សៀមរាប: ចាប់ពីប្រភពទឹកខាងលើហូរធ្លាក់ទាបៗតាមជម្រាលជ្រៀកក្រហែងថ្ម និងច្រោះតាមឫសឈើចម្ងាយរាប់សិបម៉ែត្ររំលេចជាទីកម្សាន្ដសម្រាប់ផ្គាប់ចិត្ដភ្ញៀវដែលប្រាថ្នាទឹកធ្លាក់មិនប្រថុយគ្រោះ។ ប្រជាសហគមន៍ចង្ក្រានរយស្ថិតក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិនខេត្ដសៀមរាបបានស្រាក់ដៃគ្នាកសាងផ្លូវលំមួយខ្សែចេញពីអារាមព្រៃសហគមន៍ភ្នំទឹកធ្លាក់ចង្ក្រានរយយ៉ាងត្រដាបត្រដួស ខ្វះមុខខ្វះក្រោយទម្រាំបានឱកាសឲ្យភ្ញៀវចូលកម្សាន្ដដោយសុវត្ថិភាព។