ប្រជាជនប្រមាណ៣០នាក់ តំណាងមកពីសហគមន៍ចំនួន២ ដែលមាន ជាង៥០០គ្រួសារ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ទៅលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អាយ.អ៊ិន.ជី ហូលឌីង ដែលធ្វើការអភិវឌ្ឍន៍ក្នុងគម្រោងទីក្រុងរណបលើផ្ទៃបឹងទំពន់ និងបឹងជើងឯកប្រមាណ ២៥៧២ហិកតា។ ការដាក់លិខិតស្នើសុំអន្តរាគមន៍នេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ លោក អុំ ណារី អ្នកតំណាងសហគមន៍ព្រែកតាគង់ប្រមាណ ៣៨០គ្រួសារ ដែលបានរងផលប៉ះពាល់តាំងពី ឆ្នាំ២០១២ បានសម្ដែងពីការព្រួយបារម្ភចំពោះការអភិវឌ្ឍន៍ដែលមិនទាន់មានដំណោះស្រាយត្រឹមត្រូវ។ ទោះជាយ៉ាងណាសហគមន៍ភូមិ ខ្វា ដែលមានជាង ១៦០គ្រួសារក៏មានការព្រួយបារម្ភទៅលើការអភិវឌ្ឍន៍នេះផងដែរ ដោយសារសហគមន៍របស់ពួកគាត់ក៏ស្ថិតនៅក្នុងរង្វង់តំបន់តែមួយ។