ភ្នំពេញ: ចង់ស្គាល់ ចង់ភ្លក្សម្ហូបបែបជនជាតិដើមឬទេ? ដោយមិនចាំបាច់ចំណាយពេលជិះទៅដល់រតនគិរីឡើយ ដោយសារតែឥឡូវនេះនៅរាជធានីភ្នំពេញក៏មានហាងលក់ម្ហូបជនជាតិដើមដែរធ្វើដោយចុងភៅជនជាតិកួយ ព្នង និងខ្មែរផងដែរ។
អ្នកស្រី យុន ម៉ាណេ ជនជាតិព្នងម្ចាស់ហាងផ្ទះបាយជនជាតិដើម ដែលកំពុងតែដួសស៊ុបចាណាងបាននិយាយថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តបើកផ្ទះបាយជនជាតិដើមនៅទីក្រុងភ្នំពេញនេះ ដោយសារតែខ្ញុំឃើញថានៅទីនេះមិនទាន់មានហាងលក់ម្ហូបជនជាតិដើមនៅឡើយ ហើយឃើញមានអ្នកចាប់អារម្មណ៍ញ៉ាំម្ហូបជនជាតិដើមភាគតិចច្រើន។ ម្យ៉ាងទៀតខ្ញុំចង់បង្កើតកន្លែងមួយដើម្បីផ្សព្វផ្សាយពីម្ហូបជនជាតិដើម ចង់បង្ហាញអត្តសញ្ញាណរបស់ពួកគាត់ដោយការគូរក្បាច់រចនានៅតាមជញ្ជាំង ការស្លៀកពាក់ជាដើម»។
ផ្ទះបាយជនជាតិដើមនេះទើបតែបើកលក់បានរយៈពេលមួយខែជាង ឃើញថាមានភ្ញៀវចូលញ៉ាំច្រើន ទាំងជនជាតិដើម (ព្នង គ្រឹង និង ទំពួន) ជនជាតិខ្មែរ និងជនជាតិបរទេស ហើយភ្ញៀវភាគច្រើនគឺគាត់ចូលចិត្តកុម្ម៉ង់ម្ហូបពិសេសប្រចាំហាងដូចជា ចាណាង ភីភា ឡាប និងបុកត្រីជាមួយគល់ស្លឹកគ្រៃ។