អាជ្ញាធរជាតិ​អប្សរា​កំពុង​ស្ដារ​ស្រះ​ទឹក​នៅ​​ប្រាសាទ​បាយ័ន​ឲ្យ​មាន​ដូច​កាល​ពីសម័យ​បុរាណ​ឡើងវិញ ដែល​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​នេះ ខណៈមាន​ការ​លើក​ឡើង​ការ​បារម្ភ​អំពី​ការ​ប៉ះពាល់​ទៅ​លើ​ប្រាសាទ។

ការ​ជីកដី​ដើម្បី​ស្ដារ​ស្រះទឹក​​បុរាណ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​តាម​ស្រះទឹក​ជុំវិញ​ប្រាសាទ​បាយ័ន​ដែល​គេ​ជឿ​ថា ពីមុន​គឺជា​រចនាសម្ពន្ធ​របស់​ស្រះ​ទឹក​បុរាណ។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សារា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ជីកដី​ស្ដារស្រះ​ទឹក​នេះ​ធ្វើ​ឡើង​នៅ​ស្រះ​ខាង​ជើង និង ស្រះខាង​ត្បូង​នៃ​ភាគ​ខាង​កើត​​ប្រសាទ​បាយ័ន។ 

លោកថា​តាមគម្រោង ការជីក​ស្ដារ​ស្រះ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។

សារធារណជន​មួយ​ចំនួន​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន​និង​មិនបាន​ដឹង​ពី​គម្រោង​នេះ ​បាន​ចោទ​ជា​សំនួរ​ថាតើ​ការ​កាយ​ដី​ ហើយ​ដឹកចេញ​ពី​ទីនេះ​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី។ ចម្ងល់​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក សុន ឆ័យ មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ផងដែរ។

លោក សុន ឆ័យ ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​នេះ កាល​ពី​ថ្ងៃ​ទី៤​ ខែឧសភា​ បាន​បង្ហោះ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ដោយ​​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ឬ អង្គការ​យូណេស្កូ ពន្យល់​អំពី​រឿង​នេះ។

លោកថា៖ «ខ្ញុំ​បាន​ប្រទះ​ឃើញ​សកម្មភាព​កាយ​ដី យក​ចេញ​ពី​ស្រះ​បុរាណនៅ​ជាប់​ប្រសាទបាយ័ន ដោយ​ប្រើ​អេស្កាវាទ័រ​កាយ និង​ដឹកចេញ​ដោយ​ឡាន​ធំ​យ៉ាង​គគ្រឹក​គគ្រេង​ នៅ​ថ្ងៃ​ទី​៤ ខែ​​ឧសភា ឆ្នាំ​​២០២៤នេះ»។

លោក​បន្ត​ថា៖ «ខ្ញុំមាន​ការ​បារម្ភ​ខ្លាច​សកម្មភាព​នេះ​ធ្វើ​ខុស​បច្ចេកទេស​ អាចនាំ​ឲ្យ​បែក​បាក់ កក្រើក​និង​ប៉ះពាល់​ដល់​ប្រាង្គប្រាសាទ (ក្បាល​ព្រហ្ម​នៅ​កំពូល​នៃ​ប្រាសាទ​បាយ័ន​នេះ​របេះ​ធ្លាក់​អស់​ជាច្រើន និង​មិនទាន់​បានជួស​ជុល​នៅឡើយ​) ហើយ​ដី​ដែល​កាយ​យក​ចេញនោះ​អាច​មាន​របស់​បុរាណ​យក​ទៅ​ជាមួយ។ ការជីកកកាយ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ក្រុម​អ្នក​បុរាណ​វិទូ​ធ្វើ​គឺ​គេ​ប្រើ​ឧបករណ៍​តូច កាយ​ដោយ​ដៃ​និង​ថ្នម​ណាស់ ​ដោយ​ខ្លាច​ប៉ះ​និង​ឲ្យ​បែក​បាក់​របស់​តូច​ដែលពិបាក​មើល​ឃើញ»។

ឆ្លើយតប​បញ្ហា​នេះ លោក ឡុង កុសល​ បញ្ជាក់​ថា ការ​ជីក​ស្ដារ​នេះ​ធ្វើ​ឡើង​តាម​ជំនាញ​បច្ចេកទេស​ត្រឹម​ត្រូវ​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាសាទ​ទេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការងារ​នេះ​សុទ្ធតែ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ។ បើមាន​បញ្ហា​ ម្លេះ​ប្រាសាទ​ដែល​ជួស​ជុល​កន្លង​មក​បាក់​អស់​ហើយ។ ដូច្នេះ​ការងារ​នេះ​សុទ្ធ​តែ​មាន​អ្នកជំនាញ​មាន​ភាព​ច្បាស់​លាស់​ គឺ​ក្រុមជំនាញ​ជាតិ​របស់​យើង»។

លោក​បន្ត​ថា៖ «មុន​នឹង​គេ​ធ្វើ​គេ​បាន​សិក្សា​វាយតម្លៃ ធ្វើ​កំណាយ​ដើម្បី​ឲ្យដឹង​ពី​ស្រទាប់ដី​ កំណក​នៃ​ដី ហើយ​ក្រោយៗ​មក​នោះ​វា​យ៉ាង​ម៉េច ហើយ​ស្ថានភាព​ដី​នៅ​ពេល​បច្ចុប្បន្ន​វា​យ៉ាង​ន៉េច គឺ​គេសិក្សា​គ្រប់សព្វ​បែបយ៉ាង គ្រប់ជ្រុងជ្រោយ​មុន​ធ្វើ​ការ​ងារ​នេះ»។

ប្រាសាទ​បាយ័ន ស្ថិត​នៅ​ក្នុង​បរិវេណ​​ប្រាសាទ​អង្គរធំ ដែល​ជា​អតីត​រាជធានី​​នៃអាណាចក្រខ្មែរ​នៅ​ចុង​សតវត្សរ៍​ទី១២ កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ ប្រាសាទ​នេះ​​មិន​មានគូទឹក​ព័ទ្ធ​ជុំវិញ​​ដូច​ប្រាសាទ​ភាគច្រើន​ទេ ប៉ុន្តែ​មាន​ស្រះ​ទឹក​មួយ​ចំនួន។ ប៉ុន្តែ រាជធានី​​អង្គរធំ​ទាំង​មូល​​ហ៊ុំព័ទ្ធ​ទៅដោយ​កំពែង​ និង​​គូទឹក។ 

ប្រាសាទ​នេះ​គឺ​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀង​ទេសចរ​ទាំង​ក្នុង​ស្រុក​នឹង​បរទេស ដោយសារ​តែស្មាម​ញញឹម​នៃ​កំពូល​ព្រហ្ម​មុខ​បួន​ ក៏ដូចជា​រូប​ចម្លាក់​ជាច្រើន​ដែល​រៀប​រាប់​​ពី​​ប្រពៃណី វប្បធម៌និង​អរិយធម៌​ដ៏រុងរឿង​របស់​​ខ្មែរ​ពី​សម័យដើម៕