ភ្នំពេញ៖ ខណៈសីតុណ្ហភាពបានកើនឡើងលើស ៤០ អង្សាសេ តាមការប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំក្រើនរំឭកថា អាកាសធាតុក្ដៅខ្លាំងប៉ះពាល់មនុស្សគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធការពាររាង្គកាយខ្សោយ។
សេចក្តីណែនាំក្រើនរំឭក ដែលចេញផ្សាយ កាលពីថ្ងៃទី ២៨ មេសា បានបន្តថា អាកាសធាតុក្ដៅប៉ះពាល់ដល់អ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជា ការខ្សោះជាតិទឹក ជំងឺបេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
ជាមួយក្ដីបារម្ភចំពោះរលកកម្ដៅ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា នៅតាមសាលារៀនមួយចំនួន ដែលមានសមត្ថភាពលៃលកថវិកា បានបំពេញប្រព័ន្ធស្រោចស្រពនៅតាមទីធា្លសាលារៀនរបស់ពួកគេដើម្បីកាត់បន្ថយកម្ដៅមួយផ្នែក។
លោកបាននិយាយអំឡុងពេលប្រជុំលើកករណីបញ្ហាប្រឈមនៃរលកកម្ដៅចំពោះកុមារទៅកាន់ក្រសួងថា៖ «ការបំពាក់ប្រព័ន្ធស្រោចស្រប់ វាត្រូវការថវិកា ដែលសាលាជាច្រើនទៀតនៅមិនទាន់មានលទ្ធភាព ហើយការស្រោចទឹកក្នុងបរិវេណសាលារៀនដ៏ធំនេះ ត្រូវតែធ្វើឡើងដោយជោគជាំ បើស្រោចតិចៗ វាកាន់តែធ្វើឱ្យកើនកម្ដៅ»។
លោកបានឱ្យដឹងថា ក្រុមការងាររបស់មន្ទីរនឹងចុះទៅកាន់សាលារៀននានា ជាពិសេសនៅតាមជាយក្រុងដែលមានសិស្សានុសិស្សតូចៗមួយថ្នាក់លើស ៦០នាក់ អំឡុងពេលវេនសិក្សាថ្ងៃ ដើម្បីមើលឃើញពីស្ថានភាពផ្ទាល់ និងរាយការណ៍ទៅកាន់ក្រសួង ដើម្បីឱ្យក្រសួងជួយពិចារណារកដំណោះស្រាយ។
ចំពោះការស្នើសុំបំពាក់កង្ហារនៅតាមបន្ទប់រៀនមួយបានគ្រប់គ្រាន់ ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ស៊ីណារ៉េត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមិនចង់ឱ្យមានការរៃអង្គារប្រាក់សិស្សានុសិស្សបំពាក់កង្ហារនៅតាមថ្នាក់រៀន ពីព្រោះបើនាយកសាលា និងគ្រូបន្ទុកថ្នាក់មិនបានជូនដំណឹងដល់អាណាព្យាបាលសិស្សឱ្យបានត្រឹមត្រូវ វាអាចបង្កជាការយល់ច្រឡំផ្សេងៗ»។
យ៉ាងណាមិញ លោកលើកទឹកចិត្ដឱ្យសាលារៀននីមួយៗមានវិធានការជាក់ស្ដែងក្នុងការជួយកាត់បន្ថយកម្ដៅនៅតាមទីធ្លាសាលារៀន និងបង្កលក្ខណៈងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស ដោយរំពឹងថា ក្រសួងនឹងមានវិធានការ ខណៈរលកកម្ដៅអាចអូសបន្លាយពេលដល់បំណាច់ខែឧសភាខាងមុខ។
ក្រសួងសុខាភិបាលណែនាំការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបានសមស្រប មានសុវត្ថិភាព និងរក្សាសុខភាព ដោយលើកឡើងពីសារសំខាន់នៃការទទួលទានទឹកស្អាតដើម្បីទ្រទ្រង់សារពាង្គកាយមនុស្ស។
យោងតាមសេចក្ដីណែនាំក្រើនរំឭក បានបង្ហាញថា៖ «ផ្ទុយទៅវិញ ការប្រើប្រាស់ទឹកមិនស្អាតអាចបណ្តាលឱ្យមានជំងឺ ដូចជា រាករូស រាកមូល អាសន្នរោគ និងគ្រុនពោះវៀន ជាដើម។ វាក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ដោយសារមេរោគនៅក្នុងទឹក (វីរុស បាក់តេរី ដង្កូវព្រូន) និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់»។
ក្រសួងសុខាភិបាលណែនាំឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ២គ្រាប់ អាចលាយទឹក ២០លីត្រ) ជាពិសេស ចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក និងថាមពលអគ្គិសនី។
ក្រសួងសុខាភិបាលស្នើឱ្យរក្សាអនាម័យខ្លួនប្រាណ ទុកដាក់ម្ហូបអាហារមានគម្របត្រឹមត្រូវ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញាំអាហារ និងក្រោយចេញពីបង្គន់ ចៀសវាងការពិសារជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករ អំបិលច្រើនដែលនាំឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅព្រះអាទិត្យ ដូចជា សម្លៀក បំពាក់ស្រាល រលង់ ពណ៌មិនជិតពេក និងពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។
ចៀសវាងការស្លៀកពាក់ក្រាសៗពេកឱ្យទារក ឬកុមារតូច ឬរំពួកគេក្នុងភួយដែលធ្វើឱ្យកម្ដៅពួកគេកើនឡើងបន្ថែមទៀត ហើយចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារ កម្ដៅព្រះអាទិត្យ។
ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង ហើយសមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់អាយុ ៦០ឆ្នាំឡើង ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារក្រោមអាយុ ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ ព្រោះពួកគេត្រូវការជំនួយ។
ក្រសួងបានបង្ហាញពីរោគសញ្ញាមួយចំនួនថា ចំពោះអ្នកមានអការវិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមួលក្រពើ) ដែលទាំងនេះជាសញ្ញាដំបូងនៃផលប៉ះពាល់ពីកម្ដៅ ត្រូវផ្លាស់ប្តូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ កុំហើយបន្តសកម្មភាព ព្រោះអាចមាន ហានិភ័យខ្ពស់។ ត្រូវចៀសវាងការចោមរោមជុំជិតអ្នកជំងឺដែលមានបញ្ហាសុខភាព ហើយសូម ស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្ដីណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ អំឡុងពេលអាកាសធាតុក្តៅ ដោយត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។
សេចក្ដីប្រកាសរបស់ក្រសួង បានឱ្យដឹងថា ម្ចាស់ ឬនាយករោងចក្រទាំងអស់ ត្រូវបាញ់ទឹកនៅលើដបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។
រោងចក្រទាំងអស់ក៏ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ និងត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ។
ការព្យាករណ៍អាកាសធាតុរយៈពេលបីថ្ងៃចុងក្រោយ យោងតាមនាយកដ្ឋានឧតុនិយម បានបង្ហាញឱ្យឃើញនូវលំនាំនៃសីតុណ្ហភាពខ្ពស់នៅទូទាំងប្រទេស។
នៅថ្ងៃទី ២៩ ខែមេសា តំបន់ភាគច្រើនមានសីតុណ្ហភាពល្អដល់ ៤០ អង្សារសេ ដោយផ្ទៃមេឃមានពន្លឺថ្ងៃខ្លាំង បើទោះជាតំបន់ខ្លះឃើញមានពពកច្រើន។
ថ្ងៃទី ៣០ ខែមេសា មានការប្រែប្រួលតិចតួច ដោយសីតុណ្ហភាពខ្ពស់នៅតែបន្តកើតមាន និងមានផ្ទៃមេឃច្បាស់ដូចគ្នានៅទូទាំងតំបន់ភាគច្រើន។
នៅថ្ងៃទី ១ ខែឧសភា កំដៅនៅតែបន្តក្ដៅ ដោយមានពពកខ្លះចាប់ផ្តើមលេចឡើង ដែលបង្ហាញពីឱកាសនៃភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់មួយចំនួន។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕