ភ្នំពេញៈ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ពិចារណា​រៀបចំ​ឱ្យ​មាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូរវាង​លោក ហ៊ុន សែន និង​លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មីយ៉ាន់ម៉ា ក្នុង​គោល​បំណង «សួរសុខទុក្ខ»។

ការស្នើនេះ​ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​មីយ៉ាន់ម៉ា តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​៧ ខែ​ឧសភា។ ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​សាកសួរ​សុខ​ទុក្ខគ្នា និង​ដើម្បី​ទទួល​បាន​ការ​ចែករំលែក​ពី​បច្ចុប្បន្នភាព​នៃ​ការ​វិវឌ្ឍ​នៅ​មីយ៉ាន់ម៉ា។ 

ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ជំនួប​នោះ លោក មីន អ៊ុងឡាំង បាន​វាយ​តម្លៃ​ខ្ពស់​នៃ​ការ​ចូលរួម​របស់​លោក ហ៊ុន សែន ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ហើយព្យាយាម​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ក្នុង​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន កាល​ពី​ឆ្នាំ​២០២២។ 

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា៖ «សម្តេច​តេជោ ក៏​បាន​ស្នើជា​ថ្មី​ម្តង​ទៀត​ឱ្យ ឯកឧត្តម មីន អ៊ុងងឡាំង ពិចារណា​រៀបចំ​ឱ្យ​មាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង សម្តេច​តេជោ និងលោក​ជំទាវ អ៊ុង សាន ស៊ូជី ក្នុង​គោលបំណង​សួរ​សុខទុក្ខ ដោយសារ​សម្តេច​តេជោ និង​លោកស្រី​ធ្លាប់​ជា​សហការី​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​កិច្ចការ​អាស៊ាន»។ 

លោក ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ ៥ចំណុច ឬ​ហៅថា កុងសង់ស៊ីស របស់​អាស៊ាន ហើយ​រំពឹងថា ការ​រីក​ចម្រើន​នៃ​ការ​អនុវត្ត​កុងសង់ស៊ីស​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព​ដែល​មាន​មីយ៉ាន់ម៉ា​ខ្លួនឯងជា​អ្នក​ដឹកនាំ និង​ជាម្ចាស់។

លោក ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មីយ៉ាន់ម៉ា ដែលបាន​បញ្ជូន​តំណាង​មិន​នយោបាយ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​របស់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​កាល​ពី​ខែ​មករា និង​លើកទឹក​ចិត្ត​ឱ្យ​មីយ៉ាន់ម៉ា​បន្ត​ចាត់​តំណាង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សំខាន់ៗ​របស់​អាស៊ាន។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ថា លោក មីន អ៊ុងឡាំង បាន​ឯកភាព​បន្ត​បញ្ជូន​តំណាង​មិន​នយោបាយ​របស់​ខ្លួន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន និង​បាន​សន្យាថា​នឹង​យក​សំណើ​ដទៃ​ទៀត​ទៅ​ពិចារណា ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត។

ប្រភព​ដដែល​បន្ត​ថា លោក មីន អ៊ុងឡាំង ក៏​បាន​ឯកភាព​នឹង​បញ្ជូន​ប្រេសិត​ពិសេស​របស់​ខ្លួនមក​កាន់​កម្ពុជា​នាពេល​ដ៏​ឆាប់​ខាង​មុខ ដើម្បី​បន្ត​ពិភាក្សា​ទៅ​លើ​សំណើ​ទាំង​នេះ និង​ដើម្បីទទួល​យក​នូវ​ការ​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព។ 

លោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ផងដែរ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ និងកីឡា៕