ប្រទេស​កម្ពុជា​ កំពុង​មើលឃើញ​ពីការប្រែប្រួល​គួរឱ្យកត់សម្គាល់​។ សូម្បីតែ​មុខរបរ​ក្រៅ​ប្រព័ន្ធ​តូចតាច​រាប់​តាំងពី​ការទូទាត់​ថ្លៃ​ជិះ​រ៉ឺម៉ក អាហារ​ចិញ្ចើមថ្នល់ រហូតដល់​ហាង​ទំនើប បានផ្ដល់​ជម្រើស​ទូទាត់​ដោយ​ស្គេ​ន​ឃ្យូ​អរ​កូដ ឬ​មធ្យោបាយ​ទូទាត់​នានា​ដែល​គ្មាន​ការរាប់​ក្រដាសប្រាក់​។​

​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​បដិវត្តន៍​ឌីជីថល​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ការគិតគូរ​វែងឆ្ងាយ​ពី​ធនាគារជាតិកម្ពុជា​ ក្រោម​ការដឹកនាំ​ដោយ​ទេសាភិបាល​ដ៏​ឆ្នើម​គឺ​ លោកស្រី ជា សិរី ដោយ​​បាននិងកំពុង​ជំរុញ​យ៉ាងសកម្ម​នូវ​អនាគត​ការទូទាត់​ឌីជីថល ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​មួយកម្រិត​ថែមទៀត​។​

យោងតាម​របាយការណ៍​ឆ្នាំ​២០២៣ ដោយ​ធនាគារជាតិ​កម្ពុជា ស្របតាម​ការ​វិវឌ្ឍរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចាប់ យក​ឱកាស​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ និង​សង្គម​ឌីជីថល​តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​បាគង ស្ដង់ដា​ ខេ​អេ​ច​ ឃ្យូ​អរ (KHQR) និង​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន ​ស៊ែ​ស្វី​ច (CSS) ជាដើម​។​

លោកស្រី​ទេសាភិបាល​បានទទួល​ស្គាល់​ការផ្ដល់​ប្ដូរ​ដ៏​មាន​សក្តានុពល ​ផ្លាស់ប្តូរ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​។​

​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទូទាត់​ដែល​ត្រូវ បាន​អភិវឌ្ឍ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ​ចែកជា ២ប្រភេទ​គឺ​ប្រព័ន្ធ​ទូទាត់​តម្លៃ​ធំ និង​ប្រព័ន្ធ​ទូទាត់​រាយ​។​

​ប្រព័ន្ធ​ទូទាត់​តម្លៃ​ធំ មាន​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក (OBS) និង​ប្រព័ន្ធ​ទូទាត់​តម្លៃ​ធំ​បាគង (Bakong LV)​។​

​ប្រព័ន្ធ​ទូទាត់​រាយ ​រួមមាន ប្រព័ន្ធ​ផាត់ទាត់​ជាតិ (NCS) ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​ជំនាន់​ថ្មី (FAST 2.0) ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ ស៊ែ​ស្វី​ច (CSS) ប្រព័ន្ធ​រី​ធែ​ល​ផេ (Retail Pay) និង​ប្រព័ន្ធ​បាគង​។​

លោកស្រី​លើកឡើងថា​៖ «​បាគង​បាន​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​នៅក្នុង​ស្រុក​របស់​យើង និង​ធ្វើ​បដិវត្តន៍​ប្រតិបត្តិការ​អន្តរជាតិ​»​។​
​ភាពជឿនលឿន​ទាំងនេះ​បាន​សម្រួល​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​យ៉ាងសំខាន់ ធ្វើឱ្យ​ការទូទាត់​កាន់តែ​លឿនថោក​ជាង និង​មាន​សុវត្ថិភាព​ជាង​មុន​។​

ការទូទាត់​តាម​ឌីជីថល​ដ៏​ងាយស្រួល​កំពុង​កើនឡើង​​ឥទ្ធិពល​នៃ​គំនិត​ផ្តួចផ្តើម​ទាំងនេះ ​គឺ​មិនអាច​ប្រកែក​បាន​។ ប្រទេស​កម្ពុ​ជា​មាន​គណ​នី e-wallet ចំនួន ១៩,៧ លាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែលជា​សក្ខីភាព​នៃ​ការកើនឡើង​នូវ​ទំនុកចិត្ត​សាធារណជន​ក្នុង​ប្រតិបត្តិការ​ឌីជីថល​។​

​ចំនួន​ប្រតិបត្តិការ​ជាង ៦០១ លាន​ប្រតិបត្តិការ បាន​កើនឡើង ១៨% គួរ​ឱ្យចាប់អារម្មណ៍ ដែល​ឈានដល់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣១១ ពាន់​ពាន់​លាន​រៀល (​ជិត​ ៧៦ ពាន់​លាន​ដុល្លារ​)​។ តួលេខ​នេះ​ជា​ចំនួន​គួរឱ្យ ភ្ញាក់ផ្អើល​ស្មើនឹង ២,៤ ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ឥឡូវនេះ​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។​

​ក្នុងឱកាស​ខួប​លើក​ទី៤៤ ​នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៤ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា បាន​មាន ប្រសាសន៍ថា​ ៖«​ជា​លទ្ធផល​ ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ និង​ខ្ពស់ជាង​កំណើន​នៃ​ការទូទាត់​អេឡិច​ត្រូនិក​ប្រាក់​ដុល្លារ​អាមេរិក ​ដែល​កើន​ក្នុង​អត្រា ៣,១​ ភាគរយ​»​។​

ការទូទាត់​ឆ្លងកាត់​ព្រំដែន​ដ៏​រលូន​​លោកស្រី​ទេសាភិបាល សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ប្រព័ន្ធ​បាគង​បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ជា​ប្រព័ន្ធ​ទូទាត់​ជាតិ (National Payment Hub) សម្រាប់​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ផ្ដល់​ជា​មធ្យោបាយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់ និង​ទូទាត់​ទំនិញ​ដែលមាន​កម្រៃ​ទាប សម្រាប់​ពលករ​ចំណាកស្រុក ភ្ញៀវទេសចរ និង​អ្នក​ធុរកិច្ច​។ 

ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ឆ្លងដែន QR Code រវាង​ប្រព័ន្ធ​ទូទាត់​ប្រាក់​បាគង​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​បណ្តាញ​ទូទាត់ UnionPay International (UPI) កាល​ចុងឆ្នាំ២០២៣ លោកស្រី ជា សិរី បាន​គូស​បញ្ជាក់ទៀតថា​៖ «​ធនាគារ-​ជាតិ​នៃ​កម្ពុជា​ក៏បាន​ជំរុញការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋកម្ពុជា ដែលមាន​គណនី​ប្រាក់រៀល​អាច​ទូទាត់​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ (QR Code) បាន​ងាយស្រួល​នៅក្នុង​ប្រទេស​​ទាំងនោះ​»​។​

​គំនិត​ផ្តួចផ្តើម​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បើកទ្វារ​សម្រាប់​ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​អនុញ្ញាត ឱ្យ​ពួកគេ​ទូទាត់​ទំនិញ និង​សេវា​កម្ម បាន​យ៉ាង​ងាយស្រួល ​ដោយ​ប្រើ​ប្រាក់យន់​តាមរយៈ​ប្រតិបត្តិការ​កូដ QR ។​

លោកស្រី​បាន​បន្តទៀតថា​៖«​ការតភ្ជាប់​នេះ​ក៏បាន​អនុ​ញ្ញា​តឱ្យ​ទេសចរបរទេស​អាច​ទូទាត់​តាម​ឃ្យូ​អរ​កូដ (QR Code) នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​។ បច្ចុប្បន្ន​កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន ផ្ដល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ដូចជា ចិន និង​ឥណ្ឌា ជាដើម​»​។​

​ការប្តេជ្ញាចិត្ត​ពង្រឹង​រូបិយប័ណ្ណ​ជាតិ​ប្រាក់រៀល​ ​ខណៈពេលដែល​ការទូទាត់​តាម​ឌីជីថល​កំពុង​រីកចម្រើន ធនាគារជាតិ​នៃ​កម្ពុជា នៅតែ​ប្តេជ្ញា​ពង្រឹង​ប្រាក់រៀល​កម្ពុជា (KHR)​។​

និន្នាការ​នេះ​បង្ហាញ​ពី​មោទនភាពជាតិ​កាន់តែ​កើនឡើង និង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការប្រើប្រាស់​ប្រាក់រៀល​សម្រាប់​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។​

លោកស្រី ជា សិរី ទេសាភិបាលធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍ថា​៖«​ជា​លទ្ធផល​ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៤៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ និង​ខ្ពស់ជាង​កំណើន​នៃ​ការទូទាត់​អេឡិច​ត្រូនិក​ប្រាក់​ដុល្លារ​អាមេរិក ​ដែល​កើន​ក្នុង​អត្រា ៣,១​ ភាគរយ​»​។​

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។ហុង មិនា

​ការកសាង​ទំនុកចិត្ត ការវិនិយោគ​លើ​សន្តិសុខ និង​ការយល់ដឹង​សាធារណៈ​ ​NBC ផ្សព្វផ្សាយ​យ៉ាងសកម្ម​នូវ​ការយល់ដឹង​ជា​សាធារណៈ​តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​ដែល​អប់រំ​ប្រជា-ពលរដ្ឋ​អំពី​អត្ថប្រយោជន៍​ទាំង​ប្រាក់រៀល និង​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​។​

តួអង្គ​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយប័ណ្ណ ដែល​លោកស្រី​ទេសាភិបាល​បានលើកឡើង​ថា​៖ «​យើង​បាន​បង្កើតឱ្យមាន​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន (​ស​.​ស​.​រ​) ដែល​នៅ​ទីនោះ​មានការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះ​ក្បាយ ​អំពី​ទំនាក់ទំនង​រវាង​រូបិយវត្ថុ​ជាមួយ​ស្ថាប័ន និង​សង្គម និង​ប្រវត្តិ​សេដ្ឋកិច្ច​នយោបាយ​នៅ​កម្ពុជា​កំឡុង​ជាង​២ពាន់​ឆ្នាំ​មកនេះ​»​។​

ក្រៅពី​លើកទឹកចិត្ត​សូមឱ្យ​ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុន​សហគ្រាស និង​សាធារណជន​ចូលរួម​ទស្សនា​ស្វែងយល់​ពី​ប្រវត្តិ​រូបិយវត្ថុ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​សារមន្ទីរ​នេះ លោកស្រី​ក៏បាន​បង្ហាញ​ផងដែរ​ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​រៀបចំ​សិក្ខាសាលា និង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ប្រាក់រៀល​នៅតាម​បណ្ដា​ខេត្ត ដើម្បី​បញ្ជ្រាប​ស្មារតី​ស្រឡាញ់​ប្រាក់រៀល និង​លើកកម្ពស់​ការចូលរួម​របស់​សាធារណ​ជន​ឱ្យ​ងាក​មក​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ឱ្យ​កាន់តែ​ច្រើន​ជាង​មុន​»​។​

​គំនិត​ផ្តួចផ្តើម​ទាំងនេះ​មាន​គោលបំណង​បង្កើត​អនាគត​មួយ​ដែល​ប្រាក់រៀល​រីកចម្រើន​ទន្ទឹមនឹង​ការរីកចម្រើន​ផ្នែក​ឌីជីថល​៕