ប្រធាន​ព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ច្បាស់ៗ​ថា កម្ពុជា​នឹង​មិន​ដកថយ​ហើយ​ក៏​មិន​ចរចា​ជាមួយ​ភាគី​ណា​ទាំង​អស់​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក ជីកហ្វូណន​តេជោ ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​អត់​ថយក្រោយ​ទេ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ថា គ្មាន​ត្រូវការ​ចរចា​អី​ទៀតទេ និយាយ​គ្នា​ត្រង់ៗ។ កុំហៅ​កម្ពុជា​ទៅ​ចរចា»។

លោក​លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​គ្រួសារ​ឧកញ៉ា នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ខែមេសា ដោយ​បញ្ជាក់ថា កម្ពុជា​ត្រូវ​ការ​តែ​ការគាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​សម្រាប់​គម្រោង​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវ​ការ​ការ​យល់​ពី​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ចលនា​ជាតិ​ដើម្បី​គាំទ្រ​ការ​សម្រេច​បាន​​នូវ​ព្រែក​ជីក​ហ្វូណន​តេជោ​របស់​យើង»។

ការ​សម្រេច​លើ​គម្រោង​ព្រែកជីក​នេះ​ផ្អែក​ទៅលើ​កិច្ចព្រម​ព្រៀង​មេគង្គ​ ១៩៩៥ ដែល​តម្រូវ​ឲ្យ​ភាគី​ហត្ថលេខី​ជូន​ដំណឹង​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ​មុន​ពេល​ចាប់​ផ្ដើម​គម្រោង​ណាមួយ​ដោយ​មិន​ចាំបាច់​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ឬ​ការ​យល់​ព្រម​ពី​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត ប្រសិនបើ​គម្រោង​នោះ​ប្រើប្រាស់​ដៃ​ទន្លេង​មេគង្គ។ នេះ​បើតាម​ការ​ពន្យល់​របស់​លោក​ ហ៊ុន សែន។

លោក​ថា៖ «ឥឡូវ​ខ្ញុំ​សូម​ពន្យល់ យើង​អត់​ទាំង​បាន​ប្រើប្រាស់​ដៃ​ទន្លេ​មេគង្គ​ផង។ យើង​ប្រើប្រាស់​ដៃ​នៃ​ដៃ​ទន្លេ​មេគង្គ។ ទន្លេ​បាសាក់​ជា​ដៃ​ទន្លេមេគង្គ ដូច្នេះ​ពេល​យើង​ជីក យើង​ជីក​លើ​ដៃ​ទន្លេ​មេគង្គ។ ក្នុង​ន័យនេះ ​យើង​មិន​ចាំបាច់​ពិគ្រោះ​យោបល់​ទេ​បើគ្រាន់​តែប្រើ​ដៃ​ទន្លេមេគង្គ»។

បើតាម​លោក ហ៊ុន សែន​ កម្ពជា​បាន​ជូន​ដំណឹង​នេះ​ទៅ​គណៈកម្មការ​ទន្លេ​​មេគង្គ​រួច​ហើយ​តាំង​ពីខែ​៨​ឆ្នាំ​មុន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ឥឡូវ​កិច្ច​ព្រមព្រៀង​ទន្លេមេគង្គ​នេះ​នៅ​មានសុពលភាព​ឬ​អត់? បើ​វា​នៅ​មាន​សុពលភាព មិន​ចាំបាច់​ខ្វល់​ទៅ​ចរចា​អ្វី​ទាំង​អស់ ចង់ដឹង​ទៅ​មើល​ឯកសារ​នៅ​ឯ​គណៈកម្មការ​ទន្លេមេគង្គ ហើយ​បើ​ខ្វះ​ខាត​ឯកសារ​អី​យើង​អាច​ផ្ញើជូន​ឯកសារ​បន្ថែម​ ប៉ុន្តែ​គ្មាន​តម្រូវការ​អនុម័ត​ដោយ​ឯកច្ឆន្ទ​ថា​ឲ្យ​ធ្វើ​ឬ​មិន​ឲ្យ​ធ្វើ​នោះ​ទេ»។

លោក​ស្នើ​​ឲ្យ​ប្រទេស​មួយ​ចំនួន​កុំ​ឲ្យ​យក​បញ្ហា​ព្រែកជីក​ហ្វូណនតេជោ​នេះ​ធ្វើ​ជា​លេស​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា។ 

ពាក់​ព័ន្ធ​នឹង​ផលប្រយោជន៍​ពី​ព្រែកជីក​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា វានឹង​បង្ក​ការ​ងាយ​ស្រួប​សម្រាប់​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ដែល​តភ្ជាប់​ទៅ​សមុទ្រ​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ប្រទេស​ផ្សេង។ វា​នឹង​ធ្វើ​សេដ្ឋកិច្ច​នៅ​ទិស​និរតី​ និង​នៅ​ទូទាំង​ប្រទេស​មាន​ការ​រីក​ចម្រើន ព្រោះ​វា​តភ្ជាប់​លំហូរ​កសិកផល​ពីខេត្ត​នានា​នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​បឹង​ទន្លេសាប​ឆ្លងកាត់​ព្រែកជីក​នេះ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ។ វា​ក៏​នឹង​បញ្ចៀស​ការ​បង់​ថ្លៃ​នៅ​ពេល​ដឹក​ទំនិញ​ទៅវៀណាម​ផងដែរ។

ផល​ប្រយោជន៍​ផ្សេង​ទៀត​ពី​ព្រែកជីក​នេះ​រួម​មាន​​ការ​បង្កើត​ប្រព័ន្ធ​ស្រោចស្រព​សម្រាប់​ខេត្ត​នៅ​ទិសនិរតី ជាពិសេស​នៅ​ពេល​ខ្វះ​ទឹកភ្លៀង ដូចជា​ខេត្ត​កណ្ដាល កំពត កំពង់​ស្ពឺ និង​កែប​ជាដើម បូករួម​ទាំង​ផល​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​វារីវប្បកម្ម។ ព្រែកជីក​នេះ​ក៏​នឹង​រំដោះ​ទឹក​ជំនន់​នា​រដូវ​វស្សា​ផងដែរ។

ចំពោះ​ផល​ប៉ះពាល់​សម្រាប់​ពលរដ្ឋ​នៅ​លើ​គន្លង​ព្រែក​នេះ លោក​ថា​វា​មិន​មាន​ផល​ប៉ះពាល់​ធំដុំ​ទេ​ព្រោះ​ភាគច្រើន​នៃ​គន្លង​នេះ​គឺ​ជា​គន្លង​ព្រែកចាស់ រីឯ​ផល​ប៉ះពាល់​ទៅ​ខាង​វៀតណាម​​ក៏​មិន​មាន​ដែរ។

លោក​ពន្យល់​ទៅ​​ក្រុមអ្នក​ស្រាវជ្រាវ​វៀតណាម​នៅ​សាកលវិទ្យាល័យ​ Can Tho ក្នុង​ប្រទេស​វៀតណាម​ដែល​អះអាង​ថា ព្រែកជីក​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ទន្លេមេគង្គ​​ដែល​ហូរ​ចូល​ទៅ​វៀតណាម​​រហូត​ដល់​ ៧០ភាគរយ។

លោក​ថ្លែង​ថា៖ «ពេលយើង​ជីកព្រែក​នេះ គ្រាន់តែ​ទឹកភ្លៀងវា​គ្រប់គ្រាន់​ហើយ។ យើង​មាន​ទ្វារទឹក​រហូត​ដល់​ទៅ​៣ ដែល​ធានា​ថា​មិន​ឲ្យ​ទឹក​សាប​ចូល​ទៅ​សមុទ្រ​និង​មិន​ឲ្យ​ទឹក​សមុទ្រ​ចូល​តាម​ព្រែក​ជីក​នេះ។ ដូច្នេះ​ព្រែកជីកនេះ​មិន​ធ្វើ​ឲ្យ​បាត់​ទឹក​ទៅ​ណា​ទេ»។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ព្រែកជីក​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដោយ​កង​ទ័ព​ចិន​ លោក​ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិន​ល្ងង់​រហូត​ដល់​យកកង​ទ័ព​ចិន​មក​ដាក់​លើទឹក​ដី​របស់​ខ្លួន​ដែល​ផ្ទុយទៅ​នឹង​រដ្ឋធម្មនុញ​របស់​ខ្លួន​នោះ​ទេ។ លោក​ថា​ចិនក៏​មិន​ល្ងង់​យក​កងទ័ព​មកដាក់​ចោល​ក្នុង​ស្រុកខ្មែរ​ដែល​ផ្ទុយ​នឹងគោលការណ៍​នៃ​ការគោរព​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ដែរ។

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «ដូច្នេះ​ កុំ​ជ្រុល​និយម​ប្រមាថ​មាក់ងាយ​ចំពោះ​កម្ពុជា។ មិន​ថា​ប្រទេស​ណា​ទេ​មិន​អាច​ឈរ​ជើង​លើ​ស្រុកខ្មែរ​ទេ លើកលែង​តែ​អនុព័ន្ធ​យោធា»។

លោក​ក៏​បាន​ទម្លាយ​អំពី​អ្វីដែល​លោក​ព្យាយាម​មិន​និយាយ​ពាក់​ព័ន្ធ​ទៅ​នឹង​ជំនន់​ដើម​រដូវ​វស្សា​នៅ​ក្នុង​ខេត្ត​កណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ និង​កំពត ដែល​បណ្ដាល​មក​ពី​ការ​បិទ​ទ្វារទឹក​នៅ​វៀតណាម​ដើម្បី​ឲ្យ​ប្រជាកសិករ​វៀតណាម​ប្រមូល​ផល​ដំណាំ​រួចសិន។

លោក​ថា៖ «ខ្ញុំ​មិនដែន​និយាយ​រឿង​នេះទេ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​បង្ខំចិត្ត​ត្រូវ​តែ​និយាយ។ កុំ​ឲ្យ​អ្នកឯង​គិតតែ​ផល​ប្រយោជន៍​អ្នក​ឯង ហើយ​មក​វាយ​ប្រហារ​ខ្ញុំ​ទាំង​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​អីផង»។

លោក​ក៏​បាន​ព្រមានដែរ​ថា ប្រសិនបើ​វៀតណាម​មិន​សប្បាយ​ចិត្ត​នឹង​គម្រោង​ព្រែកជីក​នេះ​ទេ ទំនិញ​កម្ពុជា​ទាំង​អស់​ដែល​ដឹកចេញ​តាម​ទន្លេ​មេគង្គ​ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

នៅ​ចុង​បញ្ចប់​លោក ថ្លែង​ទៅកាន់​ប្រជាជន​កម្ពុជា​ដូច្នេះ​ថា៖ «ខ្ញុំ​អំពាវនាវ​ជនរួមជាតិ​កម្ពុជា​គាំទ្រគ្រោង​ព្រែកជីក​ហ្វូណន​តេជោ»៕