មេដឹកនាំ​ប្រទេស​​កម្ពុជា​និង​អ្នក​ប្រវត្តិសាស្ត្រ​និយាយ​ថា ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ​បង្ហាញ​ស្មារតី​ជាតិ​និយម​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ទាំង​មូល មិន​ថា​អ្នក​មាន​និន្នាការ​គាំទ្រ​​ក្រុម​ប្រឆាំង ឬ​គាំទ្រ​រដ្ឋាភិបាល។

លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រដូច​ «ព្រែកជីក​ហ្វូណន​តេជោ» ​ទៅ​​នឹង​ព្រែកជីក​ជាតិ​និយម​ ដោយ​លោក​ថា សូម្បីតែ​អ្នកដែល​មាន​និន្នាការ​ប្រឆាំង​ក៏​ងាក​មក​បង្ហាញ​ការគាំទ្រ​គម្រោង​នេះ​ដែរ។ ប៉ុន្តែ​លោក​ថា មាន​តែ​អ្នក​នយោបាយ​ចាស់​វស្សា លោក សម រង្ស៊ី ទេ​ដែល​ប្រឆាំងនឹង​គម្រោង​នេះ។​

ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០២៤ ដែល​រៀបចំឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា៖ «សូម្បី​អ្នក​មាន​និន្នាការ​ប្រឆាំង វាយប្រហារ​ខ្ញុំ​មួយ​ចំនួន​ក៏​គាំទ្រ​គម្រោង​នេះ បាន​ន័យ​ថា​គេ​យល់ពី​ផល​​ប្រយោជន៍​ជាតិ។ យើង​ត្រូវ​គិត​ថា អ្វីដែល​បាន​គឺ​បាន​ទាំង​អស់​គ្នា។ កុំខ្លាច​ថា​អ្នក​ណា​ធ្វើ កុំខ្លាច​ថា​សម្ដេច​តេជោ ឬ​ខ្ញុំ​​ឬ​រដ្ឋាភិបាល​បាន​ក្រេឌិត (បាន​ឈ្មោះ)។ យើង​ត្រូវ​គិត​ថា គម្រោង​នេះ​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ តកូន​តចៅ​ទៅ​មុខ»។​

លោក​ ហ៊ុន ម៉ាណែត បង្ហាញ​ការ​រីករាយ​នៅ​ពេល​ដែល​ពលរដ្ឋ​គ្រប់​និន្នាការ​បង្ហាញ​ស្មារតី​​រួម​គ្នា​កសាង​សមិទ្ធិផល​ថ្មី​សម្រាប់​មនុស្ស​ជំនាក់​ក្រោយ។​

លោក​បញ្ជាក់​ថា៖ «កម្លាំង​ដ៏​មហិមា​នេះ​ហើយ​គឺ​ជា​កម្លាំង​ជាតិ​និយម​ធំ​ណាស់។ កម្លាំង​ជាតិ​និយម​ដែល​រួម​គ្នា​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ឯករាជ្យ​ជាតិ និង​ភាព​ម្ចាស់​ការ​របស់​យើង​តកូន​តចៅ​រាប់​ឆ្នាំ គឺ​​ជា​កម្លាំង​ធំរូច​ណាស់​ទៅ​ហើយ»។

លោក​ក៏បាន​ប្រាប់​ទៅ​សារធាណជន​ផងដែរ​ថា រដ្ឋភិបាល​នឹង​មិន​បង្កើត​មូលនិធិ​រៃ​អង្គាស​ថវិកា​សម្រាប់​គម្រោង​នេះ​ទេ ហើយ​លោក​ក៏​ហាម​មិន​ឲ្យ​មាន​ការ​បង្កើត​គម្រោង​បែប​នេះ​ពី​សំណាក់​បុគ្គល​ណា​មួយ​ដែរ ព្រោះ​ជន​ឆ្លៀត​ឱកាស​អាច​យក​បញ្ហា​នេះ​ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក។

បើតាម​លោក​នាយក​រដ្ឋ​មន្ត្រី កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ត្រូវ​​បាន​ធ្វើ​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន​នៅ​ប្រទេស​ចិន​ ហើយ​ប្រហែល​ជា​នៅ​ខែ​​សីហា​​ខាង​មុខ​នេះ ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឈាន​ទៅ​ដល់​ការ​​ចាប់​ផ្ដើម​សាងសង់​ព្រែកជីក​នេះ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០២៥។

ព្រែកជីក​ដែល​មាន​ប្រវែង​ ១៨០​គីឡូម៉ែត្រ​នេះ គ្រោង​នឹង​ត្រូវ​ចំណាយ​ថវិកា​ ១,៧ ពាន់​លាន​ដុល្លារ។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ទោះ​បី​ជា​គម្រោង​នេះ​ក្នុង​ករណី​ណា​មួយ​មិន​អាច​បញ្ចប់​បាន​តាម​រយៈ​ការ​វិនិយោគ​ពី​បរទេស​ ក៏​រដ្ឋាភិបាល​​នឹង​ត្រូវ​ចេញ​ឲ្យ​បាន​។

លោក​បញ្ជាក់​ថា៖ «វា​មិន​មែន​ជា​ផល​ប្រយោជន៍​សម្រាប់​ត្រកូល​ហ៊ុន​ទេ ប៉ុន្តែ​ត្រកូល​ហ៊ុន​គ្រាន់​តែ​ជា​អ្នក​បាន​ចូលរួមក្នុង​ការ​ផ្ដួច​ផ្ដើម​និង​ធ្វើ​ការ​ងារ​នេះ។ សម្ដេចតេជោ​បាន​ផ្ដួច​ផ្ដើម​នូវ​គំនិត​នេះ ឥឡូវ​ខ្ញុំ​នឹង​បន្ត​ដើម្បី​ឲ្យ​គម្រោង​នេះ​ចេញ​ជា​រូប​រាង​ជូន​ប្រជាពលរដ្ឋ​យើង»។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ចោទសួរ​ទៅ​ប្រទេស​មួយចំនួន​ដែល​វិភាគ​រិះ​គន់​​ទៅ​លើ​​ការ​អះអាង​ថា​មាន​​ផល​ប៉ះ​ពាល់​​ផ្នែក​បរិស្ថាន​ និង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ។​ មួយ​វិញ​ទៀត​លោក​ថា ក្នុងករណី​ព្រែកជីក​នេះ​ក្លាយ​ជា​បណ្ដា​សារ គឺ​លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​រូប​លោក​ផ្ទាល់​នឹង​ត្រូវ​ជាប់​ឈ្មោះ​ជាអ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​គម្រោង​ជា​ប្រវត្តិសាស្ត្រ​នេះ។​

លោកនិយាយ​​ថា៖ «ខ្ញុំចេះតែ​ឆ្ងល់​ កម្ពុជា​ហេតុ​អ្វីបាន​ជា​​ប្រទេស​ពិសេស​ម្លេះ? ​ប្រទេស​ផ្សេង​នៅ​តាម​ដង​ទន្លេ​មេគង្គ​គេ​ធ្វើ​ប្រឡាយ គេធ្វើ​ទំនប់ គេធ្វើ​វារី​អគ្គិសនី​ គ្មាន​ពីណា​ចាប់​អារម្មណ៍​ខ្លាំង។ ស្រាប់តែ​កម្ពុជា​គ្រាន់តែ​ធ្វើ​ព្រែក​មួយ​នៅដៃ​ទន្លេ​ក៏​គេ​សួរ​ ហើយ​គេ​ចង់​ហៅ​ទៅសួរ​ចម្លើយ។ កាសែត​មួយៗ​ថា ​កម្ពុជា​ត្រូវ​តែ​ឆ្លើយ​អ្នក​នេះ ឆ្លើយ​អ្នក​នោះ។ អត់​ទេ សិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា​។ ដើម្បី​ផល​ប្រយោជន៍​របស់​កម្ពុជា យើង​ត្រូវ​តែ​ធ្វើ»។

ពាក់​ព័ន្ធ​នឹង​កង្វល់​ដែល​ធ្វើ​ឲ្យ​បាត់​ទឹក​ទន្លេ​មេគង្គ​ហូរ​ទៅ​ប្រទេស​វៀតណាម លោក​និយាយ​ថា ទឹក​ប្រមាណ​តែ ០,០៦ ភាគរយ​ប៉ុណ្ណោះ​ពី​​ទន្លេ​មេគង្គ​នឹង​ត្រូវ​ហូរចូល​ក្នុង​ព្រែក​នេះ។​

លោក ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ចលនាជាតិ​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​គឺជា​​ការ​បិទ​បញ្ចប់​នយោបាយ​ជ្រុល​និយម​នៅ​កម្ពុជា។ 

លោក​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៩ ខែមសា​នេះ​ថា៖ «សរុបមកវិញ ចលនាជាតិ​ដ៏​ធំ​ធេង​ដើម្បី​គាំទ្រ​ព្រែក​ជីក​ហ្វូណន​តេជោ​ ដែល​កើត​ឡើង​ពេល​នេះ​កំពុង​បង្ហាញ​ពី​ការ​រួប​រួម​របស់​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ជាមួយ​រាជ​រដ្ឋាភិបាល​ដើម្បី​សម្រេច​សមិទ្ធ​ផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ប្រយោជន៍​ជាតិ​ដ៏​យូរ​អង្វែង»។

លោក​បន្ត​ថា៖ «ចលនាជាតិ​នេះ​កំពុង​ដាក់​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ជ្រុល​និយម​ក្នុង​សភាព​ឯកោ​កាន់​តែ​ខ្លាំង​លើស​ពេល​ណាៗ​ទាំង​អស់។ នេះ​ជាសញ្ញា​បញ្ជាក់​ប្រាប់​ថា ​មនោគមន៍​វិជ្ជា​នយោបាយ​ជ្រុល​និយម​នៅ​កម្ពុជា​បាន​មក​ដល់​ទី​បញ្ចប់​ហើយ»។

លោក ដៀប សុផល សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​លើក​ឡើង​ថា ការ​គាំទ្រ​យ៉ាង​ផុស​ផុល​របស់​ប្រជាជន​កម្ពុជា​សម្រាប់​គម្រោង​នេះ គឺ​ដោយសារ​តែ​ការ​យល់​ឃើញ​អំពី​ផល​ប្រយោជន៍​ដ៏​មហិមា​នៃ​ព្រែកជីក​នេះ។ 

លោក​ថា៖ ​​«ប្រជាជន​គាត់​យល់​អំពី​គម្រោង​នេះ និង​យល់​ថា​វាបម្រើ​ឲ្យ​ផល​ប្រយោជន៍​របស់​កម្ពុជា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ឯករាជ្យ»។ 

លោក​ថា ក្រៅពី​គម្រោង​ព្រែក​ជីក​នេះ ពលរដ្ឋ​កម្ពុជា​ក៏​ធ្លាប់​បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​គម្រោង​ធំៗ​​មួយ​ចំនួន​ទៀត​ដូច​ជា​ព្រលាន​យន្តហោះ​ថ្មី​នៅខេត្ត​សៀមរាប និង​នៅ​ភ្នំពេញ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ទៀត។

លោក​បញ្ជាក់​ថា៖ «គម្រោង​ព្រែក​ជីក​ហ្វូណន​គឺជា​ការ​រួម​ចំណែក​មួយ​ដើម្បី​រុញ​បន្ត​ការ​រីក​ចម្រើ​របស់​កម្ពុជា​ស្រប​ជាមួយ​នឹង​គម្រោង​ផ្សេង​ទៀត​ដើម្បី​ឲ្យ​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០»។​

លោ ឆាយ បូរ៉ា អ្នកជំនាញ​កិច្ចការ​ទំនាក់​ទំនង​វិស័យ​ឯកជន​ជាមួយ​រដ្ឋាភិបាល និង​ គោល​នយោបាយ​សាធារណៈ បាន​លើក​ឡើង​ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​រត់​ក្នុង​ល្បឿន​គុណ​នឹង​ពីរ​ឬ​បី​ដង​​នៃ​ល្បឿន​​កំណើន​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។ លើស​ពី​នេះ​ ប្រជា​កសិករ​កម្ពុជា​នឹង​លែង​ពឹង​ទាំង​ស្រុង​ក្នុង​ការ​លក់​ផលិត​ផល​កសិកម្ម​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​ដែល​តែង​តែ​ធ្វើ​ព្យុះ​ភ្លៀង​ជា​ញឹក​ញាប់​​តាមរយៈ​ការ​ផ្ដល់​តម្លៃ​ទាប។

លោក​និយាយ​ថា៖ «ពេល​នោះ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ឈរ​ត្រដែត​នៅ​លើ​ផែនទី​ពិភព​លោក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ និរន្តភាព​និង​មាន​ភាព​ធន់​មួយ​នៅ​លើ​ពិភព​លោក»។ 

ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ដ៏​ធំ​នេះ​ហើយ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែ​ពន្លឿន​នូវ​ការ​កសាង​ និង​ស្តារ​ឡើង​វិញ​នូវ​ព្រែក​ជីក​ហ្វូណន​បុរាណ​ដែល​មាន​ទីតាំង​ភូមិ​សាស្ត្រ​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា​ដែល​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​វែង​។ នេះ​ជា​ការ​បញ្ជាក់​របស់​​លោក បូរ៉ា៕