អ្នកវិភាគ​យល់​ឃើញ​ថា ទស្សនកិច្ច​ផ្លូវការ​របស់​លោក វ៉ាង យី រដ្ឋមន្ត្រីការ​បរទេសចិន​មក​កម្ពុជា​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍​និង​វិនិយោគទុន​​ពី​ប្រទេស​ចិនកាន់​តែច្រើន​ ជាពិសេស​តាមរយៈ​​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤»។

លោក វ៉ាង​ យី ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយា​ល័យ​គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃទី២១​ដល់​២៣ ខែមេសា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែកថែប និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ក៏​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន​៣ បូករួម​ទាំង​ឥណ្ឌូនេស៊ី និង ប៉ាពួអាស៊ីនូវែល​ហ្គីណេ។ 

នៅ​ពេល​មក​ដល់​កម្ពុជា​នៅ​រលៀស​​ថ្ងៃទី​២១ ខែមេសា លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី អនុញ្ញាត​ឲ្យ​ចូល​ក្រាប​បង្គំ​គាល់ នៅ​មហាប្រាសាទ​ខេមរិន្ទ ព្រះ​បរមរាជវាំង​ និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ។ 

លោក​ក៏​​បាន​ធ្វើ​ជា​សហប្រធាន​ជាមួយ​​លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន លើក​ទី៧ មុន​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២២ ខែ​មេសា។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី សុខ ចិន្តាសោភា ភាគីទាំងពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ទំនាក់ទំនងទ្វេភាគី​កម្ពុជា-ចិន ក្រោម​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្ដង់ដារ​ខ្ពស់។ 

ភាគី​ទាំងពីរ​បញ្ជាក់​ថា ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ជំនួប​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​សកម្ម និងញឹកញាប់ រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​ផ្នែក​នយោបាយ​ខ្ពស់ និងមិត្តភាព​រឹងមាំ​ដូច​ដែកថែប​រវាង​ប្រទេស​ទាំងពីរ។ 

រដ្ឋមន្ត្រីការ​បរទេស​ទាំងពីរ ក៏បាន​ពិភាក្សា​ទៅលើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង ប្រជាជន ការ​អភិវឌ្ឍ​រួមគ្នានៃ «ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា» និង «ច្រក​របៀងមច្ឆា និងអង្ករ» ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

យោង​តាម​ក្រសួង​ព័ត៌មាន​ បន្ទាប់​ពីកិច្ច​ប្រជុំ​​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន លើកទី៧ លោក វ៉ាង យី និង លោក ស៊ុន ចាន់ថុល បាន​ធ្វើ​ជាអធិបតេយ្យភាព​លើ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ដូច​ជា លិខិត​ប្តូរសារ​ស្តីពី​ការ​ផ្តល់​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ជនបទ ដំណាក់​កាលទី​២, វិញ្ញាបនបត្រ​ប្រគល់-ទទួល​នៃ​គម្រោង​ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា, ពិធី​សារ​ទាក់ទង​នឹង​ការ​ធ្វើ​ចត្តាឡីស័ក និង​លក្ខខ័ណ្ឌ​តម្រូវ​អនាម័យ​សម្រាប់​ផលិតផល​ចំណី​ឆ្កែ​ពាក់​កណ្តាល​សម្រេច ធ្វើពី​ស្បែក​គោ​សម្រាប់​នាំចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិតចិន។ 

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា៖ «ទន្ទឹមនេះ​ក៏​មាន​​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​សៀវភៅ​កំណត់​ហេតុរបស់​នគរចេនឡា​អំពី​ទឹកដី ប្រពៃណី និងទំនៀម​ទម្លាប់ ប្រែសម្រួល​ជា​ភាសាខ្មែរ និង​ពិធី​អបអរ​នៃ​ការ​នាំចេញ​ដូងស្រស់​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិតចិន​ផងដែរ»។
លោក មាស សុភ័ណ្ឌ ប្រធានក្រុម​អ្នកនាំពាក្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា សៀវភៅ​ដែល​ត្រូវ​បាន​សម្ភោធ​នេះ​ ត្រូវ​បាន​សរសេរ​ដោយ​លោក ជីវ តាក្វាន់។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃរាជ្យបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញ​ថា ទំនាក់ទំនង​កម្ពុជា និង​ចិន មិនដែល​មានភាពជិត​ស្និតបែប​នេះ​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​លោក​សង្ឃឹមថា ដំណើរ​ទស្សនកិច្ចរបស់​លោក​ វ៉ាង​ យី នឹង​ធ្វើ​ឲ្យ​មាន​ភាព​ជាក់ស្ដែង​សម្រាប់ «ឆ្នាំ​​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤»។ 

លោកថ្លែង​ថា៖ «​យើង​សង្ឃឹម​ថា ទស្សនកិច្ច​របស់​លោក​នឹង​ធ្វើ​ឲ្យ​​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤ ​ក្លាយ​ទៅជា​ការជំរុញ​លំហូរ​ភ្ញៀវទេសចរ​ចិន ការផ្លាស់ប្ដូរ​ពាណិជ្ជកម្មរវាងកម្ពុជា-ចិន​ឲ្យមាន​ទំហំកាន់តែ​ធំជាង​មុន និង​ទាក់ទាញ​ការវិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស​ពី​ចិន​មក​កម្ពុជា ជាពិសេស​ជំរុញ​ឲ្យ​មាន​ការ​អនុវត្តគម្រោង កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​នាពេល​កន្លង​មក ដោយប្រែក្លាយ​ពី​កិច្ចព្រមព្រៀង​​ឬការ​សន្យា​នៅ​លើក្រដាស់ឲ្យ​ទៅ​ជា​ការ​អនុវត្ត​នៅ​លើ​ទីលានជាក់ស្ដែង ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ»។ 

លោក គិន ភា បញ្ជាក់​ថា ប្រទេស​ទាំងពីរ​ត្រូវការ​គ្នា​ទៅ​វិញ​ទៅមក និង​ទទួល​បាន​ផល​ប្រយោជន៍​ពីគ្នា​ទៅវិញ​ទៅមក នៅ​លើ​ទិដ្ឋភាព​ផ្សេងៗ រាប់ចាប់​ពី​នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ និង​សន្តិសុខ។

លោក​បញ្ជាក់ដូច្នេះ​ថា៖ «បើយើង​មើល​លើ​កម្រិត​អន្តរជាតិ និង​តំបន់ ប្រទេស​ទាំងពីរ​តែង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក។ ចិន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ដែរ​ពីទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​កម្ពុជា ជា​ពិសេស​ការ​វិនិយោគ​របស់​ខ្លួន​ទៅលើ​ធនធាន​ធម្មជាតិ​របស់​កម្ពុជាដែល​ជា​ការ​វិនិយោគ​របស់​ចិន ហើយ​សំខាន់​បំផុត​ទៀត​នោះគឺ​ការគាំទ្រ​ឥត​ងាករេ​របស់​កម្ពុជា​ចំពោះ​ជំហរ​របស់​ចិន​ក្នុង​កិច្ច​ការ​តំបន់​និង​ពិភពលោក ជាពិសេស​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​តែម្ដង»៕