នៅក្នុងខែមីនា ឆ្នាំ ១៩៦៩ ស្ថិតក្នុងបញ្ជីកិច្ចប្រតិបត្តិការ ប្រធានាធិបតី និច្ចសុន បានចេញបញ្ជាឲ្យបើកយុទ្ធនាការទម្លាក់គ្រាប់បែក នៅភាគខាងកើតប្រទេសកម្ពុជា រហូតដល់ ខែឧសភា ឆ្នាំ ១៩៧០ ដែលនេះគឺជាការឆ្លើយតបចាំបាច់ ចំពោះការឈ្លានពានរបស់វៀតណាម។
ការទម្លាក់គ្រាប់បែកតាមព្រំដែន វៀតណាម ដែលនៅភាគខាងកើតប្រទេសកម្ពុជា ចាប់ផ្ដើមតាំងពី ឆ្នាំ ១៩៦៥ គឺបួនឆ្នាំមុនពេលដែល និច្ចសុន ចេញបញ្ជា។ ការទម្លាក់គ្រាប់បែកគ្រប់កន្លែងក្នុងតំបន់បានបន្តរហូតដល់ឆ្នាំ ១៩៧៣។
ក្នុងអំឡុងឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ៣ លានតោន មកលើទឹកដីកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេស មួយក្នុងចំណោមប្រទេសដែលត្រូវបានទម្លាក់គ្រាប់បែកច្រើនជាងគេលើពិភពលោក។ មិនមានរបាយការណ៍ច្បាស់លាស់ណាមួយបញ្ជាក់ពីចំនួនប្រជាជនរងគ្រោះនោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន រាប់សែននាក់។
ជាង ៤០ ឆ្នាំក្រោយ យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែរាយប៉ាយតាមទីជនបទនៃប្រទេសកម្ពុជា ដែលគ្រោះថ្នាក់ទាំងអស់នេះគឺជាការបន្សល់ទុកពីសង្គ្រាម។ យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានគេប៉ាន់ប្រមាណថា នៅមានកប់ក្នុងដីរាប់ពាន់គ្រាប់ទៀតដែលមិនទាន់បានរកឃើញ ហើយប្រជាជនកម្ពុជាបច្ចុប្បន្ននៅតែ បន្តរងគ្រោះ និងស្លាប់ដោយសារ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យនោះ។
ភ្នំពេញប៉ុស្តិ៍បានទាក់ទងទៅ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សាកសួរព័ត៌មានបន្ថែមជាច្រើនដង ប៉ុន្តែមិនទទួលបានការឆ្លើយតប។