កម្ដៅនៃការតវ៉ារបស់ស្ត្រីតំណាងសហគមន៍បឹងកក់បានឡើងក្ដៅបន្ទាប់ពីមិនបានទទួលដំណោះស្រាយណាមួយពីធនាគារពិភពលោកក្រោយពីការដាក់ញត្តិកាលពីពីរសប្ដាហ៍មុន។ ស្ត្រីតំណាងសហគមន៍ចំនួន២ ដែលមានជម្លោះដីធ្លីមាន បឹងកក់ និងបុរីកីឡា បានរួមគ្នាធ្វើការតវ៉ានៅមុខស្ថាប័នចំនួន ៣ ក្នុងរាជធានីភ្នំពេញដើម្បីទាមទារឲ្យមានដំណោះស្រាយសមស្របដល់ពួកគាត់ដែលជាជនរងគ្រោះ និងរងផលប៉ះពាល់ពីការរំលោភបំពានដីធ្លី។
ការតវ៉ាបានធ្វើឡើងដោយក្រុមស្ត្រីប្រមាណជាង ៣០នាក់ ដោយដំបូងពួកគាត់ធ្វើការតវ៉ានៅមុខស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដើម្បីដាក់ញត្តិស្នើឲ្យមានការធ្វើអន្តរាគមន៍ដោះស្រាយសំណងសមរម្យដល់សហគមន៍ទាំង២ ហើយបន្តទៅធនាគារ ពិភពលោក ដើម្បីតវ៉ាបណ្ដេញធនាគានេះចេញ។ ការគប់ពងមាន់បានធ្វើឡើងសាជាថ្មី តើការគប់ពងមាន់នេះ ពិតជាដូចពាក្យចាស់ថា យកពងមាន់ជុលនឹងថ្ម ចុងក្រោយសល់តែបំណែកសំបកដែលបែកឬក៏យ៉ាងណា?