ក្រុង​ឡុងដ៍៖​ លោក Pep Guardiola បាន​និយាយ​ថា​ វីរភាព​របស់​ខ្សែ​ប្រយុទ្ធ​ Sergio Aguero ​បាន​កើន​ឡើង​​ម្ដង​ទៀត​បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​បរទេស​​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​​នៅ​​ក្របខ័ណ្ឌ​ Premier League ជាមួយ​​ការ​រក​បាន ​៣ ​គ្រាប់ ​ខណៈ​ក្រុម​ Man City បាន​ផ្ដួល​​ក្រុម​ Aston Villa ចាស់​ដៃ​ ៦-១ ​ពី​ថ្ងៃ​អាទិត្យ​។​​

វា​ប្រហែល​ជា​យឺត​បន្តិច​​ក្នុង​ការ​សង្គ្រោះ​ការ​ការពារ​តំណែង​ជើងឯក​ Premier League របស់​ក្រុម Man City ដោយសារ​​ពួក​គេ​នៅ​បន្ត​​តាម​ពី​ក្រោយ ​១៤ ​ពិន្ទុ ​នៃ​ក្រុម​ Liverpool ដែល​ឈរ​កំពូល​តារាង ​និង​នៅ​សល់ ​១ ​ប្រកួត​ក្នុង​ដៃ​ទៀត​ ប៉ុន្តែ​តាមរយៈ​កីឡាករ Aguero ក្លិប​ម្ចាស់​ជើងឯក​មួយ​នេះ​បាន​វ៉ា​ក្រុម​ Leicester ឡើង​ទៅ​ឈរ​នៅ​លេខ ​២ ​ដើម្បី​បង្ហាញ​ថា ពួក​គេ​នឹង​មិន​បោះបង់​ការ​ដេញ​តាម​ពី​ក្រោយ​នេះ​ទេ​។​​ ​

កីឡាករ​ Aguero បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​ Thierry​ Henry​ ជា​កីឡាករ​អន្តរជាតិ​ដែល​​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​នៅ​ក្របខ័ណ្ឌ​ Premier ​League​ រហូត​ដល់​ចំនួន​ ១៧៧​ គ្រាប់ ​និង​បាន​ឈ្នះ​កំណត់ត្រា​ប្រកួត​លីក​របស់​កីឡាករ​ Alan Shearer ចំពោះ​ការ​រក​បាន ​៣ ​គ្រាប់ ​ជា​លើក​ទី ​១២ ​របស់​ខ្លួន​តាំង​ពី​ចូលរួម​នៅ​​ក្នុង​ក្រុម Man City ក្រោយ​ពី​ចេញ​ពី​ក្រុម Atletico Madrid នៅ​ឆ្នាំ ​២០១១​​។

លោក Guardiola គ្រូ​បង្វឹក​ក្លិប Man City បាន​និយាយ​ថា៖ «​គាត់​ជា​វីរបុរស​ម្នាក់​ដែល​បាន​រះ​ឡើង​នៅ​យប់​នេះ​ព្រោះ​គាត់​ជា​កីឡាករ​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​នៅ​ក្នុង​លីក​នេះ​​ទាល់​តែ​សោះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ការ​រក​បាន​គ្រាប់​បាល់​ជា​ច្រើន ​និង​រក​បាន ​៣ ​គ្រាប់​​នេះ ​មាន​ន័យ​ថា អ្នក​បាន​សម្រេច​ជា​ច្រើន​ឆ្នាំ​នូវ​រឿង​ល្អ​ជា​ច្រើន​»។​​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ត​ថា៖ «​អ្នក​ត្រូវ​តែ​ធ្វើ​បែប​នេះ​ជា​ច្រើន​ឆ្នាំ​​ទៀត ​ដើម្បី​ឲ្យ​សម​នឹង​វីរភាព​ដ៏​អស្ចារ្យ​​របស់​អ្នក​»។​

ក្រុម Villa អាច​ជា​គូ​ប្រជែង​របស់​ក្រុម Man City ​នៅ​​ក្នុង​កីឡដ្ឋាន​​ Wembley នៅ​ថ្ងៃទី ​១​ ខែ​មីនា​ ខណៈ​ដែល​ពួក​គេ​ប្រកួត​ស្មើ​ក្រុម Leicester ១-១ នៅ​ជើង​ដំបូង​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ពុធ ​ប៉ុន្តែ​តាមរយៈ​ភ័ស្តុតាង​នេះ ​ពួក​គេ​នឹង​អាច​គ្មាន​អំណាច​​នឹង​បញ្ឈប់​ក្រុម Man City ​​មិន​ឲ្យ​លើក​ពាន​រង្វាន់​នេះ​ជា​លើក​ទី ​៣ ​ជាប់ៗ​គ្នា​​បាន​នោះ​​ឡើយ​​។​

ក្រុម​ម្ចាស់​ផ្ទះ​ Villa គ្មាន​វត្តមាន​ខ្សែ​​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​ ​និង​​អ្នក​ចាំទី​ជម្រើស​ទី ​១ ​នោះ​ទេ ​ក្រោយ​ពី​កីឡាករ​ Wesley និង​កីឡាករ​​ Tom Heaton មាន​បញ្ហា​សម្រាប់​រយៈពេល​ចុង​ក្រោយ​​នៃ​រដូវកាល​នេះ​។​​

លោក Dean Smith គ្រូ​បង្វឹក​ក្លិប Aston Villa បាន​និយាយ​ថា៖ «​វា​​ជា​បទពិសោធ​​មិន​ល្អ​មួយ​សម្រាប់​យើង​​ ហើយ​យើង​រង​ភាព​អាម៉ាស់​ដោយសារ​តែ​ការ​ធ្វើ​ឲ្យ​​របូត​គ្រាប់​បាល់​ជា​ច្រើន​នៅ​ថ្ងៃ​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​បាន​ប្រឈម​មុខ​នឹង​ក្រុម​កម្រិត​កំពូល​មួយ​​​នៅ​ក្នុង​លីក​នេះ ​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្នាក់​កំពូល​មួយ​រូប​​ផង​ដែរ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ឃើញ​លទ្ធផល​ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ​»៕ AFP/SN