លោក សឿង ម៉ូរ៉ារិទ្ធ មានស្រុកកំណើតនៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ លោកជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រាំនាក់។ ឪពុកម្តាយរបស់លោកសុទ្ធតែជាគ្រូបង្រៀននៅស្រុកមុខកំពូលតែម្តង។ លោកបានរៀបការ និងមានកូនស្រីម្នាក់។
មុនពេលដែលលោកក្លាយជាអគ្គនាយកធនាគារឯកទេស ឈីហ្វ (ខេមបូឌា) Chief (Cambodia) Specelized Bank Plc. ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុងលោកបានជួបនឹងរឿងជូរចត់ជាច្រើនក្នុងជីវិតដូចប្រជាពលខ្មែរជាទូទៅដែរ។ លោកបានមានប្រសាសន៍ថា៖ «ដំបូងនៅពេលដែលខ្ញុំបញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ១៩៩៩ ក៏បានបន្តការសិក្សានៅមហាវិទ្យាល័យនៅក្នុងឆ្នាំនោះដូចគ្នា។
នៅពេលមកដល់ទីក្រុងភ្នំពេញដោយសារតែជាសិស្សនៅជនបទភាសាអង់គ្លេសមិនពូកែនៅពេលដែលយើងចូលរៀនមហាវិទ្យាល័យនោះ។ នៅឆ្នាំទី ១ ខ្ញុំបានខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេសយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំពេញទើបខ្ញុំមានឱកាសធ្វើជាគ្រូក្រៅម៉ោងនៅសាលាភាសាអង់គ្លេសឯកជនហើយពេលនោះប្រាក់ខែដំបូងរបស់ខ្ញុំគឺបានតែ ៣៨ ដុល្លារតែប៉ុណ្ណោះ។ អ៊ីចឹងយើងរៀននៅមហាវិទ្យាល័យបណ្តើរពេលល្ងាចយើងឆ្លៀតធ្វើគ្រូភាសាអង់គ្លេសបណ្តើរដើម្បីបានចំណូលផ្គត់ផ្គង់ការសិក្សារបស់ខ្លួនក៏ដូចជាការរស់នៅក្រុងភ្នំពេញ។ ខ្ញុំរៀនដល់ចប់ថ្នាក់បរិញ្ញាបត្រ»។