ការ​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​បទេស​មាន​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ប៉ុន្តែ​អធិបតេយ្យភាព និង​ឯករាជ្យភាព​​​ត្រូវ​តែ​ធានា​ឲ្យ​បាន។ នេះ​ជាការ​លើក​ឡើង​របស់​អ្នក​វិភាគ​ ខណៈ​ដែល​សមុទ្ធ​រួមគ្នា​រវាង​កម្ពុជា​និង​ចិន នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ។

«សមយុទ្ធ​នាគមាស​២០២៤» លើក​ទី៦​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​សប្ដាហ៍ក្រោយ​រហូត​ដល់​ចុង​ខែ​ឧសភា​នេះ នៅ​ខេត្ត​ព្រះសីហនុ និង នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឹក​យោធា​នៅ​ភ្នំជុំ​រីករាយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។​ សមយុទ្ធនេះ​ធ្វើ​ឡើង​ក្រោម​មូលបទ​ «ប្រតិបត្តិការ​រួម​ប្រឆាំង​នឹង​ភេរវកម្ម និង​ការ​សង្គ្រោះ​មនុស្ស​ធម៌»។ 

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​លំហាត់​និង​ធ្វើ​សមយុទ្ធ​រវាង​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​ប្រទេសនានា បាន​ចុះ​ទៅ​រៀបចំ​ត្រៀម​ធ្វើ​សមយុទ្ធ​នេះ​កាល​ពី​សប្ដាហ៍​មុន។ តាមការចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​នាគមាស​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៦​ដែល​ថ្ងៃទី​៣០ ខែឧសភា។ 

ក្រសួងការពារជាតិ​ចិន​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃទី៦ ខែឧសភា​ថា៖ «នេះជា​សមយុទ្ធ​យោធា​រួម​លើក​ទី៦ រវាងចិន​និង​កម្ពុជា ឈ្មោះ​ថា សមយុទ្ធ​នាគមាស​​ ដែល​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង​ពីរ ធ្វើ​ឲ្យ​ប្រសើរឡើង​ដល់​កម្រិត​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​រវាង​យោធា​ទាំងពីរ និង​រួមគ្នា​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

សមយុទ្ធ​នាគមាស​រវាង​កម្ពុជា​នឹង​ចិន បាន​ចាប់​ផ្ដើម​ដំបូង​កាល​ពីឆ្នាំ​២០១៦។ កាលពី​ឆ្នាំ​មុន សមយុទ្ធ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃទី២០ ខែមីនា​ដល់​ថ្ងៃទី​៨ ខែមេសា នៅ​ភ្នំជុំរីករាយ។

ខណៈដែល​សមយុទ្ធ​រួមគ្នា​ជាមួយ​ចិន​បាន​បន្ត​ធ្វើ​ជា​បន្ត​បន្ទាប់ សមយុទ្ធ​រួមជាមួយ​អាមេរិក​ឈ្មោះ​ថា «សមយុទ្ធ​ឆ្មាំអង្គរ» ត្រូវបាន​ផ្អាក​តាំង​ពី​ឆ្នាំ​២០១៧។ សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​នេះ​ឡើងវិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ភាគី​កម្ពុជា​នៅ​ឡើយ។

អ្នកវិភាគ​នយោបាយ​យល់ថា ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​បរទេស ជា​ពិសេស​ប្រទេស​មហា​អំណាច ឬ​ប្រទេស​​ដែល​មាន​ភាព​រីកចម្រើន​ក្នុង​វិស័យ​យោធា គឺជារឿង​ល្អ​សម្រាប់​កម្ពុជា ព្រោះ​វា​ជា​ឱកាស​ដែល​យោធា​កម្ពុជា​អាច​រៀនសូត្រ​ពី​បទពិសោធន៍​នានា​ដែល​ប្រទេស​ដៃគូ​មាន។ 

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ្យបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​នាគមាស​នេះ​បង្ហាញពី​ភាព​ស៊ីជម្រៅ​និង​គ្រប់ជ្រុង​ជ្រោយ​នៃ​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជានឹង​ចិន។ វា​គឺជា​ឱកាស​សម្រាប់​ភាគី​កម្ពុជា​ក្នុងការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន ជាពិសេស​ផ្នែក​សង្គ្រោះ​មនុស្សធម៌ និង​គ្រោះ​មហន្តរាយ ក៏ដូច​ជា​ការ​ទទួល​បាន​ជំនួយ​យោធា​ពី​ដៃគូ​សមយុទ្ធ។

យ៉ាងណា​ក៏ដោយ​លោក​បញ្ជាក់​ថា៖ «ការធ្វើ​សមយុទ្ធ​យោធា​គឺ​ជា​ការ​ចរន្ត​ទ្វេរទិស មិនអាច​តែពី​កម្ពុជាតែ​ឯង ឬ​ពីប្រទេស​ណា​មួយ​ដែល​ចង់​ធ្វើ​អាច​ធ្វើ​បាន​​នោះ​ទេ។ វាត្រូវតែ​មាន​ចរន្ត​រួម ការ​ប្ដេជ្ញាចិត្ត​រួមគ្នា។ ខ្ញុំ​គិត​ថា កម្ពុជា​ក៏​គួរ​ពង្រីក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​ជាមួយប្រទេស​ផ្សេង​ទៀត ជាពិសេស​ប្រទេស​មហាអំណាច​ធំៗ បើសិន​ជា​មាន​ឱកាស។ ប៉ុន្តែ​បើ​ធ្វើ​ក៏ត្រូវ​តែឈរ​លើ​គោលការណ៍​គោរព​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុជា ហើយ​វា​មិន​មែន​ជាផ្នែក​មួយ​បម្រើ​ឲ្យ​របៀប​វារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ណា​នោះ​ទេ»។ 

លោក​​បន្តថា៖ «បើ​អាច​ទទួល​បាន​ជំនួយ​ផ្នែក​យោធា វា​ក៏ត្រូវ​តែ​ក្នុង​គោលដៅ​​ធ្វើ​ទំនើបកម្ម​ដល់​ប្រព័ន្ធ​សន្តិសុខ ការពារជាតិ​របស់​យើង ពង្រឹង​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង។ បើសិន​ជំនួយ​យោធា​មិន​ធ្វើ​ឲ្យ​​យើង​​ធ្លាក់​ក្នុង​អ​ន្ទាក់​នៃ​ភូមិសាស្ត្រ​នយោបាយ យើង​គួរតែ​ទទួល​យក»។

លោក យ៉ង់ គឹមអេង ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​កម្ពុជា​ពង្រឹក​ការ​ធ្វើ​សមយុទ្ធយោធា​រួម​ជាមួយ​ប្រទេស​ផ្សេងៗ រួមាន​ចិន អាមេរិក ប្រទេស​នៅ​អឺរ៉ុប និង អូស្ត្រាលី ដែល​មាន​សមត្ថភាព​យោធា​ខ្ពស់ ដើម្បី​បង្កើន​សមត្ថភាព​យោធា​របស់​កម្ពុជា។ 

លោក​ថា ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ យើង​អាច​រៀន​ពី​បទពិសោធន៍​ទៅវិញ​ទៅ​មក​ដើម្បី​បង្កើត​សម្ថភាព​យោធា​រៀងៗខ្លួន៕