ត្បូងឃ្មុំៈ ក្រសួង​បរិស្ថាន​គ្រោង​នឹង​សាងសង់​ស្ថានីយ៍​បណ្តុះ​កូន​ឈើ​ខ្នាតធំ​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​បាន​រហូត​ដល់​ទៅ ១,២​លាន​កូន​ក្នុង​ ១ឆ្នាំៗ ដោយ​មាន​បំពាក់​ប្រព័ទ្ធ​ស្រោចស្រព​ស្វ័យ​ប្រវត្តិ​ដើរ​ដោយថាមពល​ពន្លឺ​ព្រះអាទិត្យ​ទំនើប និង​តំណក់​ទឹក​ផងដែរ។

ការ​សាងសង់​ស្ថានីយ៍​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​នេះ មាន​ទំហំ​ជាង ៣ហិតា ស្ថិត​នៅ​ក្នុង​ភូមិ ៤៤ ឃុំ​ព្រះធាតុ ស្រុក​អូររាំងឳ ខេត្ត​ត្បូងឃ្មុំ។ ស្ថានីយ៍នេះ គឺជា​ថ្នាល​មួយ​ក្នុង​ចំណោម​ថ្នាល​បណ្តុះ​កូនឈើ​ធំៗ​ចំនួន ៥ផ្សេង​ទៀត​នៅ​កម្ពុជា ដែលស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី កំពង់ស្ពឺ កោះកុង និងសៀមរាប។ នេះបើ​យោង​តាម​លោក ខ្វៃ អាទិត្យា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​នៅថ្ងៃទី​៦ ខែ​ឧសភានេះ។

លោក​មាន​ប្រសាសន៍​ថា៖«យើង​ត្រៀម​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ខ្នាតធំ​ប្រចាំ​តំបន់ ក្នុង​នោះ​យើង​គ្រោង​បង្កើត [សាងសង់] ចាប់​ពី​ឆ្នាំ​ហ្នឹងទៅ ហើយ​ឆ្នាំក្រោយ យើង​អាច​មាន​ការ​រៀបចំ​ជា​រចនាសម្ព័ន្ធ​បណ្តើរៗ។ ការ​រៀបចំ​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្រ្ត​ចក្រាវិស័យ​បរិស្ថាន​របស់​យើង ដែល​បាន​ដាក់​ចេញ ដែល​យើង​ផ្តោត​លើ​មុំស្អាត បៃតង និង​ចីរភាព»។ 

លោក​បាន​បន្ថែម​ថា នា​ពេល​បច្ចុប្បនេះ ក្រសួង​បាន​សិក្សា​ទៅ​លើ​ទីតាំង និង​មាន​ប្លង់​រួច​ហើយ។ ទោះយ៉ាងណា លោកមិនទាន់​អាច​បញ្ជាក់​ថា គម្រោង​នេះ​នឹង​គ្រោង​បញ្ចប់​នៅ​ពេល​ណា ហើយ​គ្រោង​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ។

កូនឈើ​គ្រប់​ប្រភេទ​នឹង​ត្រូវ​បណ្តុះនៅ​ថ្នាលនេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ យក​ទៅ​ដាំ​ជុំវិញ​ផ្ទះ កន្លែង​ព្រៃសឹក​រិចរឹល នៅ​តាម​សហគមន៍​មូលដ្ឋាន ដូចជា​វត្តអារាម សាលារៀន និង​ទីសាធារណ​មួយ​ចំនួន​ទៀត​ក្នុង​គោលដៅ​បង្កើនភាព​បៃតង។  

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ​បាន​ចុះ​ទៅ​ពិនិត្យ​គម្រោង​សាងសង់​ស្ថានីយ៍​បណ្តុះ​កូនឈើនេះផងដែរ កាល​ពីថ្ងៃទី៥ ខែ​ឧសភានេះ។  

ប្លង់​គម្រោង​​សាងសង់​ស្ថានីយ៍​បណ្តុះ​កូន​ឈើ​ខ្នាតធំ​ដំបូង​បំផុត​នៅ​កម្ពុជា។ រូបថត ក្រសួង​បរិស្ថាន​

ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចក្រាវិស័យ​បរិស្ថាន ដើម្បី​ធានា​ដល់​កិច្ចការពារ ថែរក្សា និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ទិសដៅ​ប្រែ​ក្លាយ​កម្ពុជា «ជា​ប្រទេស​អព្យាក្រឹតកាបូន និង​មាន​គម្របព្រៃឈើ​៦០% នៅ​ឆ្នាំ២០៥០»។ 

បច្ចុប្បន្ន​កម្ពុជា មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៧៣ តំបន់​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃ​ផ្ទៃដី​ប្រទេស។

ទាក់ទង​ទៅ​នឹង​ការ​អភិរក្ស​ព្រៃឈើ​នេះដែរ ក្រសួង​បរិស្ថាន បាន​ប្រគល់​ផែនទី​បង្ហាញ​តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​ចំនួន ២១​ផ្ទាំង​ធំៗ​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំនួន ២១ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​គោលចម្បង​នៅ​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ទុក​ជា​មរតក​ឱ្យ​អ្នក​ជំនាន់ក្រោយ។

តំបន់​ការពារ​ធម្មជាតិ​ទាំង​នោះ​មាន ៧៣ តំបន់ ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៧លាន​ហិកតា ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន២១ និង​ស្រុក​ក្រុង ១១១។ នេះ​បើ​យោងតាម​ក្រសួង​បរិស្ថាន កាល​ពីថ្ងៃទី ៥ ខែឧសភា។ 

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ផែនទី​នោះ​ថា៖«ការ​ផ្ទេរអំណាច​ឱ្យ​ថ្នាក់​ក្រោម​ជាតិ​គឺ​ជា​ការ​ជំរុញ​ឱ្យ​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​កាន់តែ​មាន​ប្រសិទ្ធិភាព​ស្រប​តាម​វិធានការ​ទាំង ៤​ចំណុច ដែល​រាជរដ្ឋាភិបាល​និតិកាល​ទី​៧ នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នៅ​ក្នុង​ដំណាក់​កាល​ទីមួយ»។ 

ក្នុង​ឱកាស​នោះ​ផងដែរ លោក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រួមសហការ​គ្នា​កាន់តែ​ជិតស្និត និង​ការ​ចែករំលែក​ព័ត៌មាន​ឱ្យគ្នា ជា​ទៀងទាត់ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។
រដ្ឋបាលខេត្ត​ទាំង​២១ នោះរួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ។ 

លោក ម៉ែន គុង អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ឱ្យ​ដឹង​ថា ផែនទី​នេះមាន​សារៈសំខាន់​ណាស់ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព។ ផែនទី​នោះនឹង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​យល់​ដឹង​បន្ថែម​ទៀត​ពី​តំបន់​ទាំង​នោះ ហើយ​មន្រ្តី​គ្រប់គ្រង​ក៏​បាន​ដឹង​ពី​ព្រំប្រទល់​នៃ​តំបន់​ការពារ​ច្បាស់លាស់ ហើយ​អាច​សហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ដើម្បី​បោះបង្គោល​កំណត់​ព្រំប្រទល់​ផងដែរ។ 

លោក​បញ្ជាក់​ថា៖«ជា​ការ​ពិត​ ផែនទី​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ការការពារ​ធនធាន​ធម្មជាតិ​របស់​យើង។ ផែនទីនេះ​មិនមែន​ទើប​តែ​នឹក​ឃើញ​បង្កើត​នៅ​ពេលនេះ​ទេ គឺ​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​លើក​ច្រើនសារ​ណាស់»៕