ភ្នំពេញ៖ កីឡាករជើង​ខ្លាំង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា ព្រំ សំណាង បាន​សរសើរ​ទៅដល់កីឡាករ​អ៊ីរ៉ង់ Keivan Soleimani ដែល​មាន​ភាព​​ធន់ និង​រឹង​មាំ​ខ្លាំង មិន​ព្រម​ទន់​ជ្រាយ និង​ចុះ​ចាញ់​ក្រោម​ទម្ងន់​ជើង​ទាត់​ចូល​ធ្ងន់ៗ​របស់​ខ្លួន នៅពេល​អ្នក​​ទាំង​ ២ បានជួប​គ្នា ជាលើកដំបូង នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​យប់​ថ្ងៃសៅរ៍ ស្របពេល​ដែល គង់ ហូវ បាន​យក​ឈ្នះ​កីឡាករ​ថៃ ភេត ណាមខាំ ទាំង​លំបាក។

ដោយ​​ធ្លាប់​ឈ្នះ រឿង សោភ័ណ្ឌ និងស្មើ​ពិន្ទុ​ជាមួយ ធន់ រិទ្ធី ​កីឡាករ Keivan Soleimani បានបោះពាក្យ​សម្តី​ធ្ងន់ៗ ដោយ​អះអាង​ថា រូបគេ​ស្គាល់​ពី​សមត្ថ​ភាព ព្រំ សំណាង ច្បាស់ ហើយ​មានការជឿជាក់​ថា ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នេះ ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួត​ជាក់​ស្តែង អ្នក​ប្រដាល់​របស់​អ៊ីរ៉ង់​ម្នាក់​នេះ ​បានថម​ថយ​កម្លាំង និង​ចង់​​អស់ម្តងៗ នៅ​ចុង​ទឹក​ទី​២ និង​ទឹក​ទី​៣ ក្រោមការ​តាម​វាយ​សង្រ្គប់​របស់ សំណាង។ 

តាម​រយៈការ​ប្រកួតនេះ ព្រំ សំណាង ជា​អ្នក​ដើរ​ចូល​វាយ​លុក តែ Keivan Soleimani ក៏​បានព្យាយាម​វាយ​បក​សង​វិញ​មួយ​ប្រាវៗ​ផងដែរ។ តែទោះបីជា​យ៉ាង​ណា ព្រំ សំណាង វាយ​ចូល​ចំគោល​ដៅ​ពេញៗ​ល្អ​ជាង ជាពិសេស​ការ​ទាត់​ចូល​ធ្ងន់ៗ​របស់​គេ ដែល​សម​តែ​​ធ្វើ​ឱ្យ Keivan Soleimani មាន​បញ្ហា​នៅលើ​ឆ្អឹងជំនីរខាង​​ឆ្វេង។

ប៉ុន្តែ​កីឡាករអ៊ីរ៉ង់ Keivan Soleimani ពិតជា​មាន​ភាពរឹងមាំ និង​ស៊ូ​ខ្លាំង ដោយ​រូបគេ​មិន​បាន​បង្ហាញ​ការ​ឈឺចាប់​អ្វី​ទេ។ ផ្ទុយ​ទៅវិញ​គេ​បានវាយ​ប្តូរជាមួយ សំណាង ជាមួយការ​ប្រើ​ក​ណ្តាប់​ដៃ ទាត់ និង​បុកជង្គង់​ ដែល​បង្ខំ​ឱ្យ ព្រំ សំណាង ព្យាយាម​វាយ​កែង និង​ម៉ាត់ ឡើង​ចង់​ខ្សោះ​ខ្លួន​ផងដែរ ទម្រាំអាច​យក​ឈ្នះ Keivan Soleimani ដោយ​ពិន្ទុ សម្រាប់​ការ​ប្រកួត​ត្រឹម​​៣​ទឹកនេះ។

សម្រាប់ការ​ទទួល​បាន​ជ័យជម្នះ​នេះ ព្រំ សំណាង បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ «​តាម​​ការ​​ប្រកួ​ទាំង​ ៣ ​ទឹក​នេះ ​វា​ដូច​ជា​​មិន​ការ​លំបាក​អ្វីពេក​នោះទេសម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ទាត់​ចូលគាត់ពេញៗ ប៉ុន្តែ​​គាត់​ពិតជា​រឹង​ខ្លាំង ពិសេស​ឆ្អឹងជំនីរ​របស់​គាត់ ពិតជា​រឹង​ណាស់»។

ជាមួយ​គ្នា​នេះ កីឡាករ​មានរហស្សនាម «ជាង​កាត់​សក់​ដៃឯក» ព្រំ សំណាង បាន​បញ្ជាក់​ថា ខ្លួន​ពិតជាចង់​​ផ្តួល​ Keivan Soleimani ឱ្យ​សន្លប់ តែមិនអាច​ធ្វើ​ទៅ​បាន។ «ខ្ញុំ​ចង់​ផ្តាច់​គាត់​​ឱ្យ​សន្លប់ នៅ​ក្នុង​ទឹក​ទី​២ ប៉ុន្តែ​គាត់ស៊ូ​ណាស់ គឺ​បាន​វាយ​បក​សង​ឡង​ទៅឡងមក។ តែទោះយ៉ាង​ណា គាត់​មិន​មានចំណុច​ណា​ប្រដំប្រសងជាមួយ​ខ្ញុំ​ដែរ ដោយ​គាត់​បានត្រឹម​ចាប់​ជើង​របស់​ខ្ញុំ ដែល​ទាត់​ចូលពេញៗ»។

យ៉ាង​ណាមិញ កីឡាករ គង់ ហូវ ដែល​ទើប​បានចាញ់ពិន្ទុ​កីឡាករ​អ៊ីរ៉ង់ Mehrddad Khanzadeh កាលពី​ថ្ងៃទី​ ១៧ ខែមីនា​នោះ បាន​បង្ហាញ​សមត្ថ​ភាព​ប្រកួត​បាន​យ៉ាង​ល្អ ក្នុងការ​ប្រឈម​​​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​​ថៃ ភេត ណាមខាំ សម្រាប់​ការ​ប្រកួត នៅលើ​សង្វៀនប៉ុស្តិ៍លេខ​ ៥ កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដែរ។

អ្នកទាំង​ ២ នេះ មានសមត្ថ​ភាពល្អ និង​មាន​ក្បាច់វាយ​ចេញ​បានលឿន​ដូចគ្នា ប៉ុន្តែ​ការ​វាយកែង​ស្តាំ​របស់ គង់ ហូវ បាន​ធ្វើ​ឱ្យ ភេត ណាមខាំ បែក​នៅលើ​ចុង​ចិញ្ចើម​ស្តាំ​តាំងពី​ទឹក​ទី​១ ហើយ​​ការ​វាយ​ប្តូរគ្នា​យ៉ាង​ខ្លាំង​ស្ទើរ​ ៥ ទឹក​ពេញ​នេះ បាន​​បន្សល់​ស្នា​មបែក​នៅលើ​សៀត​ផ្កា​ខាង​ឆ្វេង​របស់ ភេត ណាមខាំ មួយ​កន្លែង​ទៀត នៅ​ទឹក​ទី​៥ គឺ​មុនពេល​គណៈកម្មការ​ប្រកាស​ឱ្យ គង់ ហូវ ឈ្នះ​ពិន្ទុ។ ចំណែក​​កីឡាករ រិន សារ័ត្ន ដែល​ប្រឹង​ប្រែង​វាយ​អស់ពី​លទ្ធភាព​នោះ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​​កីឡាករ​ថៃ Pich Bopha នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នោះដែរ៕