ក្រុង​ម៉ាឌ្រីដ: ការចាប់ផ្តើម​យ៉ាង​ល្អ​របស់​ក្រុម Atletico Madrid នៅ​រដូវកាល​នេះ អាច​ត្រូវ​បាន​មើល​រំលង​ដោយ​វិបត្តិ​ផ្សេងៗ​ជុំវិញ​ក្រុម Real ប៉ុន្តែ វា​គ្មាន​កន្លែង​អ្វី​ត្រូវ​លាក់​បាំង​ឡើយ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Borussia Dortmund នៅ​រាត្រី​នេះ។ កាល​ពី ២ សប្តាហ៍​មុន ក្រុម Dortmund បាន​យក​ឈ្នះ​លើ​ក្រុម​របស់​លោក Diego Simeone ៤-០ ដែល​ជា​ការ​បរាជ័យ​ដ៏​ធំ​បំផុត​របស់ Atletico ចាប់​តាំង​ពី​គ្រូបង្វឹក​រូប​នេះ​បាន​ចូល​កាន់​តំណែង​កាល​ពី ៣៩២ ថ្ងៃមុន ស្រប​ពេល​កាល​ពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​នឹង​ក្រុម Leganes ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៨ នៅ​លើ​តារាង​ក្របខ័ណ្ឌ La Liga និង​ចាញ់ ៨ លើក​រួច​ជា​ស្រេច​នៅ​រដូវកាល​នេះ។

វា​ត្រូវបាន​គេ​រំពឹងទុក​ថា នេះ​គឺជា​ឆ្នាំ​របស់​ក្រុម Atletico ខណៈដែល​ពួកគេ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រជែង​ពាន​តាមរយៈ​ការ​ទិញ​ចូល​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​កាល​ពី​រដូវកាល​ក្តៅ ហើយ​ពួកគេ​ក៏​សម្លឹង​រក​ការ​ប្រជែង​ពាន Champions League ផង​ដែរ ដោយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​កីឡដ្ឋាន​របស់​ពួកគេ Wanda Metropolitano នៅ​ខែ​មិថុនា។

ការរង​បរាជ័យ​របស់​ពួកគេ​ពេល​ជួប​ក្រុម Dortmund និង​បាត់បង់​ពិន្ទុ​ពេល​ប៉ះ​ក្រុម Leganes ពិត​ជា​លទ្ធផល​ដ៏​ខក​ចិត្ត ដោយ​សារ​តែ​ពួកគេ​បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការពារ ដែល​ធ្លាប់​តែ​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Simeone។

Dortmund បាន​បំបែក​ក្បួន​ការពារ​របស់ Atletico តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់​ក្នុង​ចន្លោះ​ពេល ១០ នាទី នា​កីឡដ្ឋាន Signal Iduna Park ស្រប​ពេល Leganes បាន​តាម​ស្មើ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ។

Barca ត្រៀម​បង្ហាញ​ពី​ភាពខ្លាំង ពេល​ប៉ះ Inter រាត្រី​នេះ

Lionel Messi អាច​នឹងធ្វើ​ការវិល​ទៅ​ប្រកួត​វិញ​ឆាប់រហ័ស​ជាង​ការរំពឹងទុក នៅ​ពេល​ក្រុម​ខ្លួន​ជួប​ជាមួយ​នឹង​ក្រុម Inter Milan ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ប៉ុន្តែ ក្រុម Barcelona មិន​បាន​នឹក​ដល់​រូបគេ​ខ្លាំង​ឡើយ។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ៤ លើក​ពី​ការ​ប្រកួត​ទាំង ៤ លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​យក​ឈ្នះ​លើ​ក្រុម Inter Milan និង Real Madrid មានន័យ​ថា Messi នឹង​វិល​ទៅ​កាន់​ក្រុម​មួយ ដែល​កំពុង​តែ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ខ្លាំង​បំផុត​របស់​ពួកគេ​នៅ​រដូវកាល​នេះ បើ​ទោះបី​គ្មាន​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ពួកគេ​ក៏ដោយ។

ក្រុម​យក្ស​មួយ​នេះ បាន​បញ្ចូល​ឈ្មោះ Messi ក្នុង​ក្រុម​របស់ខ្លួន សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន San Siro ទោះ​បី​រូបគេ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ថា រឹងមាំ​ទាំង​ស្រុង​ក៏ដោយ។ រូបគេ​អាច​នឹង​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង ឬក៏​ត្រូវ​ពន្យារ​ពេល​ប្រកួត​រហូត​ដល់​ថ្ងៃ​អាទិត្យ នៅ​ពេល Barca ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល Betis ក្នុង​ក្របខ័ណ្ឌ La Liga។

ក្នុងពេល​រូបគេ​អវត្តមាន Luis Suarez បាន​ស៊ុត​បាល់​បញ្ចូល​ទី ២ គ្រាប់ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បំពេញ​ការ​វាយ​បក​ផ្តួល​ក្រុម Vallecano និង​ដើម្បី​រក​បាន ៦ គ្រាប់​ពី​ការ​ប្រកួត ៤ លើក​ចុង​ក្រោយ៕

កម្មវិធី​ប្រកួត​រាត្រី​នេះ

Crvena zvezda v Liverpool -12:55 អាធ្រាត្រ​

Monaco v Club Brugge -12:55 អាធ្រាត្រ

Atl. Madrid v Dortmund - 3 ទៀបភ្លឺ

Porto v Lokomotiv -3 ទៀបភ្លឺ

Inter v Barcelona -3 ទៀបភ្លឺ

Napoli v Paris SG -3 ទៀបភ្លឺ

Schalke v Galatasaray - 3 ទៀបភ្លឺ

Tottenham v PSV -3 ទៀបភ្លឺ