នាពេលថ្មីៗនេះ លោក កៃ គឹមសុង និពន្ធនាយកកាសែត ភ្នំពេញ ប៉ុស្តិ៍ និងកាសែតកម្ពុជាចុងសប្តាហ៍ បានផ្តល់បទសម្ភាសន៍ជូនលោក ប្រាក់ សម្ផស្ស ផលិតករព័ត៌មាន ក្នុងកម្មវិធីចក្ខុវិស័យកម្ពុជា នៃប៉ុស្តិ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC)។ កិច្ចសម្ភាសន៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក គឹមសុង បានវិលត្រឡប់ពីដំណើរទស្សនកិច្ចសិក្សារយៈពេល ៩ថ្ងៃ នៅឯប្រទេស ជប៉ុន តបតាមការអញ្ជើញពីក្រសួងការបរទេសជប៉ុន។
តាមរយៈបទពិសោធទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ លោក កៃ គឹមសុង បានអធិប្បាយពីចំណុចគន្លឹះមួយចំនួនក្នុង បរិបទសំយោគរវាង ការសម្លឹងមើលរបស់ប្រទេសជប៉ុន និងការវិវត្តរបស់កម្ពុជា នារយៈពេលចុងក្រោយនេះ។
ដោយឡែក ខណៈពេលដែលអ្នកវិនិយោគជប៉ុនកំពុងប្តូរទិសដៅវិនិយោគពីប្រទេសចិនងាកមកស្វែងរកទីតាំងវិនិយោគថ្មីដូចជា នៅប្រទេសភូមា និងកម្ពុជាជាដើម ដំណើរទស្សនកិច្ចនេះមិនគ្រាន់តែ ជាសញ្ញាវិជ្ជមាននៃការចង្អុលបង្ហាញដល់អ្នកវិនិយោគជប៉ុន ឲ្យចូលមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះនោះទេ តែក៏ជាការរំញោចដល់កម្ពុជាសម្រាប់ការត្រៀមលក្ខណសម្បត្តិក្នុងកិច្ចសហប្រតិបត្តិការចាំបាច់ជាមួយគ្នានាពេលអនាគតដ៏ខ្លី។
កិច្ចសម្ភាសន៍ដែលមានរយៈពេលជិត ៣៧នាទីនេះ លោក កៃ គឹមសុង ក៏បានបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងការជួយ កម្ពុជា ដើម្បីកសាងភាពជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងពង្រឹងទំនាក់ទំនងការទូតឲ្យកាន់តែមានភាពស៊ីជម្រៅជាងមុនថែមទៀត។