ភ្នំពេញ៖ តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) បដិសេធ​ចំពោះ​ការ​អត្ថាធិប្បាយ «ដោយបំភ័ន្ត» របស់​មន្ត្រី​សិទ្ធិ​មនុស្ស UN ពាក់ព័ន្ធ​ការ​តម្កល់​បទចោទ​ប្រកាន់​របស់​តុលាការកំពូល​កម្ពុជា​លើ កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga World)។

តំណាង​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពីថ្ងៃ​ទី៥ ខែ​ឧសភា ថា៖ «ស្ថានបេសកកម្ម​អចិន្រ្តៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង ហ្សឺណែវ សូម​បដិសេធទាំងស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ ដោយ​បំភ័ន្ត ជ្រើស​តែ​មួយ​ជ្រុង និង​មាន​ភាព​រើសអើង របស់អ្នកនាំ​ពាក្យ​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Jeremy Laurence»។

ការបដិសេធនេះ​ធ្វើឡើង បន្ទាប់ពី​លោក Jeremy Laurence បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​ទី៣ ខែ​ឧសភា ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​កម្ពុជា​ក្នុង​ការ​តម្កល់​បទចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ក្រោម​បទចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម ពាក់ព័ន្ធ​នឹង​កូដកម្ម កាល​ពី​ឆ្នាំ​២០២១ ជុំវិញ​ការ​បញ្ឈប់​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ក្នុង​រាជធានី​ភ្នំពេញ។ យើង​អំពាវនាវ​ឱ្យ​ដោះលែង​លោកស្រី​ជា​បន្ទាន់»។

លោកលើកឡើង​ថា កញ្ញា ឈឹម ស៊ីថរ និង​មនុស្ស ៨នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​២ឆ្នាំ កាល​ពី​ខែឧសភា ឆ្នាំ​២០២៣។ កញ្ញា ឈឹម ស៊ីថរ គឺជាមនុស្សតែ​ម្នាក់គត់​ដែល​ជាប់​ពន្ធនាគារ ខណៈ​អ្នកផ្សេង​ទៀត​ត្រូវ​បាន​ព្យួរទោស ឬ​ដាក់​ឱ្យ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ «យើង​អំពាវនាវ​ដល់​អាជ្ញាធរ​លុបចោល​រាល់​ការ​ផ្តន្ទាទោស​ពួកគេ»​។

លោក Jeremy Laurence បន្តថា ពួកគេ​ត្រូវ​បាន​ផ្តន្ទាទោស​ ដោយគ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ឆ្នាំ ១៩៩២។ 

លោកលើកឡើងថា៖ «យើង​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​ឱ្យ​បាន​ពេញលេញ​នូវ​ការការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្រោម​ច្បាប់​អន្តរជាតិ និង​បង្កើត​បរិយាកាស​ដែល​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយសេរី»។

ជុំវិញរឿងនេះ ស្ថានបេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង ហ្សឺណែវ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​អំពាវនាវ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ «ជាបន្ទាន់» ឬ «អាជ្ញាធរ​ឱ្យលុបចោល​ការ​ផ្តន្ទាទោស​ទាំងអស់» គឺជា​ការ​មើលងាយ​ដល់​សមត្ថកិច្ច និង​សុច្ចរិតភាព​របស់​តុលាការ​កម្ពុជា។ 

តំណាង​កម្ពុជា​លើក​ឡើង​ថា សេចក្តី​សម្រេច​របស់​តុលាការ​គឺ​ផ្អែកលើ​ភស្តុតាង​រឹងមាំ​ជាក់ស្តែង និង​ស្របតាម​នីតិវិធី​ដ៏​ត្រឹមត្រូវ​បំផុត។ ភាព​ចាំបាច់​នៃ​គោលការណ៍​បែងចែក​អំណាច​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​គឺ​ការ​ធានា​ឯករាជ្យភាព​របស់​តុលាការ ដោយ​គ្មាន​អាជ្ញាធរ​ណា​ផ្សេង​ទៀត​អាច​ជ្រៀតជ្រែក ឬ​ដាក់​សម្ពាធ​លើ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់ ឬ​លុបចោល​ការ​ផ្តន្ទាទោស​នោះ​ទេ។ ការ​សម្រេច​បែបណា​នោះ​គឺ​ស្ថិត​នៅ​ក្នុង​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង។ 

តំណាង​កម្ពុជា​លើក​ឡើងថា កញ្ញា ឈឹម ស៊ីថរ និង​អ្នក​ផ្សេង​ទៀត «បាន​ធ្វើកូដកម្ម​ជាច្រើន​ខែ ដោយ​ខុស​ច្បាប់ និង​ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​បរទេស កាល​ពី​ចុង​ឆ្នាំ​២០២១ ហើយ​ត្រូវបាន​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ ​ឬ​បង្កភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែលត្រូវ​បាន​ផ្តន្ទាទោស ស្រប​តាម​បញ្ញតិ្ត​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ»។ 

តំណាង​កម្ពុជា​លើក​ឡើង​បន្ត​ថា កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះអាសន្ន​ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ហើយ​ត្រូវឃុំ​ខ្លួន​ជា​បន្តទៀត​បន្ទាប់​ពី «បាន​បំពាន​កាតព្វកិច្ច​របស់ខ្លួន» អនុលោម​តាម​បញ្ញតិ្ត មាត្រា ២៣០ នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ។ 

តំណាង​កម្ពុជា​លើក​ឡើង​ទៀត​ថា ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​លោក Jeremy Laurence សមាជិក​សហជីព​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស មិនមែន ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម នោះទេ។ ការញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខសង្គម គឺ​មិនមែន​ជា​ការ​អនុវត្ត​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ទេ ហើយ​ក៏​មិន​ស្របតាម​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែរ។

តំណាង​កម្ពុជា​បញ្ជាក់​បន្ថែម​ថា៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែរ បុគ្គល​ទាំង​នោះ​ត្រូវ​បាន​ចាប់ខ្លួន និង ចោទ​ប្រកាន់ មិនមែន​ផ្អែកលើ​សម្ព័ន្ធ​នយោបាយ ឬ​តួនាទី​ជា​សហជីព​នោះ​ទេ។ បទចោទ​ប្រកាន់​កើត​ចេញ​ពី​ការ​ប្រព្រឹត្ត​បទល្មើស​​នឹង​ច្បាប់​តែ​ប៉ុណ្ណោះ»។ 

តំណាង​កម្ពុជា​បញ្ជាក់​បន្ថែម​ថា៖ «ប្រសិន​បើ​បុគ្គល​ណាម្នាក់​ដឹកនាំ ឬ​រៀបចំ​កូដកម្ម​ដោយ​ខុសច្បាប់ ឬ​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​ហិង្សា បង្កគ្រោះថ្នាក់​ដល់​សុខសុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ឬ​ដល់​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​ដ៏ទៃ នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់»៕