ក្រុងដតម៉ាន់: ខ្សែប្រយុទ្ធ Paco Alcacer បា​នរក​គ្រាប់​បាល់​ឈ្នះ ខណៈ​ដែល​ក្រុម Borussia Dortmund ដែល​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Bundesliga បាន​វាយ​បក​តាម​ពី​ក្រោយ ២ លើក​ដើម្បី​ផ្តួល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក Bayern Munich ៣-២ កាល​ពី​ថ្ងៃ​សៅរ៍ និង​នាំមុខ ៧ ពិន្ទុ​ដាច់​លើ​គូ​ប្រជែង​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ របស់​ពួកគេ។ លទ្ធផល​នេះ​បាន​បន្ថែម​សម្ពាធ​លើ​គ្រូបង្វឹក​របស់​ក្រុម Bayern លោក Niko Kovac ខណៈ​ដែល​ឱកាស​របស់​ក្រុម​លោក​ក្នុង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​លីក​ជា​លើក ៧ ជាប់ៗ​គ្នា​ក្នុង​រយៈពេល ១ លើក​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​បាន​ជួប​ការ​ខក​ចិត្ត​មួយ​ផ្សេង​ទៀត។

លោក Kovac បាន​ឲ្យ​ដឹងថា៖ «យើង​បានធ្វើ​ឲ្យ​ខ្លួន​យើង​ចុះចាញ់ ២ លើក​ក្នុងការ​វាយ​សម្រុក​រហ័ស ដែល​មិន​គួរ​កើត​ឡើង​ឡើយ»។

ក្រោយពី​ខ្សែប្រយុទ្ធ Robert Lewandowski បាន​បាត់បង់​គ្រាប់​បាល់ ២ គ្រាប់​ក្នុង​តង់​ទី ២ ដោយ​សារ​តែ​ជា​បាល់ Offside គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​គួរ​តែ​មាន​ភាព​រឹងមាំ​ជាង​នេះ ហើយ​ជា​អកុសល យើង​បាន​ចាញ់​ការ​ប្រកួត​មួយ​ដែល​គួរ​តែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ»។

បច្ចុប្បន្ន ក្រុម Bayern បាន​រង​បរាជ័យ ៣ លើក​ក្នុងចំណោម​ការប្រកួត Bundesliga ៦ លើក​ចុង​ក្រោយ​របស់​ពួកគេ ក្រោយ​ពី​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Hertha Berlin និង Borussia Moenchengladbach ដោយ​រក​បាន​ត្រឹម​តែ ៨ ពិន្ទុ​គត់​ពី​ការ​ប្រកួត​ដែល​ផ្តល់​ពិន្ទុ​សរុប ២១។ ក្រុម Dortmund របស់​លោក Lucien Favre នៅ​តែ​មិន​ទាន់​ស្គាល់​ចាញ់​សោះ និង​នាំមុខ ៤ ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេ ខ២ Gladbach នៅ​លើ​កំពូល​តារាង។

ក្រោយពី Lewandowski បាន​ជួយ​ឲ្យ​ក្រុម Bayern នាំមុខ ២ លើក​នា​កីឡដ្ឋាន Signal Iduna Park ពេល​ជួប​ជាមួយ​នឹង​អតីត​ក្រុម​របស់​ខ្លួន ខ្សែ​បម្រើ Marco Reus ប្រធាន​ក្រុម​នៃ​ក្រុម Dortmund រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ទាំង ២ លើក នៅ​មុន​ពេល​កីឡាករ​បម្រុង Alcacer រក​បាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី ទី ៧៣៕