ក្រុងលីវើភូល: អ្នកចាំទី Alisson Becker ត្រូវបានចាត់ទុកថា «ជាអ្នកសង្គ្រោះជីវិត» ដោយអ្នកចាត់ការទូទៅនៃក្រុម Liverpool លោក Jurgen Klopp សម្រាប់ការសង្គ្រោះបាល់នៅនាទីចុងក្រោយដែលបានជួយឲ្យក្រុមខ្លួនយកឈ្នះលើ Napoli ១-០ នាកីឡដ្ឋាន Anfield និងឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។
ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Mohamed Salah បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុននៅរយៈពេល១១នាទីចុងក្រោយនៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ Liverpool ស្ទើរតែបានជួបការខកចិត្តទៅហើយ សម្រាប់ការខ្ជះខ្ជាយឱកាសជាច្រើនក្នុងតង់ទី២។
Alisson កម្រមានភាពមមាញឹកណាស់នៅពីមុខទី រហូតទាល់តែអ្នកចាំទីអន្តរជាតិប្រេស៊ីលរូបនេះ ត្រូវតែលោតសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករ Arkadiusz Milik នៅជិតបញ្ចប់ការប្រកួត ដើម្បីតបស្នងទៅលើតម្លៃខ្លួន៧៦លានផោន (ស្មើនឹង៨៥លានដុល្លារអាមេរិក) ដែល Liverpool បានចំណាយទិញរូបគេពីក្លិប Roma កាលពីខែកក្កដា។
លោក Klopp បាននិយាយបែបកំប្លែងថា៖ «ប្រសិនបើខ្ញុំបានដឹងថា Alisson មានកម្រិតល្អបែបនេះ ខ្ញុំនឹងចំណាយលើតម្លៃខ្លួនគុណនឹង២ដង។ គ្រាប់បាល់ដែល Mo បានស៊ុតបញ្ចូលទី គឺជាគ្រាប់បាល់ដ៏ល្អមួយ ហើយការសង្គ្រោះបាល់ដែល Ali បានធ្វើ ក៏អស្ចារ្យផងដែរ។ វាជាការសង្គ្រោះជីវិតមួយនៅរាត្រីនេះ»៕ IS