ភ្នំពេញ៖ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ការ​រាយការណ៍​​ព័ត៌មាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) សហការ​ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា (CSJ) បាន​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​ឯកទេស​មួយ​ក្រោម​ប្រធានបទ «ការ​ស្វែង​យល់​អំពី​ប្រតិបត្តិការ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា»។

វគ្គ​បណ្ដុះបណ្ដាល​​នេះ​ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការ​កណ្តាល​របស់ CBC នៅ​ជាន់ទី ៩ នៃ​អគារវឌ្ឍនៈ និង​មាន​ការ​ចូលរួម​ពី​អ្នកសារព័ត៌មាន​ចំនួន ២៧ នាក់ ដែល​តំណាង​ឱ្យ ២៥ ស្ថាប័ន​ផ្សេងៗ​គ្នា​។

វាគ្មិន​ចូលរួម​ធ្វើ​បទ​បង្ហាញ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​មាន លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) លោក ខុម ច័ន្ទ​តារា នាយក​ប្រតិបត្តិការ​នៃ CBC លោក ផៃ សុផល នាយក​សេវា​អតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកា​អភិវឌ្ឍ​អាជីវកម្ម និង​អ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ភាពជា​ដៃគូ​។​

តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ អ្នកសារព័ត៌មាន ​ទទួលបាន​នូវ​ចំណេះដឹង​ទាក់ទង​នឹង​សិទ្ធិ​របស់​អតិថិជន និង​ច្បាប់​ដែល​បាន​តម្រូវ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា សម្រាប់​ប្រជាពលរដ្ឋ។

ពួកគេ​​​ទទួលបាន​ឥណទាន​ជាមួយ​លក្ខខណ្ឌ​សមស្រប​សម្រាប់​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ ក៏ដូចជា​ការ​ការពារ​សិទ្ធិ​របស់​អតិថិជន​ផ្ទាល់ខ្លួន​ពី​ហានិភ័យ​ឥណទាន និង​វិធី​ដោះស្រាយ​បញ្ហា​នៅពេល​ប្រវត្តិ​ឥណទាន​មាន​ភាព​មិនប្រក្រតី​។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជាលើកទី ៣ និង​ត្រៀម​រៀបចំ​ម្ដង​ទៀត​នៅ​ចុង​ខែ​ឧសភា​នេះ លោក ខុម ច័ន្ទតារា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «យើង​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ​អំពី​ហិរញ្ញវត្ថុ​ដែល​ផ្ដោតលើ​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន ជាពិសេស ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ «ខូច CBC» នៅតាម​ហាង​លក់​ផលិតផល​បង់​រំលស់​»។ 

លោកបាន​បញ្ជាក់ថា ពាក្យ «ខូច​ CBC» មិន​ពាក់​ព័ន្ធ​ដល់​ស្ថាប័ន CBC នោះទេ ដោយសារ​ CBC មិន​បាន​ផ្ដល់​សេវា​ឥណទាន​ដល់​អតិថិជន ដោយ​គ្រាន់តែ​កត់ត្រា​ និង​បញ្ចេញ​ទិន្នន័យ​។ ពាក្យ «ខូច» អាច​ទាក់ទង​នឹង​ការ​បង់​ប្រាក់​យឺត​យ៉ាវ​របស់​អតិថិជន​។ 

លោក​លើក​ឡើង​ថា ការ​ផ្ដល់​ព័ត៌មាន​របស់​ CBC ផ្ដោតលើ​ឥណទាន​វិជ្ជមាន និង​អវិជ្ជមាន ដែលភាព​អវិជ្ជមាន​ជាការ​យឺត​យ៉ាវ​ចាប់ពី ៩០ ថ្ងៃ ដែល​អតិថិជន​អត់មាន​លទ្ធភាព​បង់​សង​។

ការ​បង្កើត​វគ្គបណ្ដុះ​បណ្ដាល​នេះ មាន​គោល​បំណង​ចង់​ឱ្យ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​បន្ដ​ទៅ​ដល់​សាធារណជន​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ «ខូច CBC»។

លោក ច័ន្ធតារា បាន​និយាយ​ថា ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​សហការ​ជាមួយ​ក្លិប​អ្នក​កាសែត​កម្ពុជា​នេះ អាច​ដល់​ឱ្យ​អ្នក​សារព័ត៌មាន​ប្រមាណ ១០០ នាក់ និង​ជិត ១០០ ស្ថាប័ន​។ 

អ្នក​សារព័ត៌មាន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​រាយការណ៍​ឥណទាន​នៅ​កម្ពុជានៅ​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការ​កណ្តាល​របស់ CBC នៅ​ជាន់ទី ៩ នៃ​អគារវឌ្ឍនៈ។ រូបថត សហការី

ក.អ.ក ចាត់ទុក​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នក​សារព័ត៌  មាន​ផ្នែក​សេដ្ឋកិច្ច ដោយ​ពួកគេ​នឹង​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែម​អំពី​ការអភិវឌ្ឍ​វិស័យ​ធនាគារ ហិរញ្ញវត្ថុ សំខាន់​វាក្យ​ស័ព្ទ​ដែល​ត្រូវ​ប្រើ​ក្នុង​វិស័យនេះ។

អ្នកសារព័ត៌មាន ដែលបន្ដ​រាយការណ៍​ទៅ​កាន់​សាធារណជន​ បាន​ដឹង​​​អ្វី​ទៅជា CBC? រួមទាំង​ការយល់ដឹង​អំពី​ដំណើរការ​ទីផ្សារ​ឥណទាន ដែល​ត្រឹម​ត្រូវមាន​តម្លាភាព ហើយ​អាចជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក រាជ សារ៉ាត់ អគ្គនាយក​ព័ត៌មាន រស្មីគោកធ្លក បានឱ្យដឹង​ពេល​សម្រាក​អំឡុង​ចន្លោះ​វគ្គ​សិក្សា​ថា លោក​ទទួល​បាន​ចំណេះដឹង​ក្នុង​វិស័យ​ឥណទាន​ ជាពិសេស ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ក្នុង​សេចក្ដី​រាយការណ៍​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បាន​និយាយ​ថា៖ «ដំបូងឡើយ ខ្ញុំ​ក៏មាន​យល់​ច្រឡំ​ក្នុងការ​ប្រើ​ប្រាស់​ពាក្យ «ខូច CBC» ដោយ​គិតថា អ្វីទៅជា CBC ហើយ​អ្វី​មហាជន​តែងតែ​និយាយថា ខូច CBC»៕