Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង (AIS) បន្ត​ភាព​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ

Content image - Phnom Penh Post

សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង (AIS) បន្ត​ភាព​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជា​សាលា​ចំណេះ​ទូទៅ​តាម​បែប​ខ្មែរ-អាមេរិកាំង ដែល​មាន​កម្មវិធី​សិក្សា​ចាប់ពី​ថ្នាក់​ក្រោម​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី​១២ ដោយ​បង្រៀន​តាម​របៀប​អាមេរិកាំង និង​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ទន្ទឹម​នឹង​ការ​ទទួល​បាន​ជោគជ័យ និង​លទ្ធផល​ល្អ​ពី​បណ្តា​សិស្ស​ដែល​សិក្សា​នៅ​សាលារៀន អន្តរ​ទី្វប អាមេរិកាំង នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ AIS បាន​ក្លាយ​ជា​សាលា​ភាសា​ខ្មែរ​ឈាន​មុខ​គេ​ទាំង​ផ្នែក​គុណភាព​អប់រំ វិន័យ និង​សេវាកម្ម​។

អ្នក​ស្រី រស់ យ៉ាណា អនុប្រធាន​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ពន្យល់​ថា គ្រឹះស្ថាន​អប់រំ​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន គឺ​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​កំណត់​គោលដៅ​ធំៗ ដូចជា ការ​ពង្រឹង​គុណភាព​បង្រៀន​របស់​គ្រូ និង​ការ​សិក្សា​របស់​សិស្ស គោរព​តាម​កាលវិភាគ​ច្បាស់​លាស់ ពង្រឹង​លើ​វិន័យ​សីលធម៌ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង ពង្រឹង​សមត្ថភាព​ចំណេះ​ដឹង​ទូទៅ​របស់​សិស្សានុសិស្ស​ឲ្យ​ទូលំ​ទូលាយ លើក​កម្ពស់​ទេពកោសល្យ​របស់​សិស្ស និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ភាព​ក្លាហាន ភាព​ជា​អ្នក​ដឹក​នាំ ឱ្យ​ចេះ​វិភាគ​ហេតុការណ៍ និង​ជាពិសេស​គឺ​សាលា​ត្រូវតែ​ពង្រឹង​លើ​សេវាកម្ម​អប់រំ​ជានិច្ច​កាល​។

​អ្នកស្រី​បញ្ជាក់​ថា​៖ «​សាលា AIS បាន​ពង្រឹង គុណភាព​អប់រំ​ភាសា​ខ្មែរ​សម្រាប់​សិស្សា​នុសិស្ស តាម​រយៈ​ទេពកោសល្យ​ល្អៗ​របស់​គ្រូ​បង្រៀន​ដែល​មាន​គរុកោសល្យ និង​មាន​បទពិសោធ​បង្រៀន​ខ្ពស់​ដែល​អាច​បង្រៀន​សិស្ស​ប្រកប​ដោយ​សមត្ថភាព​»​។

តាម​រយៈ​កម្មវិធី​សិក្សា ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ​សិស្ស​បាន​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​នេះ សាលា AIS បាន​បោះជំហាន​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ​សិក្សា​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។

អ្នកស្រី​បន្តថា​៖ «​នៅ​តាម​ថ្នាក់​សិក្សា​ទាំងអស់​មាន​បំពាក់​នូវ​សម្ភារ​ឧបទេស​ទំនើបៗ​សម្បូរបែប និង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​សិក្សា និង​សៀវភៅ​គោល​យ៉ាង​ទៀងទាត់​»​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ជាក់ស្តែង​ក្នុង​ឆ្នាំ​សិក្សា​នីមួយៗ សាលា​មាន​រៀបចំ​ការ​ប្រឡង​ប្រជែង​សិស្ស​ពូកែ ដែល​រៀបចំ​ជា​៤​ដំណាក់​កាល មាន​ពាក់ កណ្តាល​ឆមាស​ទី​១ ឆមាស​ទី​១ ពាក់​កណ្តាល​ឆមាស​ទី​២ និង​ឆមាស​ទី​២ ប្រកបដោយ​តម្លាភាព សុ​ក្រឹត និង​យុត្តិធម៌​»​។

សាលា AIS បាន​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ដោយ​ពង្រឹង​លើ​កាល​វិភាគ​សិក្សា ដោយ​រៀបចំ​ឲ្យ​សិស្សានុ​សិស្ស​ជា​ក្រុមៗ​តាម​ថ្នាក់ តាម​វេន​សិក្សា​នីមួយៗ​ឱ្យ​ចេះ​ធ្វើការ​ស្រាវជ្រាវ និង​ដក​ស្រង់​អត្ថបទ​ល្អៗ​តាមរយៈ​អ៊ិនធឺណិត វេបសាយ ទាក់ទង​ទៅ​នឹង​ព័ត៌មាន​សុខភាព អនាម័យ សេដ្ឋកិច្ច​ជាតិ ព្រឹត្តិការណ៍​អន្តរជាតិ ព្យាករ​ឧតុនិយម និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដើម្បី​យក​មក​ផ្សព្វផ្សាយ​ចែក​រំលែក​ចំណេះដឹង​ជាប្រចាំ​រៀងរាល់​ថ្ងៃ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ទៀត ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​ទទួល​ព័ត៌មាន​ត្រឹម​ត្រូវ ដែល​ជា​ចំណេះដឹង​បន្ថែម​ឱ្យ​ពួក​គាត់​មាន​ចំណេះ​ដឹង​យ៉ាង​ទូលំ​ទូលាយ​។

អ្នក​ស្រី យ៉ាណា បន្ថែមថា កម្មវិធីសិក្សា​បំប៉ន​ជាច្រើន​ដែល​ត្រូវ​បានរៀបចំ​សម្រាប់​សិស្ស​របស់​សាលា AIS ដូចជា កម្មវិធី​ចុះ​កម្មសិក្សា កម្មវិធី​ទស្សនកិច្ច​សិក្សា​តាម​ស្ថាប័ន​សាធារណៈ និង​ឯកជន កម្មវិធី​បំណិន​ជីវិត​តាម​កម្រិត​ថ្នាក់​នីមួយៗ កម្មវិធី​សិល្បៈ​តន្ត្រី កម្មវិធី​កីឡា និង​ការ​ប្រកួត​ប្រជែង​ផ្សេងៗ ដើម្បី​លើក​កម្ពស់​គុណភាព​កាន់តែ​ខ្ពស់​ថែម​ទៀត និង​កម្មវិធី​ស្ទាបស្ទង់​មតិយោបល់​សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ​ការ​បង្រៀន​របស់​គ្រូ​ឱ្យមាន​តម្លាភាព​ជាដើម​។

លើសពី​នេះ សាលា​មាន​រៀបចំ​វគ្គ​បំប៉ន​សិស្ស និង​ជំនាញ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ជួយ​សម្រប​សម្រួល​ការងារ​រៀន និង​បង្រៀន​ដល់​គ្រូ​និង​សិស្ស​ជា​ទៀង​ទាត់​។

តាម​រយៈ​កម្មវិធី​សិក្សា​ច្បាស់​លាស់ និង​ផ្តោត​សំខាន់​លើ​គុណភាព វិន័យ និង​សេវាកម្ម នៅ​ឆ្នាំ​សិក្សា​២០១៦-១៧​នេះ សាលា​មាន​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​និទ្ទេស A ចំនួន​១៦​នាក់ ហើយ​នៅ​ឆ្នាំ​សិក្សា​បន្ទាប់ សាលារ​រំពឹង​ទុក​ថា សិស្ស​និទ្ទេស A នឹងមាន​ការ​កើន​ឡើង​ច្រើន​ថែម​ទៀត​។

យុវ​សិស្ស សុង សុខា​វុឌ្ឍិ (​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​) រៀន​នៅ​សាលារៀន អន្តរ​ទី្វប អាមេរិកាំង ទើប​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​សាលា​បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ការសិក្សា​របស់ខ្ញុំ​រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​(​និទ្ទេស A) ក្នុង​ចំណោម​សិស្ស​ពូកែៗ​ដទៃទៀត ហើយ​នេះ​ជា​កតិ្តយស​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​គុណភាព​នៃ​ការអប់រំ​របស់​សាលា​»​។

យុវ​សិស្ស សុខា​វុឌ្ឍិ បាន​បន្តថា ទាំង​កម្មវិធី​សិក្សា គ្រូ​បង្រៀន វិន័យ បរិយាកាស​ក្នុង​ថ្នាក់​ល្អ និង​សម្បូរ​​ឯកសារ ទាំង​នេះ​គឺជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​សិស្ស​រៀនសូត្រ​មាន​គុណ​ភាព និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​។

អ្នក​ស្រី យ៉ាង​ណា បន្ថែម​ថា​៖ «​សាលា​នៅ​បន្ត​សហការ​ចូលរួម​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល​ខ្ពស់​លើ​វិស័យ​អប់រំ​ឈាន​មុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ថ្នាល​បណ្តុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ឆ្លើយ​តប​តម្រូវ​ការ​របស់​សង្គមជាតិ​»​។

តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាលា​ច្រើន​ឆ្នាំ​កន្លង​មក លទ្ធផល​ដែល​សាលា​ទទួល​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​សាលា ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ជាក់ស្តែង ឆ្នាំ​សិក្សា​២០១៦-១៧ កន្លង​ទៅ​នេះ សាលា​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ចំនួន ៥​ប័ណ្ណ ពី​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ លើ​ស្នាដៃ​ល្អ​ប្រសើរ​ក្នុងការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល បរិស្ថាន និង​បច្ចេកទេស​បង្រៀន​រៀន ហើយ​នៅ​សម័យ​ប្រឡង​ថ្នាក់​ជាតិ​កាលពី​ខែ​សីហា​ថ្មីៗ​នេះ សិស្ស​ថ្នាក់​ទី​១២ របស់ AIS បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​៥១៦​នាក់ ស្មើ​នឹង ៨៧,២០​ភាគរយ ក្នុង​នោះ​មាន​សិស្ស ១៦​រូប ទទួល​បាន​និន្ទេស A​។

បើ​ពិនិត្យ​តាម​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ នៅ​ទូទាំង​ប្រទេស​មាន​សិស្ស​ប្រឡង​ជាប់​ត្រឹម​តែ ៦៣,៨៤​ភាគរយ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ