ព្រះវិហារ៖ ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន​ឫស្សី​ត្រឹប​កំពុង​តែ​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​ប្រមាណ​ជា ៥២ម៉ឺន​ដុល្លារអាមេរិក​យក​ទៅ​ជីក​ប្រឡាយ​ធ្វើ​ព្រំដី ដើម្បី​បន្ត​ការពារ និង អភិរក្ស​ធនធាន​ធម្មជាតិ និង អរិយធម៌​បុរាណ​ដែលបន្សល់​ទុក​ក្នុង​តំបន់​នោះ។

គម្រោងជីក​ប្រឡាយ ដែល​មាន​ប្រវែង ៥២​គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និង​ជម្រៅ ២ម៉ែត្រ​កន្លះ​នេះគឺ ដើម្បី​ធ្វើការ​រក្សា​ព្រំប្រទល់​ដី​ឧទ្យាន រក្សា​ព្រៃឈើ ក៏​ដូចជា​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស រក្សា​ទឹក​ទុក​ប្រើ​ក្នុង​រដូវប្រាំង និង​ចង់​បង្កើត​ឱ្យ​មាន​ទេសចរណ៍​បរិស្ថាន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទទួល​បាន​ចំណូល​បន្ថែម។ នេះ​បើ​យោង​តាម​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពេល​បើក​ការដ្ឋាន​ជីក​ប្រឡាយ​នេះ កាល​ពី​ថ្ងៃទី​៥ ខែ​ឧសភា​នេះ។

លោក សុខ ទូច បាន​បញ្ជាក់​ថា៖«រក្សា​ឱ្យ​បាន​ជា​មេរៀន​សម្រាប់​ប្រវត្តិសាស្រ្ត ជា​មេរៀន​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ចេះស្រលាញ់​ព្រៃឈើ ស្រលាញ់សត្វ ចេះស្រលាញ់​អ្វី​ដែល​ជា​ភោគផល​ធម្មជាតិ។ បើ​ជន​ណា​មក​កាយ​មក​កាប់​នៅ​ទីនេះ​ទុក​ឱ្យ​ប្រវត្តិសាស្រ្ត​ជា​អ្នកចារ​ទៅ ព្រោះ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ម្នាក់១ពាន់ ២ពាន់ ១ដុល្លា ឬ៥ម៉ឺន»។

លោក សុខ ទូច បាន​សំដែង​ក្តី​សង្ឃឹម​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចូលរួម ដើម្បី​ឱ្យ​គម្រោង​ជីក​ប្រឡាយ​នេះ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការពារ​ឧទ្យាន​ដែល​មាន​ទំហំ​ជាង ១ម៉ឺន​ហិកតា ស្ថិត​ក្នុង​ស្រុកឆែប ខេត្ត​ព្រះវិហារនេះ។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃ​អង្គារ​ទី៧ ខែ​ឧសភាថា ថវិកា​ដែលទទួល​បាន​មាន​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​មក​ដល់​ពេល​នេះ។ ប៉ុន្តែ បើ​សរុប​ទាំង​ថវិកា ដែល​សប្បុរស​ជន​បាន​សន្យា​ចូលរួម​មាន​ជាង ១០​ម៉ឺន​ដុល្លារ​ឯនោះ។

លោក យង់ ពៅ បាន​ថ្លែង​ថា៖«យើង​សារទរ​ទាំងអស់​សម្រាប់​ការ​ចូលរួម​ហ្នឹង ព្រោះ​ជា​ស្មារតី​ប្រជាជាតិ​សម្រាប់​ការពារ​បរិស្ថាន អញ្ជឹង​បើ​គាត់​មាន​លទ្ធភាព​១ពាន់ ឬ​ពាន់រៀល​ក៏​អាច​ចូលរួម​បាន​តាមរយៈQR​កូដហ្នឹង»។

លោក​បាន​ឱ្យ​ដឹង​ថា ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន​ឫស្សី​ត្រឹប​ជា​ប្រភព​អរិយធម៌​ខ្មែរ​ដ៏​សំខាន់​មួយ ព្រោះថាតំបន់​នោះ​មាន​បន្សល់ទុក​ឡស្ល​ដែក​បុរាណ​ជាច្រើន ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ដែក សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ឬ​អាវុធ​សម័យ​បុរាណ។ ក្រៅ​ពី​នោះ ឧទ្យាន​មាន​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប ដូចជា ព្រៃឈើ សត្វព្រៃ និង​រ៉ែ​ជាដើម។

ហ្វេសប៊ុក​ឧទ្យាន​តេជោសែន ឫស្សីត្រឹប​បាន​សរសេរ​ថា៖ «ការ​ចូលរួម​បន្តិចបន្តួច​របស់​បងប្អូន ជា​កម្លាំង​ដ៏ធំ ក្នុង​ការ​រួម​ចំណែក​ការពារ​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ ក្នុង​តំបន់​ឧទ្យាន​ដែល​មាន​ផ្ទៃដី​ជាង ១ម៉ឺន​ហិកតា សម្រាប់​កូនចៅ​ជំនាន់ក្រោយ»៕