ភ្នំពេញ៖ ក្រោយ​ពី​បំពេញ​ការងារ​នៅ​ចម្ការ​រយៈពេល​ ៥ ថ្ងៃ អ្នកស្រី គង់ បួយ អាយុ ៤២ ឆ្នាំ នៅ​ស្រុក​អូររ៉ាំងឪ ខេត្ដ​ត្បូងឃ្មុំ នៅ​ចុង​សប្ដាហ៍ បាន​ក្រោក​ម៉ោង ៤ ព្រឹក​ព្រលឹម​​រូតរះ​ឡើង​រថយន្ដ​ឈ្នួល​ឆ្ពោះ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ។ 

ទៅ​ដល់​វិទ្យាស្ថានជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ ជា​ទី​ដែល​អ្នកស្រី​ទទួល​បាន​បណ្ដុះបណ្ដាល​ដោយ​ឥតគិត​ថ្លៃ​ពី​ក្រសួង​ការងារ​  វេលា​ម៉ោង ៧ ព្រឹក អ្នកស្រី​មាន​ឱកាស​ផ្លាស់​ពី​ការ​កាន់​​កាំបិត ដង​ចប​ មក​កាន់​កន្ដ្រៃ ​ឧបករណ៍​ផ្លុំ​សក់​ និង​ជក់​មាត់​មុខ​ ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ជំនាញ​អាជីព​ថ្មី​។

តាម​រយៈ​ប្អូន​ដែល​រៀន​ជំនាញ​ឆុង​កាហ្វេ អ្នកស្រី បួយ ​ក៏​សម្រេច​ចិត្ដ​ចុះ​ឈ្មោះ​រៀន​ជំនាញ​សម្អាង​ការ​ដែល​ខ្លួន​ចូលចិត្ដ ជាមួយ​គោល​បំណង​បើក​ហាង​តូច​មួយ​នៅ​ផ្ទះ​ សម្រាប់​បង្កើន​ចំណូល​ ក្រៅពី​ការ​ធ្វើ​ចម្ការ​។ 

ថ្វីដ្បិតតែ​ការ​សិក្សា​នេះ​មិន​ចំណាយ​ប្រាក់​ក៏​ពិត​មែន ប៉ុន្ដែ​អ្នកស្រី បួយ ត្រូវ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ប្រមាណ ៥ ម៉ឺន​រៀល ដោយ​មិនគិត​ពីថ្លៃ​ទទួលទាន​អាហារ និង​ស្នាក់​នៅ​ជាមួយ​ប្អូនផង​។ 

អ្នកស្រី បាន​និយាយ​អំពី​អត្ថប្រយោជន៍​ក្នុង​ការ​សិក្សា​នៅ​សាលា​ជំនាញ​ថា​៖ «នៅ​តាម​ភូមិ​ មាន​ការ​បង្រៀន​ដែរ តែខ្ញុំ​មិន​គិត​ថា ពួកគាត់​នឹង​ប្រាប់​យើង​នូវ​ទិចនិក​ទាំង​អស់​នោះទេ។ ប៉ុន្ដែ​បើ​ខ្ញុំ​មក​រៀន​ជាមួយ​អ្នក​គ្រូ​នៅសាលានេះ គាត់​ប្រាប់​យើង​អស់ៗ​ និងមាន​បច្ចេកទេស​ល្អ​ថែម​ទៀត»​។ 

ថ្លែង​ទៅ​កាន់​សហជីព សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ កាល​ពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឱ្យដឹង​ថា​​ គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ ២០២៤ មាន​យុវជន ៣៣,៩១១នាក់ (ស្រី ១១,៧៥៩នាក់) បាន​ចុះ​ឈ្មោះ​ចូលរៀន ក្នុង​នោះ​មាន​ ១៦,៥៨៨នាក់ (ស្រី ៥,៦៤៦នាក់) កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​កម្រិត​សញ្ញាបត្រ​បច្ចេក​ទេស​និង​វិជ្ជាជីវៈ។

មិន​ខុសពី​អ្នកស្រី បួយ អ្នកស្រី ឆែ ចិន្ដា អាយុ ៥១ ឆ្នាំ បាន​សិក្សា​ជំនាញ​ផ្នែក​ផាត់​មុខ ធ្វើសក់ ដែល​បាន​ទទួល​​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម និង​ការ​ប្រាប់​តៗគ្នា ក៏​បាន​សម្រេច​ចិត្ដ​ចុះ​ឈ្មោះ​ចូល​រៀន។ 

ជាស្ដ្រីមេផ្ទះ និងប្រកប​របរ​ដេរ​ខោអាវសិស្ស​​ នៅស្ទឹងមានជ័យ​ អ្នកស្រី ចិន្ដា បាន​ចុះឈ្មោះ​ចូល​រៀន​ដោយ​ប្រើ​ប្រាស់​ប័ណ្ណ​សមធម៌​ ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​ជាមួយ​ការ​ជ្រើសរើស​ពេល​វេលា​ចុង​សប្ដាហ៍​ថ្ងៃសៅរ៍ និង​អាទិត្យ​។ 

អ្នកស្រីបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ណាស់​។ ប៉ុន្ដែ​វា​រាង​ជ្រុល​ពេល​បន្ដិច ដោយសារ​ខ្ញុំ​មាន​វ័យ​ចាស់​ ទើប​តែ​រៀន​អាជីព​ធ្វើ​សក់ និង​ផាត់​មុខ​ដែល​ខ្ញុំ​ស្រឡាញ់​នេះ​ ពីព្រោះ​ជំនាញ​នេះ​ភាគច្រើន មាន​តែ​ក្មេងៗ​ប៉ុណ្ណោះ​»។ 

អ្នកស្រីគ្មាន​ឱកាស​បាន​សិក្សា​បាន​ខ្ពស់ ក៏ដូចជា​រៀន​វគ្គ​ជំនាញ​អ្វី​នោះទេ និង​ត្រូវ​ចេញ​ជួយ​រក​ប្រាក់​ក្នុង​គ្រួសារ​តាំងពី​អាយុ ១៦ ឆ្នាំ ដោយសារ​ជាកូនស្រី​ច្បង​ក្នុង​គ្រួសារ​។

ទោះបីជា​​មាន​បំណង​បើក​ហាង​សាឡន​ផ្ទាល់ខ្លួន​យ៉ាងណា​ក៏ដោយ ក៏​អ្នក​ស្រី ចិន្ដា ចង់​បន្ដ​ស្វែង​រក​បទ​ពិសោធ​​ការងារ​កាន់តែ​ច្បាស់​ជាមួយ​គោល​​បំណង​ធ្វើការ​មួយ​រយៈសិន ជាពិសេស ដើមទុន​។ 
អ្នកស្រី បាន​អះអាង​ថា ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ទាំងនេះ​ពិតជា​មាន​សារសំខាន់​ណាស់​ ជាពិសេស ស្ដ្រី​ដែល​ស្រឡាញ់​មុខ​ជំនាញ​របស់​ខ្លួន​ចូលចិត្ដ​។

ស្រ្តី​ទទួល​ការ​បណ្តេះ​បណ្តាលជំនាញ​ធ្វើ​សក់​នា​ពេលកន្លង​មក។ រូបថត ក្រសួងការងារ

ស្ដ្រី​មេផ្ទះ​រូបនេះ បាន​និយាយថា​៖ «អត្ថប្រយោជន៍​ជាច្រើន​បាន​ពីការ​បណ្ដុះ​បណ្ដាល​ គឺ​ជួយ​ខ្លួន​ឯងឱ្យ​មាន​គោលដៅ ជួយ​ក្រុម​គ្រួសារ ជួយ​ដល់​សហគម និង​សង្គមជាតិ​។ ពេល​យើង​អាច​ជួយ​ខ្លួន​ឯង​បាន ដូច្នេះ សង្គម​ជាតិ​នឹង​ឈប់​ខ្វល់​ពី​បញ្ហា​កង្វល់​របស់​ក្រុម​គ្រួសារ​យើង​»។ 

បើសិនជា​រាជរដ្ឋាភិបាល​បង្កើត​មុខ​របរ​ដល់​សិក្ខាកាម​តាមរយៈការ​បើក​ហាង​ឱ្យ​ពួកគេ​ធ្វើ​ការ​ អ្នកស្រី ចិន្ដា យល់​ថា វា​កាន់​តែ​ល្អ​សម្រាប់​ពួកគេ​ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ ដោយ​ទទួល​បាន​ការងារ​ធ្វើ​ថែមទៀត។ 

ស្ត្រី​ទាំងពីរ​នាក់​នេះ​គឺជា​ផ្នែកមួយ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ស្ដ្រី​ដ៏​ច្រើន​លើស​លប់។ ​ពួកគេ​ទទួល​បាន​​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនមែន​គ្រាន់តែ​អំពី​ការ​ទទួល​បាន​ជំនាញ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ជា​ការ​កែ​ប្រែជីវិត។

យោង​តាម​ជំរឿន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០២២ ចំនួន​អង្គភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​កើន​ឡើង​ជិត ៥០ ភាគរយ​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ឈាន​ដល់ ៧៥៣៦៧០។ គួរកត់​សម្គាល់​ថា ​ប្រហែល ៦៩,១ ភាគរយ​នៃ​អង្គភាព​ទាំងនេះ​គឺជា​កម្មសិទ្ធិ ឬ​តំណាង​ដោយ​ស្ត្រី​។​

អាជីវកម្ម​ទាំងនេះ ភាគច្រើន​នៅក្នុង​វិស័យ​សេវាកម្ម ផ្តល់​ការងារ​ដល់​មនុស្ស​ជិត ២,៩៨ លាន​នាក់ ក្នុងនោះ​មាន​ស្ត្រី ១,៨៤ លាន​នាក់​។ ​​ជំរឿនត្រូវបាន​ធ្វើ​ឡើង​​លើ​វិស័យ​ផ្សេងៗ លើក​លែងតែ​វិស័យ​កសិកម្ម និង​រដ្ឋាភិបាល ដោយ​បាន​បង្ហាញ​​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ទិដ្ឋភាព​ធុរកិច្ច​របស់​កម្ពុជា​។​

រាជរដ្ឋាភិបាល​កម្ពុជា ​​នីតិកាល​ទី​៧ បាន​ប្តេជ្ញា​ពង្រីក​វិសាលភាព និង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​​ជាមួយ​ការ​រៀបចំ​​ផែនការ​យុទ្ធសាស្ត្រ​ដែល​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០៣៥ ​​គោលបំ​ណង​បង្កើត​កម្លាំង​ពលកម្ម​​ជំនាញ ​ដើម្បី​​ជំរុញ​ប្រទេស​​ឱ្យ​​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​ និង​ឋានៈ​ជា​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​​។​

ពេលវេលា​ដ៏​សំខាន់​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​និយោជក​ចំនួន ១៧​។​

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹងថា ​​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគមន៍​និយោជក​ចំនួន ១៧ ដែល​មាន​រោងចក្រ និងសហគ្រាស​ប្រមាណ ៧០០០ សម្រាប់​ទទួល​កាម​សិក្សាការី សម្រាប់​ទទួល​សិស្ស​ទៅ​ធ្វើ​កាម​សិក្សា​ ដែល​ចេញពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​បច្ចេកទេស​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គិតរហូត​មកដល់​ពេលនេះ យើង​ឃើញ​ថា មាន​សិស្ស​ជិត ៣ ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ ហើយ​សិស្ស​ជិត ២ ម៉ឺន​នាក់​កំពុង​រៀន។ ដូច្នេះ វគ្គទីមួយនេះ សាលា​មួយ​ចំនួន​ធំ បាន​បញ្ចូល​សិស្ស​ទៅ​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ធ្វើ​កាម​សិក្សា​ ហើយ​វគ្គ​ទីពីរ​ចាប់​ផ្ដើម​បើក​សម្រាប់​យុវជន​យើង​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ ដោយ​យុវជន​ក្រីក្រ និង​ងាយរង​គ្រោះ​បាន​ចូលរៀន​ដោយ​ឥតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧត្ថម្ភ ២៨ ម៉ឺន​រៀល​ក្នុង​មួយខែ​»។ 

លោក អ៊ន បាន​លើកឡើង​ថា នេះ​គឺជា​គោល​នយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ធនធាន​មនុស្ស និង​បង្កើត​មូលធន​មនុស្ស​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ 

លោក​បានបន្ដថា ក្រសួង​បាន​ផ្គូរផ្គង​រវាង​ក្រុមហ៊ុន និង​យុវជន​ជាច្រើន​ដើម្បី​ផ្ដល់ឱកាស​ពួកគេ​បាន​ជួប​គ្នា​ ជាពិសេស ​​សិស្ស​ក្រោយ​បញ្ចប់​ការ​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ​នៃ​ក្រសួង​ការងារ​។

ស្ដ្រីវ័យ​ជាង ៤០ ឆ្នាំម្នាក់ ដែលប្រាប់​ត្រឹម​នាម​ខ្លួន​ថា ឃីម បាន​និយាយថា អ្នកស្រី​បាន​រៀន​ផ្នែក​អគ្គិសនី​ ដោយ​មាន​បំណង​ចង់​ចេះ​ចង់ដឹង​ និង​សម្រាប់​អនុវត្ដ​បញ្ហា​តិច​តួច​នៅ​ក្នុង​ផ្ទះ​។ 

អ្នកស្រី ឃីម បាន​ឱ្យដឹងថា​៖ «ខ្ញុំ​អាយុ​ច្រើន​ដែរហើយ ហើយ​ក៏មិន​ទំនង​ជា​អាច​ចាប់យក​អាជីព​នេះ​បាន ដូច​ក្មេងៗ​នោះទេ​។ ប៉ុន្ដែ​យ៉ាង​ហោចណាស់ ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​ខ្លះៗ​ទាក់ទង​អគ្គិសនី​នៅក្នុង​ផ្ទះ​សម្បែង​ដោយ​ខ្លួន​ឯងដែរ​»។ 

បើតាម​របាយការណ៍​របស់​លោក ហ៊ីង ស៊ីដេត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្ដុះ​​បណ្ដាល​បច្ចេកទេស និង​វិជ្ជា​​ជីវៈ បាន​ឱ្យដឹង​កាល​ខែ​មករា ឆ្នាំ​ ២០២៤ ថា វិស័យ​ចំនួន​ ៥ ដែល​ពេញនិយម​ជាងគេ រួមមាន​៖ ផ្នែក​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា​ សំណង់ ​មេកានិក​ទូទៅ និង​មេកា​​និក​រថយន្ត​ បរិក្ខារ​ត្រជាក់ និង​កម្ដៅ និង​ផ្នែក​ទេសចរណ៍​។

វិទ្យាស្ថាន​ជាច្រើន​បាន​ផ្ដល់​​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ដ៏​ទូលំទូលាយ​របស់​ពួកគេ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំពេញតម្រូវការ​ចម្រុះ​នៃ​កម្លាំង​ការងារ នេះ​បើ​យោងតាម​គេហទំព័រ https://scholarship.tvet.gov.kh/។​

តួយ៉ាង វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) នៅ​រាជធានី​ភ្នំពេញ ផ្តល់ជូន​ជំនាញ​ឯកទេស​ចំនួន​ប្រាំបួន ដែល​ផ្តល់ជូន​ជំនាញ​បច្ចេកទេស​យ៉ាង​ទូលំទូលាយ​។ ដូចគ្នា​នេះដែរ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ (PPI)​។​

ទាំងពីរ​មាន​ទីតាំងនៅ​ភ្នំពេញ ផ្តល់​មុខជំនាញ​ចំនួន​ប្រាំពីរ និង​ដប់​បួន​រៀងៗ​ខ្លួន ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ភាពទូលំទូលាយ និង​ស៊ីជម្រៅ​ក្នុងការ​អប់រំ​បច្ចេកទេស​។​

ដោយ​ពង្រីក​ហួស​ពី​រាជធានី វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាន​បង្កើត​ខ្លួន​នៅតាម​ខេត្ត​នានា ដោយ​ផ្តល់ជូន​នូវ​កម្មវិធី​សមស្រប​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ និង​ឱកាស​ក្នុង​តំបន់​។​

បាត់ដំបង សៀមរាប តាកែវ និង​កំពត នីមួយៗ​រៀបចំ​វិទ្យាស្ថាន​ទាំងនេះ ដោយ​ផ្តល់ជូន​ជំនាញ​ពី៧ទៅ ១១ មុខ​វិទ្យា។​ ដូច្នេះវា​​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​វិមជ្ឈការ​លើ​ការអប់រំ និង​ធ្វើឱ្យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​អាច​ចូល​ដំណើរការ​បាន​នៅ​ទូទាំង​ប្រទេស​។​

ការចែក​ចាយ​ជា​យុទ្ធសាស្ត្រ​នេះ​ជួយ​ធានាថា យុវជន​ក្រីក្រ និង​ងាយរង​គ្រោះ​​​មកពី​តំបន់​ផ្សេងៗ​គ្នា​មាន​ឱកាស​​ទទួលបាន​ជំនាញ​សំខាន់ៗ​នៅ​ជិត​ផ្ទះ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​កាត់បន្ថយ​ភាព​ខុស​គ្នា​​នៃ​ការអប់រំ​៕