ព្រះមហាក្សត្រក្នុងសម័យអង្គរបានបន្សល់ទុកនូវទស្សនវិជ្ជា និងសង្គមវិជ្ជាដឹកនាំនិងការពារនគរបែបខ្មែរដ៏ពិសេសមួយ ដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដោយទ្រង់បង្ហាញទស្សនវិជ្ជានោះតាមរបៀបនៃការសង់ប្រាសាទសិលាដ៏រឹងមាំ ស្ថិតស្ថេរគង់វង្សនៅលើផែនដី ដោយការផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំជាមួយគ្នា។ នេះបើតាម លោក សំបូរ ម៉ាណារ៉ា ដែលជាសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ បង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្ដិ៍ ជាងមួយម៉ោង អំពីមុខវិជ្ជាប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានមើលឃើញពីរបៀបដឹកនាំប្រទេសរបស់មហាក្សត្របុរាណមានលក្ខណវិទ្យាសាស្រ្ដនិងសង្គមសាស្រ្ត ដែលគួរជាទីចាប់អារម្មណ៍ចំពោះអ្នកសិក្សាប្រវត្តិសាស្ដ្រ និងអ្នកដឹកនាំកម្ពុជាសម័យទំនើប។