ភ្នំពេញ៖ ខណៈ​ស្តុកឈាម​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស​មានតិច​នៅ​ក្នុង​ស្ដុក រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ ស្នើ​ឱ្យ​មាន​ការ​ចូលរួម​ស្ម័គ្រចិត្ដ​បរិច្ចាគ​ឈាម​បន្ថែម​ពី​ប្រជាពលរដ្ឋ​ ស្ថាប័ន និង​ក្រុមហ៊ុន​ដើម្បី​បង្កើន​បរិមាណ​ឈាមដែល​មាន​នៅ​ក្នុង​ស្ដុក។

ថ្លែង​ក្នុង​​ពិធី​បរិច្ចាគ​ឈាម លើក​ទី​១០ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​ប្រធានបទ «​រួមគ្នា​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត» កាលពី​ថ្ងៃទី ២៥ ខែ​មេសា ​លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា លោក​​បានស្នើ​ឱ្យមាន​ចូលរួម​ចំណែក​ក្នុងការ​បរិច្ចាគ​ឈាម និង​បង្កើត​ជា​ទម្លាប់​​យូរអង្វែង ​ឲ្យបាន​ផុលផុស​បន្ថែមទៀត ក្រោម​ស្មារតី​ មួយ​ប្លោក គឺ​មានន័យ​ស្មើ​នឹង​សង្គ្រោះ​អាយុ​ជីវិត​បាន​មួយ​នាក់។

លោក​បានថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «នៅបរទេស​ គ្មាន​គោល​នយោបាយ​ស្ដុក​ឈាម​នោះទេ ដោយសារ​គេមាន​ស្តុក​ពេញ។ ប៉ុន្ដែ​នៅកម្ពុជា ស្ដុក​ឈាម​នៅ​មាន​កម្រិត​ ត្រឹម​តែ ២០ ភាគរយ​ប៉ុណ្ណោះ»។

លោក​បាន​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​ស្ដុកឈាម​ថា វា​អាច​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម​ភ្លាមៗ ដែល​មិន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជួប​ការ​លំបាក ដោយ​ត្រូវ​មើលថែអ្នកជំងឺផង និង​រត់​ទៅផ្ដល់​ឈាមផង។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «យើង​មាន​គោលដៅ​ឱ្យ​មាន​អត្រានៃការផ្ដល់​ឈាម​ស្ម័គ្រ​ចិត្ដ​នេះ កើន​ឡើងពី ២០ ភាគរយ​ទៅ​ ៣០, ៤០ និង​អាច ៥០ ភាគរយ​ ហើយ​បន្ដបន្ទាប់ យើង​នឹង​បង្កើន​ស្ដុក​ឱ្យ​មាន​ប្រហាក់ប្រហែល​ប្រទេស​ជឿនលឿន»​។ 

លោក​​បញ្ជាក់​ថា៖ «បុរស​អាច​ផ្ដល់​ឈាម​បាន​មួយ​ឆ្នាំ ៤ ដង ហើយ​ឈាម​នេះ​កើត​ឡើង​វិញ​ទេពីប្រព័ន្ធ​ខួរ​ឆ្អឹង​របស់​យើង​។ ចំណែក​ឯ ស្ដ្រី​អាចផ្ដល់​ឈាម​បាន​ ៣ ដង​ក្នុង​មួយ​ឆ្នាំ ចន្លោះ ៤ ខែ​ម្ដង»។ 

យោងតាម​លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម (NBTC) បាន​ឱ្យដឹងថា រៀង​រាល់ ៥ នាទី​ម្ដង មន្ទីរពេទ្យ​ត្រូវការ​ឈាមមួយ​ប្លោក​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ដោយ​តម្រូវការ​ឈាម​ប្រចាំថ្ងៃ​សរុប​មាន​ចន្លោះពី ៣០០ ទៅ ៣៥០ ប្លោក​សម្រាប់​តែ​រាជធានី​ភ្នំពេញ ខណៈ​តម្រូវការ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ១០ ម៉ឺន​ប្លោក​ ក្នុង​មួយ​ឆ្នាំ ដែល​កើនឡើងពី​ឆ្នាំ​២០២២ ប្រមាណ ៣០ ភាគរយ​។ 

លោក ប៉ូ បាន​កត់​សម្គាល់​ថា ជា​ទូទៅ​អ្នក​ជំងឺ​ត្រូវ​ការ​ប្រើប្រាស់​ឈាម​ច្រើន គឺ​​​ស្ដ្រី​ដែល​​សម្រាល​កូន​​តែងតែ​ធ្លាក់​ឈាម​ច្រើន​ ពួក​គាត់​ត្រូវ​ការ​បញ្ចូល​ឈាម​វិញ​។ ចំណុច​ទី២ ​គឺ​ការ​វះកាត់​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​នានា​ក្នុង​រាជធានី​ក៏​ប្រើ​ច្រើន​ដែរ​។

ការ​បរិច្ចាគឈាម​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ក្រុម​ស្ម័គ្រចិត្ដ​មក​ពី​សហគ្រាស​ផ្សេងៗ​ ដែល​បាន​ចូលរួម​ចំណែក​​យ៉ាង​ចម្បង​ សម្រាប់​ការ​ទ្រទ្រង់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។

លោក​ប៉ូ ទទួល​ស្គាល់​ថា ​​ពលរដ្ឋ​​ទូទៅ​មិន​ទាន់​បាន​យល់​ទូលំទូលាយ​ និង​ចូលរួម​កិច្ច​បរិច្ចាគ​ឈាម​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ ​លោក​​ជឿ​ថា វា​អាច​មក​ពី​ការ​បារម្ភ​ច្រើន ​ពី​ព្រោះ​ប្រជាជន​​​ខ្មែរ​​​មាន​ឆន្ទៈ​ជួយ​គ្នា​។ ប៉ុន្ដែ​ដោយសារ​​ពួក​គេ​​បារម្ភ​ថា ការ​បរិច្ចាគ​ឈាម​អាច​នាំ​ឱ្យ​ខូច​សុខភាព។

លោក​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា​៖ «ការ​ពិត​ ការ​បរិច្ចាគ​ឈាម​នេះ មិន​ត្រឹមតែ​ជួយ​អ្នក​ជំងឺ​សម្រាក​នៅ​តាម​មន្ទីរពេទ្យ​នោះ​ទេ ប៉ុន្ដែ​អ្នក​បរិច្ចាគ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ ដូចជា​ ​​កាត់​បន្ថយ​នូវ​កំហាប់​ឈាម​ពី​ក្នុង​ខ្លួន​ ជាពិសេស​អាច​កាត់​បន្ថយ​លើស​​ជាតិ​ដែក​ សម្រួល​រំហូរ​ឈាម​នៅ​ក្នុង​ខ្លួន កាត់​បន្ថយ​ជំងឺ​បេះដូង ជា​ពិសេស​ជំងឺ​ Stroke ហើយ​កាត់​បន្ថយ​ជំងឺ​មហារីក និង​ការ​ឡើង​ទម្ងន់​ផង​ដែរ​»៕