ភ្នំពេញ៖ កីឡាករជប៉ុន គីម៉ា ស៊ូជី (Keima Shoji) បាន​លុតជង្គង់​គ្រវី​ក្បាល បង្ហាញការ​សរសើរ​​ពី​បច្ចេកទេស​វាយកែង និង​បុក​កែង​​ដ៏​មាន​គ្រោះ​ថ្នាក់​របស់​កីឡាករ​កម្ពុជា ភក្តី គុនខ្មែរ ដែល​បាន​ធ្វើ​ឱ្យ​ក្តោង​ច្រមុះ និង​ផ្ទៃ​មុខ​របស់​គេ​មាន​របួស​ជា​ទម្ងន់ ចំណែក គង់ ហូវ បាន​សារភាពពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន និង​បានសុំ​ទោស​ពីកំហុស​ឆ្គង ដែលបាន​វ៉ៃ​ថែម​ខុស​បទបញ្ជា​ប្រកួត​ទៅលើកីឡាករអ៊ីរ៉ង់ Mehrddad Khanzadeh។

សម្រាប់ការ​ប្រកួតក្នុង​កម្ម​វិធី Mas Fight Cambodia នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃ​អាទិត្យ កន្លងមក​នេះ ភក្តី គុនខ្មែរ បានប្រើ​ផ្លែកែង​របស់គេ​វាយស្រោច​ទៅលើ​ផ្ទៃ​មុខ​របស់​កីឡាករ​ជប៉ុន គីម៉ា ស៊ូជី យ៉ាង​រន្ថើន និងបាន​ធ្វើ​ឱ្យ​ដៃគូ​ម្នាក់នេះមាន​របួស​ក្តោងច្រមុះ ហូរ​ឈាម​មិន​ដាច់​តាំង​ពី​​ចុង​ទឹក​ទី​១។

​ឃើញស្ថានភាព​បែបនេះ ភក្តី គុនខ្មែរ កាន់តែ​បង្កើន​ការ​​វាយ​សម្រុក​ខ្លាំង នៅក្នុងទឹក​ទី​២ ព្រោះ​រូបគេ​ចង់​​វ៉ៃ​​កីឡាករ​ជប៉ុន​ម្នាក់នេះ​ឱ្យ​សន្លប់ ឬ​ត្រូវបានគ្រូ​ពេទ្យ​បញ្ឈប់ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់បន្ថែមចំនួន ១ ​លាន​រៀល ពី​ម្ចាស់ឧបត្ថម្ភ ប៉ុន្តែ គីម៉ា ស៊ូជី មិនព្រម​ឈប់​ប្រកួត​នោះ​ទេ។

បើទោះបីជា​អ្នក​ឱ្យទឹក​របស់គេ មានបំណង​បោះ​កន្សែងស​សុំ​ចុះ​ចាញ់​ក្នុងការ​ប្រកួតនេះ ព្រោះ​ឃើញ​ឈាម​ហូរ​មកច្រើនពេក ហើយ​ការតស៊ូ​មិនចុះ​ញម​របស់​អ្នកលេងសាមួរ៉ៃ Keima Shoji បាន​បង្កើតបាន​នៅ​ឈុត​ឆាក​ប្រយុទ្ធគ្នាកាន់តែកក្រើក នៅ​ក្នុងទឹកទី​៣ ដោយ​អ្នកទាំង​២​នេះ វាយប្តូរគ្នា​ទៅ​វិញទៅមក​រហូតអស់​កម្លាំង​រៀងៗ​ខ្លួន។

នៅ​ក្រោយបញ្ចប់ការ​ប្រកួត​ភ្លាម គីម៉ា ស៊ូជី និង ភក្តី គុនខ្មែរ បានលុតជង្គង់​សម្តែងការ​សុំ​ទោស​គ្នា​ទៅវិញ​ទៅមក ហើយក្នុង​ពេល​នោះ កីឡាករ​ជប៉ុន បានគ្រវី​ក្បាលបង្ហាញ​ការ​សរសើរពី​ការ​វាយកែង និង​បុកកែង​បាន​យ៉ាង​ល្អ​របស់ ភក្តី ដែល​ធ្វើ​ឱ្យផ្ទៃ​មុខ​របស់​គេ​មាន​ស្នាម​ពក​ជាច្រើន​កន្លែង ជាពិសេសច្រមុះ​តែម្តង គឺ​មាន​របួស និង​មានឈាម​ហូរស្រក់មកមិន​​ឈប់ មុន​ពេលពិធីករ​ប្រកាស​ឱ្យ​ចាញ់ ភក្តី ដោយពិន្ទុ។

ទន្ទឹម​ជាមួយគ្នា​នេះ ភក្តី គុនខ្មែរ ក៏​បានសរសើរពី​ភាពស៊ូ​ខ្លាំង​របស់ គីម៉ា ស៊ូជី ដោយបាន​និយាយក្រោយការប្រកួត​ថា៖​ «​តាម​របួសក្តោងច្រមុះ​របស់គាត់ ខ្ញុំ​គិតថា គាត់នឹង​ឈប់​ប្រកួត​ហើយ ព្រោះបែក​ធំ ឬ​អាច​បាក់ក្តោងច្រមុះ ហើយ​ខ្ញុំក៏​បន់​ឱ្យ​គ្រូ​ពេទ្យ​បញ្ឈប់​គាត់ដែរ ដើម្បី​បាន​ប្រាក់រង្វាន់បន្ថែម​១​លាន​រៀល ប៉ុន្តែគាត់ពិតជាស៊ូខ្លាំង​ណាស់ មិនព្រម​ឈប់​ទេ ធ្វើ​ឱ្យ​ខ្ញុំ​ខំវ៉ៃ​គាត់​ឡើង​ចង់អស់​ខ្លួនឯង នៅ​ចុងទឹកទី​៣​ផងដែរ»។

ចំណែក​កីឡាករ គង់ ហូវ បាន​បង្កើតកំហុស​ទៅលើ​អ្នកប្រដាល់​របស់អ៊ីរ៉ង់ Mehrddad Khanzadeh តាម​រយៈ​ការ​ទាត់​ថែម​ ១ ជើង និងគ្រវាសដៃត្រឡប់ក្រោយ​ចូល​ថ្គាម បណ្តាល​ឱ្យ​ដៃ​គូ​ម្នាក់នេះ​ដួល​ទាំងវង្វេង ហើយត្រូវបាន​អាជ្ញាកណ្តាលរាប់។ ប៉ុន្តែ​​ដោយសារ​នេះជាការវាយ​ថែម​​ខុស​បទបញ្ជា ព្រោះ​សំឡេងជួងបញ្ចប់ទឹកទី​២ បានពន្លឺឡើង​ទៅហើយ​នោះ គឺ​អាជ្ញា​កណ្តាល​ ​​បាន​បង្ហាញ​សញ្ញា​ទៅ​ចៅក្រ​មទាំង​៥នាក់ឱ្យ​​ដកពិន្ទុ គង់ ហូវ។

បន្ថែម​ទៅលើការ​ចាញ់ប្រៀប ដោយការ​វាយ​ថែម​ល្មើស​នឹង​បទបញ្ជា​នេះ គង់ ហូវ បាន​ព្យាយាម​វាយសម្រុកខ្លាំង នៅ​ទឹកទី​៣ ​ចុងក្រោយ ក្នុងបំណងចង់ស្តារ​ដើមមក​វិញ ប៉ុន្តែត្រូវបាន​កីឡាករ​ Mehrddad Khanzadeh ម៉ាត់​ចូល​ផ្ទៃ​មុខ ​២ ដៃ បណ្តាល​ឱ្យ​ដួលទាំងវង្វេង និង​ត្រូវបានអាជ្ញាកណ្តាល​រាប់។ គង់ ហូវ បានព្យាយាម​ក្រោក​ឈរ​ឡើង​​ប្រកួត​បន្តទាំងស្មារតីមិនទាន់​នឹង​នរ និងបានចាញ់ Mehrddad Khanzadeh ដោយពិន្ទុ។

បន្ទាប់ពីការ​ប្រកួ​តនេះ គង់ ហូវ បានសារភាព​ថា រូបគេពិតជា​វង្វេង និង​បាត់​ស្មារតី​មួយភាំង ចំពោះការ​វាយ​ចូល ​២​ ដៃ​របស់​ Mehrddad Khanzadeh ដែល​ពិតជាមានទម្ងន់​ធ្ងន់។ ហូវ បាន​សរសើរ​ដៃគូម្នាក់នេះ ដែលមាន​ភាពរឹងខ្លាំង មិន​ខូច​ជើងក្រោម​ទម្ងន់​ទាត់​ធ្ងន់របស់​ខ្លួន ហើយ​ជាមួយគ្នា​នេះ គង់ ហូវ ក៏​បានសុំទោស ចំពោះការ​វាយ​ថែមល្មើសបទបញ្ជា​ទៅលើ​កីឡាករអ៊ីរ៉ង់ម្នាក់នេះ។

គង់ ហូវ បាន​និយាយ​ថា៖ ​«នៅចុងទឹកទី​២ ហ្នឹង ខ្ញុំ​មិនបានឮសំឡេង​ជួង​នោះ​ទេ គឺ​នៅ​ពេល​​​ឃើញគាត់​ទម្លាក់​ដៃ ​ក្រោម​ការ​ទាត់​ ១ ជើង​របស់ខ្ញុំ ក៏ខ្ញុំ​បានគ្រវាសថែម​ ១​ ដៃ​ទៀត អ៊ីចឹង​នេះជា​កំហុសអចេតនា​របស់​ខ្ញុំទេ។ ខ្ញុំសុំទោសចំពោះ​គាត់ និង​បងប្អូនអ្នកទស្សនា គឺ​​ខ្ញុំ​គ្មាន​បំណង​​វាយថែមទៅលើគាត់នោះ​ទេ»៕