៤០ លើ ៦១ សំឡេងគឺជាការអនុម័តជាឯកច្ឆន្ទរបស់ព្រឹទ្ធសភា លើសំណើវិសោធនកម្មច្បាប់បោះឆ្នោត ចំនួន ៤ ដែលស្នើដោយសមាជិករដ្ឋសភាចំនួន ៦៧ រូបរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបែងចែក អាសនៈក្នុងរដ្ឋសភា នៅពេលដែលគណបក្សណាមួយធ្វើខុសច្បាប់ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្ស ឬក៏បោះបង់អាសនៈរបស់ខ្លួនចោល។
ការអនុម័តច្បាប់វិសោធនកម្ម ច្បាប់បោះឆ្នោតនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ របស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ ដោយមិនមានសមាជិកគណបក្សប្រឆាំងចូលរួមនោះទេ។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំចប់ថា ការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីឲ្យមានសុគតភាពជាមួយច្បាប់វិសោធនកម្មគណបក្សនយោបាយដែលទើបតែចូលជាធរមានកាលពីពេលថ្មីៗកន្លងទៅ។