កំពង់ចាម: ស្ថិតនៅកណ្ដាលចម្ការកៅស៊ូក្នុងទឹកដីស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាមក្លិនឈ្ងុយផ្លែទុរេន សាវម៉ាវ និងមង្ឃុតកំពុងភាយចេញពីចម្ការក្នុងរមណីយដ្ឋានទុរេននាគខ្មៅ ទាក់ទាញអ្នកចូលចិត្ដភ្លក្សរសជាតិផល្លានុផលផ្លែឈើខ្មែរក្នុងឧទ្យានផ្លែឈើកំពុងហុចផលព្រោងព្រាតគួបនឹងដំណើរកម្សាន្ដទឹកធ្លាក់សិប្បនិម្មិតហ៊ុមព័ទ្ធដោយសួនផ្កា និងដំណាំជុំវិញ។
ខណៈផ្លែទុរេនត្រូវបានដាក់លក់ស្ទើរតែគ្រប់ដងផ្លូវទាំងនៅជនបទ និងក្នុងក្រុង ជាពិសេស ផ្លូវទៅកាន់ចម្ការទុរេនក្នុងខេត្ដកំពង់ចាម ពលរដ្ឋកម្ពុជាភាគច្រើន ដែលនិយមផ្លែទុរេនកំពង់ចាមខ្លះក៏ឆ្លៀតពេលធ្វើដំណើរមកកាន់ចម្ការទុរេនដោយផ្ទាល់ និងបានសម្រាកកាយក្នុងសួនដែលមានក្យូសរាប់សិប ជិះទាទូកក្នុងអាងទឹកធម្មជាតិថតរូបសែលហ្វីជាមួយទឹកជ្រោះសិប្បនិម្មិត និងទស្សនាដំណាំផ្លែទុរេន មង្ឃុត និងសាវម៉ាវ។