កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលានជល់ដំរីនៃទឹកដីអង្គរមនុស្សប្រមាណ១០០០នាក់រំភើបមករង់ចាំទស្សនាការចាក់បញ្ចាំងបើកឆាកនៃខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ «មុនដំបូងខ្មែរក្រហមសម្លាប់របស់ប៉ាខ្ញុំ» ដែលដឹកនាំដោយអ្នកស្រី អេនជេលីណា ជូលី ។
ខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិមួយនេះផលិតឡើងដោយផ្អែកតាមសៀវភៅរឿង «មុនដំបូងខ្មែរក្រហមសម្លាប់របស់ប៉ាខ្ញុំ» និពន្ធដោយអ្នកស្រី លឿង អ៊ឹង ជាជនភៀសខ្លួនកម្ពុជានៅសហរដ្ឋអាមេរិក រៀបរាប់អំពីជីវិតពិតដែលអ្នកស្រី និងក្រុមគ្រួសារឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។ សៀវភៅនេះបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០០ និងបកប្រែជាភាសាខ្មែរនៅឆ្នាំ ២០០៣។
ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់របស់ប៉ាខ្ញុំ» នឹងត្រូវចាក់បញ្ចាំងឡើងវិញនៅភ្នំពេញ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី ២១ ខែកម្ភៈ និងនៅខេត្ត បាត់ដំបង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។