ទីក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ក្លិប Arsenal លោក Freddie Ljungberg មាន​ការ​ធូរ​ចិត្ត​ច្រើន ​ក្រោយ​ពី​ការ​រក​បាន ​៣ ​គ្រាប់ ​ក្នុង​រយៈពេល​តែ ​៩ ​នាទី ​នៅ​តង់​ទី ​២ ​​បាន​ឈ្នះ​ក្រុម West Ham ៣-១ កាល​ពី​ថ្ងៃ​ចន្ទ ​ដើម្បី​បញ្ចប់​ការ​មិន​ធ្លាប់​ឈ្នះ​ដ៏​អាក្រក់​បំផុត​បែប​នេះ ​របស់​ក្រុម​កាំភ្លើង​ធំ​ក្នុង​រយៈពេល ​៤២ ​ឆ្នាំ​។​

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ភ្ញៀវ​កាំភ្លើង​ធំ​សឹង​តែ​អស់​សង្ឃឹម​ទៅ​ហើយ​នៅ​ពេល​កីឡាករ​ Angelo Ogbonna តែត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ ១​-០ នៅ​តង់​ទី ​១​។​

ប៉ុន្តែ​​រំពេច​នោះ​ក្រុម Arsenal ហាក់​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​នៅ​ពេល​កីឡាករ​ Gabriel Martinelli បាន​បំប៉ោង​សំណាញ់​​ជា​លើក​ដំបូង​នៃ​ក្របខ័ណ្ឌ​ Premier League បន្ទាប់​មក​កីឡាករ​ Nicolas Pepe បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​មុន​ពេល​កីឡាករ​ Pierre-Emerick Aubameyang ដាក់ ​១ ​គ្រាប់​ចុង​ក្រោយ​ ​ដើម្បី​បាន ​៣ ​ពិន្ទុ ​ពេញ​នៅ​ក្នុង​ការ​ប្រកួត​នេះ​។​

លោក Ljungberg បាន​និយាយ​ថា៖ «​លទ្ធផល​នេះ​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​កីឡាករ ​​ព្រោះ​ពួក​គេ​កំពុង​រស់នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ ហើយ​អ្នក​ឃើញ​វា​នៅ​ក្នុង​ទម្រង់​លេង​របស់​ពួក​គេ​»។​

គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​រូប​នេះ​បាន​បន្ថែម​ថា៖ «​អ្នក​អាច​ឃើញ​កីឡាករ​យើង​លំបាក​បន្តិច​ហើយ​​ ប៉ុន្តែ​​នៅ​ក្នុង​បន្ទប់​សម្រាក​ពួក​គេ​បាន​ធូរ​ចិត្ត ​និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង»។​

ជ័យជម្នះ​លើក​ដំបូង​ក្នុង ​១០ ​ប្រកួត​ក្នុង​ប្រកួត​ទាំង​អស់​បាន​ធ្វើ​ឲ្យ​ក្រុម Arsenal ឡើង​ដល់​លេខ ​១០ ​និង​បាន​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ជាមួយ​ក្រុម​ Chelsea រហូត​ដល់​ទៅ​ ​៧ ​ពិន្ទុ ​ក្នុង​ការ​ប្រកួត​សម្រាប់​ការ​មាន​ឱកាស​ឡើង​ទៅ​លេង​​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​​ក្រោយ​។​

លោក Ljungberg បាន​ប្រតិកម្ម​នឹង​ការ​ទទួល​បាន​តែ ​១ ​ពិន្ទុ ​ពី​ការ​ប្រកួត​បើក​ឆាក ​២ ​លើក ក្រោម​​ការ​ដឹក​នាំ​​បណ្ដោះ​អាសន្ន​របស់​គាត់​ជា​មួយ​ក្រុម Norwich និង​ក្លិប​ Brighton ​ដោយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ ​៥ ​លើក ​ជាមួយ​កីឡាករ​ Martinelli និង​ Pepe។​ ​

លោក Ljungberg បាន​និយាយ​​ថា៖ «​កីឡាករ​ Nicolas គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​​ ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ចេញ​ពី​លីក​បារាំង​ចូល​ទៅ​ក្នុង​លីក​អង់គ្លេស​នោះ​ទេ​ និង​​បាន​កែប្រែ​ទម្រង់​លេង​ក្រៅ​ទឹក​ដី​»។​

គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​ការ​​រក​បាន​គ្រាប់​បាល់​អស្ចារ្យ​មួយ ​ហើយ​គាត់​នឹង​មាន​ទម្រង់​លេង​កាន់​តែ​ល្អ​ជាង​នេះ​»។​​

វា​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ច្រើន​ក្នុង​ការ​ប្រកួត ​២ ​លើក​ដំបូង​របស់​លោក Ljungberg តាំង​ពី​បាន​ចូល​ដឹកនាំ​ជំនួស​លោក Unai Emery ​នោះ​ទេ​ ហើយ​ជ័យជម្នះ​របស់​​ក្រុម Arsenal ទៅ​លើ​ក្រុម​ West Ham នេះ​ ​គឺ​ជា​​លើក​ដំបូង​​ក្នុង​ការ​ប្រកួត ​១១ ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។​

លោក Manuel Pellegrini គ្រូ​បង្វឹក​ក្លិប​ West Ham ដែល​កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ដោយសារ​ក្រុម​របស់​គាត់​លើស ​១ ​ពិន្ទុ ​ផុត​ពី​តំបន់​បាត​តារាង​នោះ ​បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា យើង​គ្រប់គ្រង​បាល់​រយៈពេល ​៦០ ​នាទី​ ហើយ​ ​១០ ​នាទី​ក្រោយ​មក ​យើង​បាន​ចាញ់​ការ​ប្រកួត​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​អ្នក​យល់​ពី​ការ​ប្រកួត​នេះ​​ហើយ ​ព្រោះ​ការ​ប្រកួត ​៥ ​លើក​​ចុង​ក្រោយ​ យើង​មិន​បាន​ឈ្នះ​នោះ​ទេ​។​ អ្នក​មិន​អាច​ធ្វើ​ឲ្យ​របូត ​៣ ​គ្រាប់ ​នៅ​គ្រប់​ការ​ប្រកួត​នោះ​​ឡើយ​​»៕ AFP/SN