ក្រុង​ឡុងដ៍ៈ គ្រូ​បង្វឹក​ក្រុម Arsenal លោក Mikel Arteta បាន​និយាយ​ថា គាត់​នៅ​តែ​ចង់​បាន​ភាព​ល្អ​បំផុត​សម្រាប់​អតីត​បុគ្គលិក​នៅ​ក្លិប​ Man City រូប​នេះ​បើ​ទោះ​ជា​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អឺរ៉ុប​ទៅ​លើ​​ក្លិប​​ម្ចាស់​ជើង​ឯក​អង់​គ្លេស​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំ​​លេង​នៅ​ក្រប​ខ័ណ្ឌ​ Champions League នៅ​រដូវ​កាល​ក្រោយ​​ក៏​ដោយ​។​

ជ័យ​ជម្នះ​ ៤-០ ​លើ​ក្រុម​ Newcastle ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម ​Arsenal ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១០​ នៅ​ក្រប​ខ័ណ្ឌ​ Premier League និង​តាម​​ពី​ក្រោយ​​តែ ​៦ ​ពិន្ទុ​ នៃ​​ក្រុម​ Tottenham ដែល​ឈរ​នៅ​​លេខ​​ ៥ ​ក្រោយ​ពី​ឈ្នះ​ក្រុម Aston Villa ៣-២​​ ដោយ​សារ​កីឡា​ករ Son Heung-min។

ការ​ដាក់​បំរាម​ប្រកួត​​ ២ ​រដូវ​កាល​របស់សហ​ភាព​សមា​គម​បាល់​ទាត់​អឺរ៉ុប​ (UEFA) ទៅ​លើ​​ក្រុម Man City ​នេះ​មាន​ន័យ​ថា ចំណាត់​ថ្នាក់​លេខ​ ៥​ ល្មម​នឹង​​ធានា​បាន​នូវ​កន្លែង​មួយ​នៅ​ Champions League ប្រសិន​បើ​ម្ចាស់​ជើង​ឯក​នេះ​មិន​ជោគ​ជ័យ​ក្នុង​ការ​ប្ដឹង​ជំទាស់​នឹង​ទណ្ឌ​កម្ម​នៅ​តុលាការ​អាជ្ញា​កណ្ដាល​សម្រាប់​កីឡា​​នោះ​ទេ​។​

លោក Arteta ដែល​ចាក​ចេញ​ពី​ក្រុម Man City កាល​ពី​ខែ​ធ្នូ​នោះឥឡូវ​នេះ​អាច​ជា​អ្នក​ទទួល​បាន​ប្រយោជន៍​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អតីត​ក្លិប​របស់​គាត់​មួយ​នេះ​។​

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ថា៖ «​វា​ពិត​ជា​លំបាក​។ ខ្ញុំ​ចង់​បាន​ភាព​ល្អ​បំផុត​សម្រាប់​ក្រុម Man City និងភាព​​ល្អ​បំផុត​សម្រាប់​លោក Pep Guardiola ព្រម​ទាំង​កីឡាករ​ផង​ដែរ​។ រឿង​តែ​មួយ​គត់ដែល​​ខ្ញុំ​ចង់​បាន​សម្រាប់​ពួក​គេ​នោះ​គឺ​ភាព​វិជ្ជ​មាន​ និង​រឿង​ល្អ​ៗ​​ផ្សេង​ទៀត​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖«​ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​សម្រាប់​ក្រុម Arsenal តាម​លទ្ធ​ភាព​ដែល​ខ្ញុំ​អាច​បំពេញ​​បាន​ប៉ុណ្ណោះ​»។​

នេះ​គឺ​គ្រាន់​តែ​ជា​ជ័យ​ជម្នះ​​លើក​ទី ​២ ​នៃ​ការ​ប្រកួត​លីក​ចំនួន​ ៨ ​ចាប់​តាំង​ពី​លោក Arteta​ បាន​ចូល​កាន់​តំណែង​ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សម្រាប់​កីឡា​ករ​វ័យ​ ៣៧ ​ឆ្នាំ​ ក្នុង​ការ​ប្រកួត​តង់​ទី ​២ ​របស់​ក្រុម​ Arsenal ​បន្ទាប់​ពី​​លេង​បាន​​រយៈ​ពេល​ ៤៥ ​នាទី​ដំបូង​។

លោក Arteta បាន​បន្ថែម​ក្រោយ​ពី​មាន​ការ​ប្រកួត​ស្មើ​គ្នា​៦​លើក​ក្នុង​៨​ប្រកួត​ថា៖ «​យើង​បាន​ជជែក​គ្នា​មុន​ពេល​ការ​ប្រកួត​ដែល​យើង​ចង់​​ប្រែ​ក្លាយ​ពី​ការ​ស្មើ​គ្នា​ទៅ​ជា​ការ​ឈ្នះ​វិញ​»៕ AFP/SN