ក្រុងឡុងដ៍ៈ កីឡាករ Aaron Wan Bissaka បានក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លិប Man Utd ក្រោយពីបានបញ្ចប់កុងត្រាជាមួយក្លិបឥន្ទ្រីខៀវ Crystal Palace ក្នុងតម្លៃខ្លួន ៥០ លានផោនស្មើនឹងជាយ ៦៣ លានដុល្លារអាមេរិកកាលពីថ្ងៃសៅរ៍។
ទោះបីជាមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែកីឡាករវ័យ ២១ ឆ្នាំរូបនេះទើបតែបានបង្ហាញខ្លួន ៤៦ លើកសម្រាប់ក្លិបឥន្ទ្រីខៀវនេះ និងមិនទាន់បានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសម្ដងឡើយដោយសារគាត់មិនគ្រប់អាយុ។
តើហេតុអ្វីបានជាក្លិប Man Utd ហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញកីឡាកររូបនេះមកចូលរួមជាមួយពួកគេក្រោយពីបាត់បង់ឱកាសលេងនៅក្របខ័ណ្ឌ Champions League កាលពីរដូវកាលទើបតែបញ្ចប់ទៅថ្មីៗនេះ ហើយថាតើខ្សែការពារវ័យក្មេងនេះមានប្រវត្តិយ៉ាងណាខ្លះ?
កីឡាករ Wan Bissaka បានធំដឹងក្ដីនៅក្នុងតំបន់ស្ថិតនៅជុំវិញកីឡដ្ឋាន Selhurst Park របស់ក្លិប Crystal មុនពេលគាត់បានចូលសិក្សានៅសាលារបស់ក្លិបនេះនៅអាយុ ១១ ឆ្នាំ ប៉ុន្តែដោយចាប់ផ្ដើមជាខ្សែបម្រើស្លាបនោះ គាត់មិនបានបង្ហាញថ្វីដៃបានល្អទេ។
ជាការពិតទេពកោសល្យរបស់គាត់ប្រហែលជាមិនត្រូវបានគេមើលឃើញល្អទេបើសិនគេមិនបានធ្វើការប្រៀបធៀបជាមួយកីឡាករឆ្នើម Wilfried Zaha នៅក្លិប Crystal នៅក្នុងការហ្វឹកហាត់នៅថ្ងៃមួយនោះនៅពេលគ្រូបង្វឹកមួយចំនួនចាប់អារម្មណ៍ពីសមត្ថភាពរបស់គាត់ដែលអាចលេងល្អជាងកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ។
អតីតគ្រូបង្វឹកក្លិប Crystal លោក Kevin Keen បាននិយាយថា៖ «ខ្ញុំអាចនឹកឃើញអតីតកាលនៅពេលឃើញរដូវកាលនេះ ហើយគិតថាគាត់ធ្វើបានល្អនៅពេលធ្វើជាខ្សែការពារស្លាបស្ដាំ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «រយៈពេល ១ សប្ដាហ៍ក្រោយមក ខ្ញុំបានសាកល្បងកីឡាករ Aaron ម្ដងទៀតដែលតម្រូវឲ្យគាត់ប្រកួតតទល់នឹងកីឡាករ Wilfried។ នៅពេលនោះគឺកីឡាករ Wilfried មិនអាចរត់កាត់មុខគាត់ម្ដងណាឡើយ»។
ក្នុងការប្រកួតចំនួន ៣ លើកដំបូងនៅក្របខ័ណ្ឌ Premier League កីឡាករ Aaron បានប្រឈមមុខនឹងកីឡាករ Christian Eriksen, Marcus Rashford, Alexis Sanchez និង Eden Hazard ហើយបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងខណៈក្លិប Crystal បានធ្វើឲ្យក្រុម Tottenham, Man Utd និង Chelsea យកឈ្នះពួកគេទាំងលំបាក។
កាលពីរដូវកាលមុនកីឡាកររូបនេះបានបង្កើតស្នាដៃអស្ចារ្យក្នុងនាមជាខ្សែការពារដ៏ល្អបំផុតនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដោយសារគាត់រត់លឿន កម្លាំងខ្លាំង និងរហ័សដែលធ្វើឲ្យក្លិបសំខាន់ៗមួយចំនួនចាប់អារម្មណ៍ចំពោះគាត់។
កីឡាករ Aaron ទទួលបានងារជា «សត្វពីងពាង» ដោយសារតែគាត់មិនងាយនឹងឲ្យបាល់របេះចេញពីជើងរបស់គាត់បានឡើយ។
កីឡាករ Aaron Wan Bissaka បានបង្ហាញខ្លួនក្នុងការប្រកួតជាអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិយុវជនកុងហ្គោក្រោមអាយុ ១៧ ឆ្នាំដោយបានឈ្នះជម្រើសជាតិអង់គ្លេស ៨-០ ហើយគាត់នៅតែអាចមានសិទ្ធិលេងឲ្យជម្រើសជាតិប្រទេសស្ថិតនៅតំបន់អាហ្វ្រិកមួយនេះដដែរ៕ SN