ពោធិ៍សាត់ៈ ពលរដ្ឋ​ចំនួន ៦៨​គ្រួសារ ក្នុង​ចំណោម ៩៥​គ្រួសារ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ស្ម័គ្រចិត្ត​ប្តូរ​លំនៅឋាន​ចេញ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​ភ្នំ​១៥០០ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ស្តារ​ព្រៃបៃតង​ឡើងវិញ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍។ នេះ​បើ​យោង​តាម​អភិបាល​ខេត្ត​ពោធិ៍សាត់ លោកខូយ រីដា។

លោក​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​នា​ថ្ងៃទី​៨ ខែ​ឧសភា​នេះថា ជា​គោលការណ៍ តំបន់​ភ្នំ ១៥០០ ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​ជា​តំបន់​ទេសចរណ៍​ល្អ​ឯក​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា។ តាម​អនុសាសន៍ ក៏​ដូចជា​សំណូមពរ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ទូទាំង​ប្រទេស គឺ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ឱ្យ​ជួយការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ទុក​ជា​តំបន់​ទេសចរណ៍។

ឆ្លើយតប​ទៅ​នឹង​សំណូមពរ​នេះ គឺ​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ​ដោយ​ខុសច្បាប់​«ត្រូវចេញ» ហើយ​អាជ្ញាធរ​ក៏​បាន​រៀបចំ​គោលការណ៍​ឱ្យ​មាន​ទីតាំងថ្មី​អស់​ហើយ ដើម្បី​ប៉ះប៉ូវ​ឱ្យ​គាត់​វិញ។ 

កន្លងមក ពលរដ្ឋ​ដែល​បាន​ទៅ​រស់​នៅ​ចំណុច​អូរ​១៧ ស្ថិត​ក្នុង​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង​នោះ ត្រូវ​បានអះអាង​ថា មាន​ប្រមាណ​ជា ១១៧​គ្រួសារ ប៉ុន្តែ​ជាក់ស្តែង​មាន​តែ​ ៩៥​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ធ្វើ​អត្តសញ្ញាណ​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត។ ក្រៅ​ពី​នោះ​ពិបាក​កំណត់​អត្តសញ្ញាណ​បាន​ ព្រោះ​អាច​ថា​ជា​ក្រៅ​ស្រុក ដែល​គ្រាន់​តែ​បាន​ចូល​ទៅ​ត្រួសត្រាយ​ព្រៃ​នៅ​ទីនោះ​ប៉ុណ្ណោះ។  

លោក​មាន​ប្រសាសន៍​ថា៖ «ទេសចរណ៍​កន្លែងហ្នឹង គឺ​ល្អ​ដាច់​គេ​ហើយ។ គេ​ឱ្យ​តម្លៃ​ម៉ាស្រុក​ខ្មែរ កន្លែង​ហ្នឹង​ហើយ​ដែលល្អ ជាងគេ ចាប់​អារម្មណ៍​ជាងគេ មនុស្ស​ទៅលេង​ភ្លូកទឹកភ្លូកដី...តែ​ទៅ​កាប់​ដើមឈើ​ជុំវិញអស់ មាន​អី​ធម្មជាតិ​ទៀត។ នេះ​ជា​បញ្ហា»។

លោក​បាន​ថ្លែង​បន្ត​ដូច្នេះ​ថា៖«កាល​ណា​រស់​នៅ​កន្លែងហ្នឹង កន្លែងហ្នឹង​មាន​បៃតង​អីទៀត។ វាទៅ​ជា​កន្លែង​ភូមិ​និង​ផ្ទះបាត់​ទៅ​ហើយ​ហ្នឹង។ អញ្ជឹង​មាន​ន័យថា ប្រជាជន​ក៏ដោយ ភ្ញៀវជាតិ អន្តរជាតិ​មក​ហ្នឹង មក​ថតផ្ទះហ្នឹង។ យើង​រៀបចំកន្លែង​ហ្នឹង​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ ឱ្យ​មាន​ពណ៌បៃតង​ឡើងវិញ»។ 

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់ កាល​ពី​ថ្ងៃទី៧ ខែ​ឧសភាថា តំបន់​ភ្នំ​១៥០០ គឺជា​សក្តានុពល​ទេសចរណ៍ ធម្មជាតិ​គ្មាន​ពីរ​របស់​ខេត្ត​ពោធិ៍សាត់ ក៏​ដូច​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផ្ទាំង​ទស្សនីយ​ភាព​ដ៏​សែន​មនោរម្យ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ ដោយសារ​លក្ខណៈសម្បត្តិ​ដ៏​សម្បូរ​បែប​បង្កប់​ខ្លួន​ក្នុង​ព្រៃ ជ្រលង​ដង​អូរ​បែបនេះហើយ​ទើប​អតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែន​បាន​ប្រសិទ្ធនាម​ថា “បុប្ផាលាក់​​ខ្លួន”។ 

ការ​ប្រសិទ្ធនាម​នេះ​បាន​ធ្វើ​ឱ្យ​សាធារណៈ​ជន​មាន​ការ​ចាប់​អារម្មណ៍ ពេញចិត្ត និង​ដក់ជាប់​ក្នុង​ក្រអៅ​បេះដូង​មនុស្សម្នាក់ៗ​ជា​រៀង​រហូត​មក។ ហេតុនេះ ការ​ថែរក្សា ការពារ អភិរក្ស និង​ការ​ស្ដារ​គម្រប​បៃតង​ឡើងវិញ​ក្នុង​តំបន់​នោះ គឺជា​ការ​បំពេញ​នូវ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ សម្រាប់​កម្សាន្ត ស្រូប​យក​ខ្យល់​អាកាស​ដ៏ត្រជាក់​ល្អ​បរិសុទ្ធ និង​គយគន់​ផ្ទាំង​ទស្សនីយភាព​ដែល​ល្អ​គ្មាន​ពីរនេះ។ 

រដ្ឋបាល​ខេត្ត​បាន​បន្ត​ថា ដោយ​មើលឃើញ​ពី​គុណសម្បត្តិ​ដ៏​ធំធេង​នៃ​ការ​ថែរក្សា ការពារ អភិរក្ស និង​ស្តារ​គម្រប​បៃតង​ឡើង​វិញ​នោះ ទើប​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ស្ម័គ្រចិត្ត និង​សាទរ ប្រគល់​ទីតាំង ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​វិញ។ ពួក​គាត់​គ្រាន់​តែ​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ពិនិត្យ​លទ្ធភាព​ផ្តល់​កន្លែង​រស់នៅ​អាច​ប្រកប​មុខរបរ​បាន​តែប៉ុណ្ណោះ។ រីឯ​អ្នក​មួយ​ចំនួន​តូច​នៅ​មាន​ការ​រារែក​ក្នុង​ការ​ចូលរួម​ចាកចេញ ដោយសារ​ពួកគាត់​ពុំទាន់​បាន​យល់​ច្បាស់​អំពី​គុណសម្បត្តិ​ដ៏​ធំធេង​នៃ​ការ​អភិរក្ស និង​ការ​ស្ដារ​គម្រប​បៃតង​ឡើងវិញ។

តាមរយៈបណ្តាញ​សង្គម KH Plus News កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ពលរដ្ឋ​បង្ហាញ​បំណង​ឱ្យ​មាន​ការ​កាត់ខ្វៀល​ដី​ឱ្យ​ពួកគាត់​បាន​បន្ត​រស់​នៅ​ទីនោះទៀត។ 

ទោះយ៉ាងណា រហូតមក​ទល់​ពេល​នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់​ពុំទាន់​បាន​ចាប់​បង្ខំ ឬ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រូបណា​ម្នាក់​ឱ្យ​ធ្វើការ​រុះរើ​ចេញ​នោះ​ឡើយ។

រដ្ឋបាលខេត្តពោធិ៍សាត់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ពាក់ព័ន្ធ សូម​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដើម្បី​ថែរក្សា ការពារ អភិរក្ស និង ស្តារ​តំបន់​បៃតង​ឡើងវិញ​នៅ​ផ្លូវ​អន្ទង់អាំង ឬ បុប្ផាលាក់ខ្លួន ក្នុង​គោលដៅ បម្រើ​ប្រយោជន៍​សាធារណៈ៕