ប្រជាលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​លើ​ស្ពាន​អាកាស​ថ្មី​តភ្ជាប់​មហាវិថី​ព្រះមុនីវង្ស​​និង​មហាវិថី​សម្ដេច​ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ​បង្ហាញ​ក្ដី​រីករាយ​ បន្ទាប់​ពី​ស្ពាន​អាកាស​ដែល​មាន​ប្រវែង​វែង​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជិត​ ១​ខែ​មក។

ស្ពាន​អាកាស​ផ្នែក​ទី១ ​នេះ​តភ្ជាប់​​ផ្លូវ៦០ម៉ែត្រ​ ឬ​មហាវិថី​សម្ដេច​ ហ៊ុន​សែន ​ជាមួយ​​មហាវិថី​ព្រះមុនី​វង្ស ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី១​ ខែ​មេសា ខណៈ​ដំណាក់​កាល​ទី២​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សាងសង់​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០២៥។

ស្ពាន​អាកាស​​នេះត្រូវ​បាន​លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន ម៉ាណែត​ ចារ​យល់​ព្រម​​តាម​សំណើ​របស់​អភិបាល​រាជធានី​ភ្នំពេញ​​ដាក់​ឈ្មោះ​ថា «ស្ពាន​អាកាស​មរតក​តេជោ»។

គម្រោង​ស្ពាន​អាកាស​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកាសរុប​​ជាង ៣៦​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន OCIC។ 

លោក អូន វិចិត្រ ពលរដ្ឋ​ម្នាក់​រស់​នៅ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ ដោយសារ​លោក​ត្រូវ​ដឹក​សាំង​មក​ឲ្យ​ម៉ូយ​របស់​លោក​នៅ​ផ្លូវ​ ៦០ម៉ែត្រ​ និង​តំបន់​​ជុំវិញ​នេះ។​

ប្រជា​ពលរដ្ឋ​​ធ្វើ​ដំណើរ​លើ​ស្ពាន​អាកាស​​ថ្មី​តភ្ជាប់​មហាវិថី​ព្រះមុនីវង្ស​​និង​មហាវិថី​សម្ដេច​ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែល​មាន​ដាំផ្កា​លម្អ។ នៀម ឆេង

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ផ្លូវ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ងាយ​ស្រួល​ធ្វើ​ដំណើរ ព្រោះ​វា​អត់មាន​ការ​​កក​ស្ទះ​ចរាចរណ៍​ដូច​មុនទៀត​​ទេ។ ខ្ញុំ​ដឹក​សាំង​តាម​ផ្លូវ​នេះ​រាល់​ថ្ងៃ​​យក​មក​ម៉ូយ​នៅ​ផ្លូវ​នេះ (៦០ម៉ែត្រ) និង​​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ»។ 

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សោម មុត មក​ពីសង្កាត់​បឹង​ទំពុន១ ខណ្ឌ​មានជ័យ​ក៏​បង្ហាញ​ក្ដីរីករាយ​ផងដែរ​ចំពោះ​ការ​បើក​ដំណើរ​ការ​ស្ពាន​អាកាស​នេះ។​

លោក​និយាយ​ថា៖ «ខ្ញុំ​ទើបតែ​បាន​ជិះ​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ សរុប​ទៅ​ប្រហែល​៥​ដង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រឡះ​ស្រួល​ជិះ។ ពីមុន​ពេល​អត់​ទាន់​សង់​​រួច​ យើង​ជិះ​ខាង​ក្រោម​ស្ពាន ហើយ​ស្ទះ​ខ្លាំង​ ឥឡូវ​ស្រួល​ជិះ។ អរគុណ​ណាស់​ដែល​សម្ដេច​បាន​ធ្វើ​ស្ពាន​នេះ​ឲ្យ​ពលរដ្ឋ​បាន​ជិះ​ស្រួល»។

ប្រជា​ពលរដ្ឋ​​ធ្វើ​ដំណើរ​លើ​ស្ពាន​អាកាស​​ថ្មី​តភ្ជាប់​មហាវិថី​ព្រះមុនីវង្ស​​និង​មហាវិថី​សម្ដេច​ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែល​មាន​ដាំផ្កា​លម្អ។ នៀម ឆេង

ក្រៅ​តែពី​ជា​ស្ពានអាកាស​​ដែល​មាន​ប្រវែង​វែង​ជាង​គេ​ក្នុង​ចំណោម​ស្ពាន​អាកាស​នានា​នៅ​ភ្នំពេញ ស្ពានអាកាស​នេះ​ក៏​មាន​ដាំផ្កា​លម្អ​នៅ​លើ​បង្កាន់​ដៃ​ស្ពាន​ទាំង​សងខាង​នៅ​ចំណុច​ខ្ពស់​ជាង​គេ​ផងដែរ៕