ភ្នំពេញៈ អ្នក​វិភាគ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​រវាង​ថ្នាក់​ដឹក​នាំ​នៃ​សហរដ្ឋអាមេរិក និង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ឱ្យ​បាន​កាន់តែ​ប្រសើរឡើង ខណៈ​កន្លង​មក​កម្រ​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​២។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ ថ្លែងថាទំនាក់​ទំនង​កម្ពុជា-សហរដ្ឋអាមេរិក​ចុង​ក្រោយ​នេះ ហាក់​ដូចជា​មាន​ភាព​ប្រសើរ​ឡើង​ច្រើនដោយ​អ្នក​ការ​ទូត​សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​បាន​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើនរបស់​កម្ពុជា។​ ថ្នាក់​ដឹកនាំ​នៃ​ភាគី​ទាំង​២ ហាក់​ដូចជា​បង្ហាញ​ឥរិយាបថ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ឱ្យកាន់​តែ​ប្រសើរឡើង និង​ហាក់​ដូចជា​មាន​ទស្សនៈ​រួមគ្នា​ច្រើន​លើ​បញ្ហា​តំបន់​និង​ពិភពលោក។ 

លោក​ថ្លែងថា៖ «ដើម្បី​ពង្រឹង និង​ពង្រីក ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង ២​ឱ្យ​បាន​កាន់​តែប្រសើរ​ឡើង ទី១ ខ្ញុំ​យល់​ថា ​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង​២ គួរតែ​រក​ឱកាស​ជួបគ្នា​ឱ្យ​បាន​ញឹក ហើយ​ជជែក​គ្នា​ត្រង់ទៅត្រង់មក។ ទី២ គួរ​គប្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់​ខ្ពស់​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ត្បិត​យើង​កម្រ​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពីសហរដ្ឋអាមេរិក​មក​កម្ពុជា ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក»។

លោក គិន ភា បន្ថែមថា ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​នេះក៏​ជា​សូចនាករ​បញ្ជាក់​អំពី​ភាព​ស៊ី​ជម្រៅនិង​ភាព​ស្អិត​រមួត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ផងដែរ។ ជាពិសេស សហរដ្ឋ​អាមេរិក​គួរតែ​រៀបចំ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​របស់​ខ្លួន​មក​កាន់​កម្ពុជា ប្រសិន​ជា​ចាត់​ទុក​ថា​កម្ពុជា​ជា​ប្រទេស​សំខាន់។ សហរដ្ឋ​អាមេរិក​ក៏​គួរ​រក​វិធី​សាស្រ្ត​ដែល​ឱ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ពីថ្នាក់ដឹកនាំ​កម្ពុជា និង​ពី​តួអង្គ​ពាក់ព័ន្ធ​នៅ​កម្ពុជា ដោយ​ជៀសវាង​ព្យាយាម​មើល​តែ​ជ្រុង​ម្ខាង និង​ដាក់​ល័ក្ខខ័ណ្ឌ​គ្នា​ច្រើនពេក។

លោក​បន្តថា៖ «ភាគី​ទាំង២ មិន​គួរ​យក​បញ្ហា​ដែល​មិន​យល់​ស្រប​គ្នា ឬ​បញ្ហា​ដែល​ផ្ទុយ​គ្នា​ហ្នឹងទៅជា​ស្បៃ​ពពក​បិទបាំង​ទំនាក់ទំនង​ទាំង​មូល​រវាង​កម្ពុជា-សហរដ្ឋអាមេរិក​ទេ។ យើង​គួរ​តែជំរុញ លើក​កម្ពស់​លើ​វិស័យ​ណា​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន។ វិស័យ​ផ្សេង​ទៀត​ដែល​មិនទាន់​ធ្វើការ​ជាមួយ​គ្នា​បាន​គួរ​ព្យាយាម​ស្វែង​យល់ ហើយ​និយាយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយគ្នា ដោយ​គោរព​អធិបតេយ្យ ឯករាជ្យគ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា។ ប្រទេស​ទាំង​២ គួរ​តែ​រក​វិធីសាស្ត្រ​ល្អ​ធ្វើ​ការ​ជាមួយគ្នា ជា​ជាង​ស្ថិត​នៅ​ក្រោម​ស្រមោល​នៃទំនាក់ទំនង កម្ពុជា-ចិន»។

កាលថ្ងៃទី៧ ខែឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ផាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ត្រូវ​ចប់​អាណត្តិមាន​ជំនួប​ទ្វេភាគី​នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួប​នោះ លោក ហ៊ុន ម៉ាណែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក «យ៉ាងសកម្ម» របស់​លោក Murphy ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អាណត្តិការ​ទូត​របស់​លោក​លើ​វិស័យ​ជាច្រើន រួមមាន អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន និង​ការ​លើក​កម្ពស់​ការ​ភ្ជាប់ទំនាក់ទំនង​វិស័យ​ឯកជន ក្នុង​វិស័យ​ធុរកិច្ច និង​វិនិយោគ។ 

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-សហរដ្ឋអាមេរិក ក្នុង​អាណត្តិការទូត​របស់​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ថ្មី ហើយ​លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​គោល​នយោបាយទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដោយ​ឈរ​លើ​មូលដ្ឋាន​សង្គតិភាព និង​និរន្តរភាព។ 

លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​អំពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​ថ្មីៗ​ក្នុង​ការ​កែលម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​បន្ថែម​ទៀត រួម​ទាំង​វិនិយោគិន​ពី​សហរដ្ឋ​អាមេរិក។ 

លោក Murphy បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម X (អតីត Twitter) នាថ្ងៃទី៧ ឧសភា ថា ក្នុង​ជំនួប​នោះ លោក​បាន​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត អំ​ពី​សមិទ្ធផល និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រម​ទាំង​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន​ទៅមុខ​។ 

លោកសរសេរថា៖ «ខ្ញុំ​មាន​មោទនភាព​ចំពោះ​មិត្តភាព​របស់​យើង​ជាមួយ​ប្រជាជន​កម្ពុជា និង​គាំទ្រ​រាល់​សំឡេង​ទាំងអស់​ត្រូវ​បានឮ ​និង​គោរព»។

លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទំនាក់ទំនង​កម្ពុជា-សហរដ្ឋអាមេរិក ស្ថិត​ក្នុង​ដំណាក់​កាល​ឡើង​ចុះ ជាពិសេស គឺ​មិន​សូវ​ល្អ​នោះ​ទេ ដោយសារ​ការ​មិន​ទុក​ចិត្ត​គ្នា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​លើ​លទ្ធភាព​នៃ​វត្តមានយោធា​ចិន​នៅកម្ពុជា និង​ការ​ដើរថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស និងសិទ្ធិ​សហជីព។ 

លោកថ្លែង​ថា៖ «ការ​ពឹង​អាស្រ័យ​ខ្លាំង​របស់​កម្ពុជា​ទៅ​លើ​ចិន ក៏​ជា​កត្តា​មិន​អំណោយ​ផលសម្រាប់​ទំនាក់ទំនង​ជាមួយ​មហាអំណាច​ប្រជាធិបតេយ្យ​នេះ​ដែរ។ ប៉ុន្តែ​យ៉ាងណា លោក Patrick Murphy ហាក់​ធ្វើ​នយោបាយ​ការទូត​ទន់ភ្លន់​ជាមួយ​កម្ពុជា ជាពិសេស ជាមួយ​អ្នកដឹកនាំ​ថ្មី ក្នុង​ក្តី​សង្ឃឹម​ថា នឹង​អាច​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង២ កាន់តែ​ប្រសើរ​ឡើង ប៉ុន្តែគោល​នយោបាយនេះ ហាក់​បង្ហាញ​ថា បរាជ័យ​ទៅ​ហើយ ដោយសារ​ការ​រឹត​បន្តឹង​លើ​អ្នកជំទាស់ ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ និង​កម្មករ ឬ​សហជីព​កម្មករ​ជាដើម»។

លោក រ៉ូ វណ្ណៈ លើក​ឡើង​ថា៖ «ការរៀបចំ​វេទិកា ឬ ការ​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង២ ការ​លើក​កម្ពស់ និង​ពង្រីក​ការ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា អាច​ជា​កត្តា​កសាង​ទំនុកចិត្ត និង​ភាព​ជឿជាក់​គ្នា បន្ថែម​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ ឬ ការ​បើក​លម្ហសិទ្ធិសេរីភាព​នយោបាយ ដំណើរការ​ប្រជាធិបតេយ្យ​សេរីពហុបក្ស និង ការ​ដោះលែង​អ្នក​ទោសនយោបាយ​នឹង​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២ មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​សម្រាប់​ផលប្រយោជន៍​នៃប្រជាជន​នៃ​ប្រទេស​ទាំង ២»។ 

លោកបន្ថែមថា កម្ពុជា​គួរ​ពិនិត្យ​ឡើងវិញ​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​សហរដ្ឋ​អាមេរិក អូស្ត្រាលី ឬ ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត ដើម្បី​បង្ហាញ​ថា កម្ពុជា​មិនមែន​ធ្វើ​សមយុទ្ធ​យោធា​តែ​ជាមួយ​ប្រទេស​ចិន​នោះទេ។

ប៉ុន្តែ លោក អ៊ិន តារា ឯកអគ្គរាជទូត និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ហ្សឺណែវ ប្រទេស​ស្វីស បាន​លើក​ឡើង​កាល​ពីថ្ងៃទី​៥ ឧសភា ថា សមាជិក​សហជីព​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស មិនមែន ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម​នោះ​ទេ។

លោក​ថ្លែង​បន្តថា៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែរ បុគ្គល​ទាំង​នោះ​ត្រូវ​បាន​ចាប់ខ្លួន និងចោទ​ប្រកាន់ មិនមែន​ផ្អែក​លើ​សម្ព័ន្ធ​នយោបាយ ឬ​តួនាទី​ជា​សហជីព​នោះ​ទេ។ បទចោទ​ប្រកាន់​កើត​ចេញ​ពី​ការ​ប្រព្រឹត្ត​បទល្មើស​​នឹង​ច្បាប់​តែ​ប៉ុណ្ណោះ»។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា វត្តមាន​នាវា​ចិន ២​គ្រឿង ដែល​បានចូលចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើង​ទឹក​កម្ពុជា គឺជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួង​ការពារជាតិ​កម្ពុជា-ចិន ដោយ​ចិន​នឹង​បណ្តុះបណ្តាល​អំពី​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​នាវា ក៏ដូចជា​ បច្ចេកវិទ្យា​ថ្មីៗ​ផ្សេងទៀត ដល់​កងទ័ព​ជើង​ទឹក​កម្ពុជា ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​ធ្វើទំនើបកម្ម​កងទ័ព​ជើងទឹក​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំងក្លា។

លោក​បញ្ជាក់​ក្នុង​បណ្តាញ​សង្គម​នា​ថ្ងៃទី​៧ ឧសភា ថា៖ «ការ​ចូល​នៃ​នាវា​ចិន​នេះ ក៏​ជា​ការ​តេស្ត​សាកល្បង​ចំពោះ​កំពង់ផែ​រាម ដែល​ភាគី​ចិន​កំពុង​ជួយ​សាងសង់​ឱ្យ​កម្ពុជា ហើយ​កម្ពុជា​ក៏គ្រោង​នឹង​ទិញ​នាវា​បែបនេះ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​យោធា​នៅ​ពេល​ខាង​មុខ​ផងដែរ មិនមែន​ជាការ​តាំង​មូលដ្ឋាន​ទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

កម្ពុជា-ចិន គ្រោង​ធ្វើ​សមយុទ្ធ​នាគមាស ដែល​ជា​លំហាត់​រួមគ្នា​រវាង​កងទ័ព​​នៃ​ប្រទេស​ទាំង​២លើក​ទី៦ នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្មរួម និង​ការ​សង្គ្រោះ​មនុស្សធម៌»៕