សំណើវិសោធនកម្មច្បាប់ចំនួន ៤ ដែលអនុម័តដោយតំណាងរាស្ត្រឯកបក្ស ដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៧ រូបនៅរដ្ឋសភាកាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះត្រូវរំលាយ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចនឹងលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីអនុម័ត។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាកាលពីល្ងាចមិញនេះ។ ច្បាប់ទាំង ៤ ដែលនឹងលើកយកទៅពិភាក្សាមាន៖ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ វិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ។