនទាន់មាន​ការរួម​ភេទ អាយុ​ពី ៩ ទៅ ២៦ ឆ្នាំ ខណៈ​អាយុ​លើសពីនេះ មាន​ប្រសិទ្ធភាព​តិច​។​

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់ថា​៖ «​ទោះជា​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ក៏​ក្រោយពី​ការរួម​ភេទ​លើក​ទី​១ មួយឆ្នាំ ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់ស្បូនរ​ករោគ​មហារីក ១​ឆ្នាំ ១ ដង ជាប្រចាំ​រហូតដល់​អាយុ ​៧២ ​ឆ្នាំ​ទើប​ឈប់​។ បើ​ពិនិត្យឃើញ​មាន​កោសិកា​មិនធម្មតា​ជិត​វិវត្តន៍​ទៅជា​មហារីក យើង​ព្យាបាល​ស្កាត់​មុន ដូច្នេះ​ស្ត្រី​នឹងមិន​អាច​កើត​មហារីក​មាត់ស្បូន​ទេ»​។​

ទោះបី​ជាមាន​អត្ថប្រយោជន៍​ច្បាស់លាស់ ក៏ដូចជា​​ការគាំទ្រ​ពី​រដ្ឋាភិបាល និង​អន្តរជាតិ​ខ្លាំង​ក៏ដោយ ក៏​បញ្ហា​ប្រឈម​នៅ​តែ​មាន​ក្នុង​ការ​បញ្ជៀប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​។​

ការស្ទាក់ស្ទើរ​របស់អ្នកស្រី ​លី​ណា ​មិនមាន​អ្វី​​ប្លែក​នេះ​ទេ​។ វា​កើតចេញពី​ការខ្វះ​ការយល់ដឹង​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​វ៉ាក់សាំង​។​

ដើម្បី​ភ្ជាប់​គម្លាត​នេះ ​អង្គការ​យូ​នី​សេ​ហ្វ បាន​ប្រើ​​យុទ្ធនាការ​ឌីជីថល​ផ្សព្វផ្សាយ​​ដល់​មនុស្ស​ប្រមាណ ១,៥ លាន​នាក់ ​​​អំពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង HPV​។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក លោក ឱក វិជិត អនុប្រធាន​មជ្ឈមណ្ឌលជាតិ​គាំពារ​សុខភាព​មាតា​និង​ទារក និង​ជា​ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ដើម្បី​សុំការ​អត្ថាធិប្បាយ​បាន​ទេ។ លោក​បាន​លើក​ឡើង​ថា កំពុង​នៅ​ក្នុង​កិច្ចប្រជុំ ឬ​បំពេញ​បេសកកម្ម​នៅ​ពេល​ណា​ដែល​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម។

លោក Chatterjee បាន​និយាយថា៖ «​តាមរយៈ​ការចាក់​វ៉ាក់សាំង​ក្មេងស្រី​តាំងពី​តូច យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ដ៏​សាហាវ​នេះ​នៅពេល​ក្រោយ​ក្នុង​ជីវិត ដែល​វាជា​ការ​​កាត់បន្ថយ​បន្ទុក​នៃ​ជំងឺមិនឆ្លង​នៅក្នុង​ប្រទេស​​ផងដែរ​​។​ ​គោលដៅ​របស់​យើង​ក្នុងការ​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​គឺ​ដើម្បី​ការពារ​ជំងឺមហារីក​មាត់ស្បូន និង​ធានាបាន​នូវ​អនាគត​ដែលមាន​សុខភាព​ល្អ​សម្រាប់​ក្មេងស្រី»។​

លោក សុខា បាន​លើកឡើង​ថា ដំណាក់កាល​មហារីក​មាត់ស្បូន​ដំបូងៗ​មិនមាន​រោគសញ្ញា​អ្វី​​ឱ្យ​ដឹង​ទេ លុះវា​វិវត្តន៍​ធ្ងន់ធ្ងរ​បន្តិច​ទើប​មាន​សញ្ញា​ខ្លះ​ស្តែង​ចេញមក ដូចជា ធ្លាក់ឈាម​ក្រោយ​ការរួម​ភេទ ធ្លាក់​ទឹកថ្លា​ដូច​ទឹកភ្លៀង ឆ្អាបៗ ធ្លាក់ឈាម​ខ្លាំង និង ច្រើន ក្រៅ​ពេល​មាន​រដូវ ឈឺពោះ​ផ្នែក​ខាងក្រោម ចុក​ចង្កេះ​​។ 

លោក​បាន​បន្ថែម​ថា៖ «​បើ​មាន​រោគ​ស​ញ្ញ​ដូចខាងលើ ​សូម​ប្រញាប់​មកជួប​វេជ្ជបណ្ឌិត​ឯកទេស​មហារីក ឬមន្ទីរ​ពេទ្យ​ជាបន្ទាន់ ដើម្បី​រក​រោគវិនិច្ឆ័យ និងព្យាបាល​អោយទាន់​ពេលវេលា​»៕