ភ្នំពេញ៖ កីឡាករ​មានភាពអំណោយ​ខ្លាំង​ផ្នែកកាយសម្បទា នី វីរ៉ាផា ដែល​ត្រូវបានអ្នកគាំ​ទ្រដាក់​ឈ្មោះ​​ក្រៅ​ថា «មេឆាន» នោះ បាន​អះអាង​ថា ខ្លួនលែង​ចង់​ប្រកួតជាមួយ​កីឡាករ​ខ្មែរ​គ្នាឯង​ទៀត​ហើយ បន្ទាប់ពី​អ្នក​ប្រយុទ្ធ​មានមាឌធំ ទម្ងន់ ​៦៥​ គីឡូក្រាម​រូប​នេះ បានបន្ត​ផ្តួល​កីឡាករ​បរទេស​ឱ្យ​សន្លប់​​ជា​លើក​ទី​២ ស្របពេល​ដែល​ ធន់ វិស្ណុ បាន​ទម្លាក់​​កីឡាករ​ជាមិត្តភក្តិ ប៊ន ពន្លឹក ដើម្បី​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់វគ្គ​ផ្តាច់​ព្រ័ត្រ។

បើទោះបីជា ទើប​​ប្រកួត​បាន​ ១០ ​ដង ឈ្នះ​ ៩ និងចាញ់​ ១ ដង ប៉ុន្តែ​កីឡាករ​ជើង​​ថ្មី មេឆាន អាច​ដណ្តើម​បាន​ប្រជា​ប្រិយ​ភាព​លឿន​គួរសម តាម​រយៈឆន្ទៈ និង​ទឹក​ចិត្ត​ប្រកួតដ៏​អង់​អាច​របស់​ខ្លួន ដែល​តែ​ង​តែ​ចូល​វាយសម្រុក​ទៅលើ​គូប្រកួត ​ជាមួយការ​ប្រើ​កែង ជង្គង់ ទាត់ ជាពិសេស​គឺ​កណ្តាប់​ដៃតែម្តង។

សម្រាប់ការ​ទទួល​បានឱកាស​ប្រកួតមិត្ត​ភាព​អន្តរជាតិ ជា​លើកដំបូង នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃទី​១៤ ខែមីនា កន្លងមក​នេះ កីឡាករ នី វីរ៉ាផា ​បាន​វ៉ៃសម្រុក​រហូត​ធ្វើ​ឱ្យ​​​អ្នក​ប្រដាល់ Enrico De Witt អស់ខ្យល់ និងសុំចុះ​ចាញ់ នៅ​ចុងទឹក​ទី​១ ហើយជ័យជម្នះ​នេះ ​ធ្វើ​ឱ្យ​ប្រជា​ប្រិយ​ភាព​របស់ មេឆាន ឡើងមួយ​កម្រិត​ទៀត។

ដោយឡែក​សម្រាប់​ការ​ទទួលបានឱកាស​ប្រកួតអន្តរជាតិជា​លើក​ទី​២ នៅ​ក្នុងកម្ម​វិធី Krud Kun Khmer របស់​សង្វៀនប៉ុស្តិ៍លេខ​៥ កាលពី​ថ្ងៃទី​​២៤ ខែមីនានេះ មេឆាន បានវ៉ៃ​កីឡាករ​ឡាវ Deksayam Simokunpet ​  ឡើង​ចង់​អស់ខ្យល់​តាំងពី​ទឹក​ទី​១ តាម​រយៈការ​ចូល​បុក​ជង្គង់ វាយ​កែង ជាពិសេស​កណ្តាប់ដៃវាយស្រោច​ដូច​ទឹក​ភ្លៀង​របស់​គេ ប៉ុន្តែ Deksayam មិន​​ព្រម​សន្លប់​ដោយ​ងាយ​នោះ​ទេ។

កីឡាករ​ឡាវម្នាក់នេះ បានព្យាយាម​វាយ​កែង និង​ម៉ាត់​សង ដែល​ធ្វើ​ឱ្យ មេឆាន ចង់​អស់វិញ នៅ​ចុងទឹក​ផងដែរ។ តែទោះបីជា​យ៉ាងណា ឈាន​ចូល​ទឹក​ទី​២ មេឆាន បានប្តូរ​យុទ្ធ​សាស្រ្ត​ប្រកួត​ពី​វាយសម្រុក មក​​វាយ​មួយៗ​វិញ តែ​បែរ​ជា​បាន​ផល​ល្អ ដោយ​រូបគេ​បាន​វាយ​កែង​ឆ្វេង បណ្តាល​ឱ្យ​កីឡាករ Deksayam បែក​ធំ​នៅ​លើ​ក្បាលផ្នែក​ខាង​ឆ្វេង នាំ​ឱ្យ​គ្រូ​ពេទ្យ​សម្រេច​​បញ្ឈប់​​ការ​ប្រកួតនៅ​ដើម​ទឹក​ទី​១ ដោយ​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ មេឆាន យ៉ាងរំភើប​បំផុត។

បន្ទាប់ពី​បាន​ឈ្នះ​កីឡាករ​ឡាវ នៅ​ទឹក​ទី​១​នេះ មេឆាន បាន​និយាយ​ថា៖ ​«ការ​វាយ​កែង​នេះ គឺចូល​ពេញ​តែម្តង។ តាម​ពិត​ខ្ញុំ​ចង់​ផ្តាច់​គាត់តាំងពី​ទឹក​ទី​១ ប៉ុន្តែគាត់​ល្អ និង​ធន់​ដែរ វាយ​គាត់​មិន​ទៅ ដល់​អ៊ីចឹង​នៅចុង​ទឹក លោក​គ្រូ​បាន​ប្តូរ​ឱ្យ​ខ្ញុំ​វ៉ៃ​មួយ​ៗ​វិញ ព្រោះ​បើ​នៅតែ​បន្ត​វាយសម្រុកខ្លាំងទៀត យើង​អាច​នឹង​ដាច់​កម្លាំង​ស៊ុហ្វ​ខ្លួន​ឯង​វិញ ហេតុនេះ​ខ្ញុំក៏​ធ្វើ​តា​ម​គាត់ ហើយ​ក៏​បានផល​ល្អ»។

កីឡាករ​​មាន​វ័យ​ ២៥​ ឆ្នាំ កម្ពស់​ ១,៧៥ ម៉ែត្រ​រូបនេះ បាន​បន្ថែម​ថា៖ «ខ្ញុំបាន​វាយចូល​ផ្ទៃ​មុខ​គាត់​ច្រើន​ណាស់ ជាពិសេស​កណ្តាប់​ដៃ ប៉ុន្តែ​គាត់​ពិតជា​ស៊ូ​ខ្លាំង ហើយបើសិនជា​ខ្ញុំវាយ​គាត់មិន​បែក​ធំ​រហូត​ដល់​គ្រូ​ពេទ្យ​បញ្ឈប់​ទេ គឺ​ខ្ញុំ​អាច​យ៉ាប់​វិញក៏​ថាបាន ព្រោះ​ចង់​អស់​ហើយ​ដែរ​។ តែទោះបីជា​យ៉ាង​ណា បើ​បុកគេ​មិនទៅ ខ្ញុំ​នឹង​វាយ​មួយៗ​វិញ គឺ​មិន​វាយបុកគេ​រហូត​ធ្លាក់​ស៊ុហ្វ​ខ្លួន​ឯង​​ដូច​​មុន​ទៀត​នោះ​ទេ»។

តាម​រយៈការ​ផ្តួល​កីឡាករ​ឡាវ Deksayam Simokunpet ឱ្យ​សន្លប់​នៅទឹក​ទី​២​នេះ​ដែរ នី វីរ៉ាផា ហាក់លែង​មានចិត្ត​​ចង់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក ដោយបញ្ជាក់​ថា៖ «ចិត្ត​របស់​ខ្ញុំ​ពេលនេះ ចង់​បន្ត​ប្រកួត​អន្តរជាតិ​ទៀត គឺ​មិនចង់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​​​ទេ ព្រោះវ៉ៃ​ខ្មែរ​គ្នាឯង​យើង​អាណិត​ ហើយ​ខ្ញុំ​ពិតជា​មានអារម្មណ៍រំភើប​ខ្លាំង ដែល​ទទួល​បានឱកាស​ប្រកួត​អន្តរជាតិ នៅ​ក្នុង​កម្មវិធី Krud Kun Khmer ជា​លើក​ដំបូង​នេះ»។

សម្រាប់ការ​ប្រកួត​នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករ ធន់ វិស្ណុ និង ប៊ន ពន្លឹក ដែលជាមិត្ត​ភក្តិ​នឹងគ្នា​នោះ បានសម្រេចផ្តាច់​ចោល​​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន ក្នុង​ពេល​អ្នក​ទាំង​២ បាន​ឡើង​មកជួបគ្នា ក្នុងការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រដណ្តើម​ខ្សែ​ក្រវាត់​គ្រុឌ​គុនខ្មែរ ទម្ងន់​៥១គីឡូក្រាម ហើយ​តាម​រយៈ​ការ​ខំប្រឹង​ប្រកួត​គ្នាឡើង​ខ្សោះអស់​ពី​ខ្លួន​នោះ ធន់ វិស្ណុ បានឈ្នះដោយពិន្ទុ ដើម្បី​ឡើង​ទៅ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ដោយ​រូបគេ​ ​អាច​នឹង​ជួប ឡៅ សៃណេត ឬ ឡុង ពិសិដ្ឋ ព្រោះ​អ្នកទាំង​២នេះ នឹង​​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​៣១ ខែមីនា ខាង​មុខ​នេះ៕