ស្ទឹងត្រែងៈ ជាមួយនឹងចរន្តទឹកហូររឹមៗក្នុងសភាពថ្លាឈ្វេង ដែលអាចមើលឃើញបាតទន្លេ លាយឡំទៅដោយល្បាយក្រួសខ្សាច់ និងដុំថ្មរដិបរដុបក្នុងជម្រៅរាក់ៗ ត្រជាក់ស្រេងពេលចុះងូតលេងនារដូវប្រាំង ម្លប់ក្យូសប្រក់ស្បូវ សាងសង់តម្រៀបជាជួរនៅចំកណ្តាលទន្លេសេសាន ជាមន្តស្នេហ៍ទាក់ទាញក្រុមភ្ញៀវទេសចរទាំងនៅទីជិត និងទីឆ្ងាយមកលម្ហែកាយនៅរមណីយដ្ឋានបុប្ផាកោះភ្លុក ដែលស្ថិតនៅប៉ែកឧត្តរនៃតំបន់ជាយដែនប្រទេសកម្ពុជា និងឡាវមួយនេះគឺមានរយៈពេល ៧-៨ ឆ្នាំមកហើយ។
រមណីយដ្ឋានបុប្ផាកោះភ្លុកនេះ មានទីតាំងនៅស្របតាមដងទន្លេសេសាន នៅក្នុងភូមិ និងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រ ចេញពីក្រុងស្ទឹងត្រែងតែប៉ុណ្ណោះ។