Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​ផ្លាស់ប្តូរ​នៃការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​អប់រំ​ ទាំង​រដ្ឋ និង​ឯកជន

Content image - Phnom Penh Post
សិស្ស​រៀន​នៅ​សាលា​សុវណ្ណភូមិ​ទទួល​សញ្ញបត្រ​បញ្ចប់​ការសិក្សារបស់ខ្លួន។ Photo supplied

ភាព​ផ្លាស់ប្តូរ​នៃការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​អប់រំ​ ទាំង​រដ្ឋ និង​ឯកជន

ការអប់រំ​គឺជា​មធ្យោបាយ​គ្រឹះ​មួយ​ផ្នែក​ឆ្ពោះ​ទៅរក​ភាពជោគជ័យ ហើយ​ក៏ជា​រង្វាន់​នៃអ្នក​ដែល​បាន​ប្រឹងប្រែង​ក្នុងការ​ឆ្លងកាត់​វា។

ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​វិស័យ​អប់រំ​គ្រប់​កម្រិត​ទាំងអស់​ឡើងវិញ បន្ទាប់ពី​អវត្តមាន​ដែល​បង្កដោយ​សង្គ្រាម​សោកនាដកម្ម​ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​ហើយ​ការចាប់ផ្តើម​នេះជា​មូលដ្ឋាន​មួយ​នៃតថភាព​សង្គម​ដ៏ប្រសើរ រួមជាមួយ​កំណែ​ទម្រង់​វិស័យ​អប់រំ​ទាំង​រដ្ឋ និង​ឯកជន ដោយ​ផ្អែកលើ​កម្មវិធីសិក្សា​ថ្នាក់​ជាតិ​ពីក្រសួង​អប់រំ។

សិស្ស​ទាំងអស់​បាន​ខិតខំ​រៀនសូត្រ និង​កសាង​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ក្នុងការ​ប្រឡង ចាប់​តាំងពី​ការធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅក្នុង​ឆ្នាំ ២០១៣ មក ដែល​ក្នុងនោះ​រួមមាន​ទាំងការ​រឹតបន្តឹង​លើការ​លួចបន្លំ​មើល​សំណៅ​ឯកសារ​ក្នុង​ការប្រឡង​ថ្នាក់ជាតិ​ក្នុង​កម្រិត​សិក្សា​ថ្នាក់​បញ្ចប់​វិទ្យាល័យ​ផងដែរ។

បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន ការមាន​យុទ្ធសាស្ត្រ​គោល​នយោបាយ​ល្អ និង​ទស្សនៈវិស័យ​ច្បាស់លាស់​ក្នុង​កម្មវិធី​សិក្សា គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​កំណត់​វិស័យ​អប់រំ​នាពេល​អនាគត​របស់​ប្រទេស​នេះ។ ប៉ុន្តែ ការ​សម្រេច​ចិត្ត​ថា តើ​យើង​នឹងធ្វើ​ដំណើរ​ទៅ​ត្រូវ ឬខុស​គោលដៅ​នោះ គឺ​អាស្រ័យ​លើការ​ចូលរួម​ទាំងអស់គ្នា​ពីសំណាក់​ប្រជាជន។

លោក​មានប្រសាសន៍​បន្តថា ៖ «ប្រសិន​បើ​ប្រទេស​អ្នក​មិនមាន​ធនធាន​មនុស្ស​ល្អ អ្នក​នឹងមាន​បញ្ហា​ធំ ហើយ​អ្នកអាច​មើលឃើញ​ថាតាម​បណ្តា​ប្រទេស​ដែល​ជឿនលឿន និង​ការអភិវឌ្ឍ គឺ​សុទ្ធសឹង​ជាប្រទេស​ដែល​មាន​ធនធាន​មនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់»។

ក្នុង​រយៈពេល ១៥ ឆ្នាំមុន វិស័យ​អប់រំ​ក៏បាន​ចាប់ផ្តើម​កើន​ឡើងជា​បន្តបន្ទាប់។ សម្រាប់​ការសិក្សា​អប់រំ​ថ្នាក់​បឋមសិក្សា ការចុះឈ្មោះ​ចូលរៀន​បាន​កើនឡើង​ពី ៨៧ ទៅ ៩៨ ភាគរយ ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ (ថ្នាក់​ទី ៧ ដល់ទី ៩)បាន​កើនឡើង​ពី ៣០ ទៅ ៥៥ ភាគរយ ហើយ​សម្រាប់​ការអប់រំ​ថ្នាក់​វិទ្យាល័យ​ត្រូវបាន​កើនឡើង​ពី ១៨ ទៅ ២៧ ភាគរយ ដែល​ផ្ទុយស្រឡះ​ពីឆ្នាំ ១៩៧៩ ការ​ចុះឈ្មោះ​ថ្នាក់​វិទ្យាល័យ​មានតែ​មួយ​ភាគរយ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ថែមថា ក្រសួង​មាន​កំណែទម្រង់​ជាច្រើន​ផ្នែក​គឺ: ផែនការ​បង្កើន​ប្រាក់បៀវត្សរ៍​ពី ១២០ ដុល្លារ​ដល់ ២៥០ ដុល្លារ​សម្រាប់​គ្រូថ្នាក់​បឋមសិក្សា ដើម្បី​លើក​ទឹកចិត្ត​គ្រូបង្រៀន។

ដោយសារ​តែ ៨០ ភាគរយ នៃ​គ្រូបង្រៀន​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ដូច្នេះ​យើងត្រូវ​ជ្រើសរើស​ពួកគាត់​ដែល​នៅរស់​មក​ធ្វើជា​គ្រូបង្រៀន​ក្នុង​ប្រព័ន្ធ​អប់រំ​នេះ និង​បង្កើត​គ្រូ​ជំនាញ​សម្រាប់​អាជីព​នីមួយៗ ដូចជា ការបង្រៀន ការគ្រប់គ្រង និង​នាយក​សាលា​ជាដើម។

បើយោងតាម​លោកនាយក​វិទ្យាល័យ​រដ្ឋ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​បានឲ្យ​ដឹងថា ៖ «ខ្ញុំ​ជឿថា​សិស្ស​ភាគច្រើន​នៅតែ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​រដ្ឋ ហើយ​ពួកគេ​នឹង​ទទួល​បាន​សមត្ថ​ភាពយ​ល់​ដឹង​ខ្ពស់ និង​ចំណេះដឹង​ពេញលេញ។ ការចុះ​ឈ្មោះ​ចូលរៀន​របស់​សិស្ស​ត្រូវ​បាន​កើន​ឡើង​នៅក្នុង​វិទ្យាល័យ​របស់ខ្ញុំ»។

តាមរយៈ​ការពិភាក្សា​ជាមួយ​លោក​នាយក​រូបនេះ​ទាំង​មាន​ជំនឿ​ចិត្ត លោក​បាន​សង្កេត​ឃើញ​ថា ទាំង​សាលា​រដ្ឋ និង​ឯកជន​ត្រូវគោរព​តាម​កម្មវិធីសិក្សា​ថ្នាក់ជាតិ ដែល​ទទួល​ស្គាល់ពី​ក្រសួង​អប់រំ ដូច្នេះ​គ្រូបង្រៀន​នៅ​សាលារដ្ឋ​នៅ​តែមាន​សក្តានុពល បើទោះបី​ជាមាន​សាលារៀន​ឯកជន​បាន​បង្កើត​ឡើង​ជាច្រើន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក៏ដោយ។

Content image - Phnom Penh Post
ទិដ្ឋភាពសាលាសុវណ្ណភូមិមើលពីលើអាកាស។ Photo supplied

លោកនាយក​បាន​បន្តថា ឪពុកម្តាយ​មួយ​ចំនួន​បាន​ជ្រើសរើស​យក​សាលា​ឯកជន​ដោយសារ​មូលហេតុ​ពួកគាត់​អាច​ចុះឈ្មោះ​កូន​ដែល​មិនទាន់​គ្រប់​អាយុ​របស់​ពួកគាត់​ឲ្យ​ទៅ​សិក្សា​បាន ប៉ុន្តែ​នេះ​ជាអ្វី​ដែល​សាលា​រដ្ឋ​មិនអាច​ធ្វើបាន​ពីព្រោះ វាខុស​នឹង​ច្បាប់​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ​ផងដែរ។

ចំណែក​តាម​ប្រសាសន៍​របស់​លោក ឃឹម ផុន ប្រធាន​នាយក​ប្រតិបត្តិ​ស្ថាប័ន​អប់រំ អ៊ិនធីស៊ី គ្រុប (NTC Group) បាន​ឲ្យ​ដឹង​ដែរថា សមាគម​បាន​គ្រប់គ្រង​លើ​សាលារៀន​អន្ដរជាតិ​ចំនួន​ពីរ​ដែលមាន​ស្តង់ដារ​ពី​ប្រទេស​អង់គ្លេស និង​សាលា​ជាតិ​ឯកជន​ចំនួនពីរ​ដែល​មាន​ស្តង់ដារ​គោរព​តាម​ប្រព័ន្ធ​អប់រំ​ពី​ក្រសួង​អប់រំ​ពីកម្រិត​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី ១២ ដូចជា​សាលា​សុវណ្ណ​ភូមិ​ជាដើម។

លោក​បាន​បន្តថា ៖ «សិស្ស​ដែល​បាន​សិក្សា​នៅក្នុង​សាលា​ឯកជន​នេះ អាចអនុវត្ត​បាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស នៅពេល​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សាទី ១២ ដែលមាន​ប្រយោជន៍​បំផុត​នៅក្នុង​ទីផ្សារ​ការងារ​នាពេល​អនាគត»។

លោក​បាន​បន្តថា ជាការ​ពិតណាស់ សាលារៀន​គឺជា​កន្លែង​ដែល​ផ្តល់​ការអប់រំ សិស្ស​ចង់មក​ក្រេប​ចំណេះ​ដឹង និង​ខុសគ្នា​ពី​ផ្ទះ​របស់គាត់។ បើសិនជា​សាលារៀន គឺជា​កន្លែង​ដែល​ធ្វើឱ្យ​សិស្ស​ធុញ សិស្ស​នឹងមិន​សប្បាយចិត្ត​នឹង​មកទេ ដូច្នេះ​យើង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​កន្លែង​នោះ​ទៅជា​កន្លែង​ដែលមាន​ផាសុកភាព និង​បំពាក់​ដោយ​គ្រឿង​ឧបទេស ដែល​ជំរុញ​ឲ្យសិស្ស​ប្រកបដោយ​ចំណេះដឹង។

លោក ផុន បាន​បន្ថែមថា ៖ «ខ្ញុំបាន​សង្កេតឃើញ​ក្នុង​រយៈពេល​ប្រហែល​ជាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​អាណាព្យាបាល​របស់​សិស្ស​បាន​យកចិត្ត​ទុកដាក់​ទៅលើ​កម្មវិធីសិក្សា និង​ទីតាំង​សិក្សា​មិនថា​តាម​ស្ថាប័ន​អប់រំរដ្ឋ ឬ​ឯកជន​នោះទេ ដោយសារ​ទីផ្សារ​នៃ​អាហារូបករណ៍​ពីបណ្តា​ក្រៅ​ប្រទេស និង​ទីផ្សារ​ការងារ​ដែល​តម្រូវ​ឲ្យ​សិស្ស​មាន​ចំណេះ​ដឹង​ច្បាស់លាស់ និងការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ស្ទាត់ជំនាញ​ដើម្បី​ងាយស្រួល​សម្រេច​គោលដៅ​បន្ទាប់ពី​បញ្ទប់​ការសិក្សា។

រវាង​ស្ថាប័នរដ្ឋ និង​ឯកជន កម្មវិធីសិក្សា និង​គ្រូបង្រៀន គឺបាន​មកពី​ក្រសួង​អប់រំ ប៉ុន្តែ​សព្វថ្ងៃនេះ​ឪពុកម្តាយ​ភាគច្រើន​បាន​បញ្ជូន​កូន​របស់​ខ្លួន​ទៅរៀន​នៅ​ស្ថាប័ន​ឯកជន ដោយ​សារតែ​ស្ថាប័នឯកជន​បាន​គ្រប់គ្រង និង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៊ឹង​លើការ​សិក្សា​ដោយ​មានការ​យកចិត្ត​ទុកដាក់​ពីគ្រូ​បង្រៀន វិន័យ​សីលធម៌ និង​បរិយាកាស​ជុំវិញ​របស់​ស្ថាប័ន​នោះ។

លោក​បាន​ថ្លែងថា ប្រសិនបើ​យើង​សម្លឹង​មើល​ទីផ្សារ​អប់រំ នៅពេល​ដែល​មានការ​ប្រកួត​ប្រជែង​រវាង​ស្ថាប័ន​អប់រំ​រដ្ឋ និង​ឯកជន ឯកជន និង​ឯកជន គឺជា​ផល​វិជ្ជមាន​មួយ​ដែល​ស្ថាប័ន​អប់រំ​ទាំងអស់​ចូលរួម​ពង្រឹង​នូវ​សមត្ថភាព ដើម្បី​ផ្តល់នូវ​ការអប់រំ​ដែលមាន​គុណភាព​ល្អដល់​សិស្ស​ទាំងឡាយ «នៅពេល​ដែល​វិស័យ​ទាំងពីរ​មានការ​ប្រកួត​ប្រជែង​គ្នា លទ្ធផល​ដែល​ទទួលបាន​ប្រសើរ​ឡើងលើ​ផ្នែក​វិស័យ​អប់រំ គឺជា​សិស្ស​ដែលជា​សមិទ្ធផល​មួយ​ចូលរួម​ក្នុងការ​បង្កើន​ធនធាន​ល្អ​នៅក្នុង​សង្គម។

ទោះ​យ៉ាងណា អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ-បង្រៀន​ក្នុង​អាណត្តិ​ថ្មីនេះ​បាន​ថ្លែងថា ៖ «សមាគម​របស់​យើង​តែងតែ​ចាត់​វិធានការ​ដើម្បី​ជួយ​គ្រូបង្រៀន​នៅ​គ្រប់​កម្រិត​ទាំងអស់ ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្សរ៍ សមរម្យ​ស្រប​ទៅតាម​ទំនិញ​នៅលើ​ទីផ្សារ ប្រាក់រង្វាន់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក និង​ដើម្បី​កែលម្អ​គុណភាព​នៃការ​អប់រំ​នៃ​ស្ថាប័នរដ្ឋ​គ្រប់កម្រិត​ថ្នាក់​ទាំងអស់។ ឧទាហរណ៍ លុបបំបាត់​នូវ​ការយក​ថវិកា​ពី​សិស្ស​ក្នុង​សាលារដ្ឋ​ដែលជា​អំពើ​មួយ​មិន​សមស្រប​ជា​គ្រូបង្រៀន​ដែល​មាន​វិជ្ជាជីវៈ»។

អ្នកស្រី​បាន​មានប្រសាសន៍​ថា ៖ «យើង​ព្យាយាម​ជំរុញ​លើក​ទឹកចិត្ត​ដល់​គ្រូបង្រៀន​និង​សិស្ស​ក្នុងការ​ចូលរួម​ផ្តល់នូវ​ចំណេះ​ដឹង និង​ក្រេបជញ្ជក់​ចំណេះដឹង​ពីការ​បង្រៀន​របស់​គ្រូ និងធ្វើខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ និង​សីលធម៌​នៅក្នុង​អត្ថន័យ​អប់រំ​តាំងពី​ថ្នាក់​បឋម​រហូតដល់​អប់រំ​ឧត្តមសិក្សា។

ទោះបី​ជាមាន​កំណែទម្រង់​នៃ​កម្មវិធី​ថ្នាក់ជាតិ​នៅ​តាម​ស្ថាប័នរដ្ឋ នាពេល​បច្ចុប្បន្ន​នេះក្តី ក៏ស្ថាប័ន​ឯកជន​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព​ពីឪពុក​ម្តាយ​ក្នុងការ​បញ្ជូន​កូនទៅ​ស្ថាប័ន​អប់រំ​ឯកជន​ដែរ ដោយ​មូលហេតុ​ផ្សេងៗ​ដូចជា អាណាព្យាបាល​មាន​ទំនុកចិត្ត​នៃ​គុណភាព និង​បរិស្ថាន​របស់​សាលារៀន​ឯកជន ស្រប​ពេល​ដែល​ស្ថាប័ន​អប់រំ​ឯកជន​ត្រូវបាន​រីកដូចផ្សិត។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទាំង​ការបារម្ភ​ថា បន្ទាប់​ពីការ​អនុវត្ត​កំណែទម្រង់​ថ្មី​នៃការ​ប្រឡង​ថ្នាក់ជាតិ ឪពុកម្តាយ​មួយ​ចំនួន​បាន​បាត់បង់​ទំនុក​ចិត្តជាមួយ​នឹង​គុណភាព​នៃការ​បង្រៀន​នៅក្នុង​សាលារៀន​រដ្ឋ ដោយ​សុខចិត្ត​ចំណាយ​ថវិកា​បង់ឲ្យ​កូន​ចូលរៀន​សាលា​ឯកជន​ដោយសារ​កម្រិត​អប់រំ​គ្រូបង្រៀន​នៅ​សាលារដ្ឋ​ត្រូវបាន​អន់ថយ និង​ស្ថិត​នៅក្រោម​ស្ដង់ដារ​គុណភាព​នៃការ​បង្រៀន។

អ្នកស្រី​បន្តថា ៖ «នេះ​គឺជា​ការព្រួយបារម្ភ​មួយ​នៃ​ស្ថាប័ន​អប់រំ​រដ្ឋ ដែលនឹង​មានតែ​អគារ ប៉ុន្តែ​មិនមាន​សិស្ស​ចូលរៀន ហើយ​ក៏ជា​អ្វីដែល​ក្រសួង​អប់រំ គួរ​យកចិត្ត​ទុកដាក់​លើកត្តា​គុណភាព​អប់រំ គ្រូបង្រៀន និង​សិស្ស​ផងដែរ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ