អាសនចំនួន ១១ ដែលនៅសល់ពីគណបក្សមិនមានសំឡេងក្នុងរដ្ឋសភាចំនួន២ ដោយបដិសេធមិនទទួលយក គ.ជ.ប បានបែងចែកទាំងស្រុងឲ្យគណបក្សប្រជាជនកម្ពុជា។
កាលព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋសភាបើកកិច្ចប្រជុំលើកទី ៩ នីតិកាលទី ៥ របស់ខ្លួន ដោយបានប្រកាសសុពលភាព សមាជិកថ្មីនៃរដ្ឋសភា ចំនួន ១៦រូប។
ក្នុងចំណោម សមាជិករដ្ឋសភាថ្មីទាំង ១៦រូប មាន ១១រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការបែងចែកអាសនដោយ គ.ជ.ប។ ៤រូប មកពីគណបក្សកាន់អំណាចដ៏ដែលដោយជំនួសសមាជិកសភា៤រូបរបស់ខ្លួនដែលបានលាលែង និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់ គ.ជ.ប។
ក្នុងថ្ងៃតែមួយផងដែរក៏មានការបោះឆ្នោតទុកចិត្តជ្រើសរើសអនុប្រធាន និងសមាជិក គ.ជ.ប ថ្មីចំនួន ៣ រូបផងដែរដើម្បីជំនួសសមាជិកចាស់ដែលលាឈប់។
ទោះជាយ៉ាងណាលោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានប្រាប់ ភ្នំពេញប៉ុស្តិ៍ក្នុងកម្មវិធី គតិឧត្ដមជនថា ការផ្លាស់ប្ដូរ គ.ជ.ប ជាស្ថាប័នរដ្ឋធម្មនុញ្ញ និងការផ្លាស់ប្ដូរសមាជិកថ្មីនេះបានធ្វើឲ្យ ស្ថាប័នមួយនេះបាត់បង់នៅធាតុដើមរបស់ខ្លួន។
ជាការយល់ផ្ទុយគ្នាទៅវិញ លោក ឌឹម សុវណ្ណារុំ ជាសមាជិកថ្មីម្នាក់ទៀតដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃពិធីការសង្គមស៊ីវិលកម្ពុជាប្រធានផ្នែកទំនាក់ទំនងសាធារណ:នៃសាលាក្តីខ្មែរក្រហម និងជាអនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលកាន់តំណែងជាសមាជិកជាបេក្ខជនសេរីនេះដែរ ដោយលោកបានលើកឡើងថាគ.ជ.ប ស្ថាប័នរឹងមាំ និងមានត្រីវិស័យរបស់ខ្លួនច្បាស់លាស់ ហើយការផ្លាស់ប្ដូរសមាជិកគឺជារឿងធម្មតា។