ក្រុងសែនមនោរម្យ: ស្ថិតនៅ ចម្ងាយតែប្រមាណ ៣ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសែនមនោរម្យនៃបណ្ដុំរមណីយដ្ឋាន និងរីសត ធម្មជាតិព័ទ្ធជុំវិញ ដូចជា Angkor Forest, Diamond Mondulkiri, Mayura, Elephant Hill និង អតីតរាជដំណាក់ជាដើម ទឹកធ្លាក់មនោរម្យ ជាទីរមណីយដ្ឋានធម្មជាតិជ្រកក្រោមម្លប់ឈើធំៗត្រជាក់ល្ហឹម ដោយភ្ញៀវទេសចរមិនចាំបាច់ធ្វើដំណើរឆ្ងាយពីក្រុង និងមិននឿយហត់ក្នុងការដើរ។
ទឹកធ្លាក់មនោរម្យ (ឬសែនមនោរម្យ) មានទីតាំងនៅក្នុងភូមិដើមស្រល់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ដែលនៅអមសងខាងផ្លូវ មានចម្ការដំណាំឧស្សាហកម្មដូចជា កៅស៊ូ កាហ្វេ ស្វាយចន្ទី សាវម៉ាវ ក្រូចវល្លិ និងផ្លែប៊័រជាដើម។ ទឹកធ្លាក់នេះត្រូវបានប្រជាពលរដ្ឋហៅថា ទឹកធ្លាក់ដំណាក់ស្ដេច មានទឹកធ្លាក់ធម្មជាតិ ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធដ៏ត្រកាល។