ក្រុង​ឡុងដ៍៖ លោក Mikel Arteta​បាន​ទទួល​ស្គាល់​ថា កីឡាករ​ Pierre-Emerick Aubameyang បាន​ជួយ​បំបាត់​ចម្ងល់​ពី​ការ​បរិយាយ​របស់​គាត់ ​ក្រោយ​ពី​ប្រធាន​ក្រុម​ Arsenal រូប​នេះ​បាន​ធ្វើ​ជា​គំរូ​នៅ​​ក្នុង​ការ​រក​បាន​ ​២ ​គ្រាប់ ​ក្នុង​ជ័យជម្នះ​របស់​ពួក​គេ​ទៅ​លើ​ក្រុម Everton ​ពី​រាត្រី​ថ្ងៃ​អាទិត្យ​។​

សម្រាប់​រដូវកាល​ដ៏​សម្បូរ​បញ្ហា​នេះ​ ក្រុម ​Arsenal​ ត្រូវ​បាន​ចោទ​​ជា​សំណួរ​យ៉ាង​​ច្រើន​​ពី​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង ​ដើម្បី​មាន​ឱកាស​​​លេង​នៅ​ Champions League​។

ប៉ុន្តែ​ក្រោយ​ពី​​បាន​ងើប​ឡើង​វិញ​ពី​​ភាព​ខ្សោយ​នៅ​ក្នុង​ពេល​ដឹកនាំ​របស់​​លោក Unai Emery នោះ​មក​​ លោក Arteta បាន​និង​កំពុង​កសាង​ភាព​ខ្លាំង​​របស់​ក្លិប​នេះ​​ឡើង​វិញ​បន្តិច​ម្ដងៗ​។​

កីឡាករ Mominic Calvert-Levin បាន​បើក​ឆាក ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ​ Everton នៅ​នាទី​ទី ​១ ​នៅ​កីឡដ្ឋាន​ Emirates បន្ទាប់​មក​ក្រុម​ម្ចាស់​ផ្ទះ​ Arsenal បាន​តាម​ស្មើ​វិញ​ដោយ​​កីឡាករ​ Eddie Nketiah នៅ​នាទី​ទី ​២៧​ ហើយ​បាន​បន្ត​នាំ​មុខ​​ដោយ​កីឡាករ​ Aubameyang នៅ​នាទី​ទី ​៣៣​។​​

ប៉ុន្តែ​កីឡាករ​ Richarlison បាន​ជួយ​ឲ្យ​ក្រុម​ Everton តាម​ស្មើ​វិញ​នៅ​ចុង​តង់​ទី ​១ ​​នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​ Aubameyang បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ដើម​តង់​ទី ​២​។​

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​លោក Arteta បាន​និយាយ​ថា គាត់​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ស្មារតី​ប្រកួត​របស់​កីឡាករ Aubameyang មុន​ពេល​គាត់​ចូល​ដឹក​នាំ​ក្លិប​នេះ​ទេ ​ប៉ុន្តែ​ក្រោយ​ពី​តាម​ដាន​ទម្រង់​លេង​របស់​រូប​គាត់​ហើយ​ គ្រូ​បង្វឹក​អេស្ប៉ាញ​រូប​នេះ​បាន​បង្កើន​ទំនុក​ចិត្ត​លើ​កីឡាករ​នេះ​តែ​ម្ដង​។

លោក Arteta បាន​និយាយ​ថា៖ «​មុន​ពេល​ខ្ញុំ​ចូល​ដឹកនាំ​ក្លិប​នេះ​ ខ្ញុំ​បាន​មាន​ចម្ងល់​ជា​ច្រើន​ពី​គាត់​ ប៉ុន្តែ​គាត់​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​។ ខ្ញុំ​ចង់​ឲ្យ​គាត់​បង្ហាញ​​ទម្រង់​លេង​បែប​នេះ​ទៀត ​ប្រសិន​បើ​​គាត់​ចង់​​ និង​ធ្វើ​វា​ដោយ​ជាក់​ស្ដែង​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជាមួយ​​គាត់​។ គាត់​កំពុង​រក​បាន​គ្រាប់​បាល់​សំខាន់ៗ​ ហើយ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ គាត់​នឹង​ផ្ដល់​ជា​គំរូ​អស្ចារ្យ​ចំពោះ​អ្នក​ផ្សេង​ទៀត​ជាមួយ​ទម្រង់​លេង​ដែល​គាត់​កំពុង​លេង​បែប​​ការពារ​នេះ​​»។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម Arsenal ឡើង​ទៅ​ឈរ​ពី​លើ​ក្រុម​ Everton ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ​៩​ និង​តាម​ពី​ក្រោយ ​៤ ​ពិន្ទុ ​នៃ​ក្រុម Man Utd ដែល​ឈរ​នៅ​លេខ ​៥ ​នៃ​ក្របខ័ណ្ឌ Premier League ក្រោយ​ពី​ក្រុម​បិសាច​ក្រហម​នេះ​បាន​ឈ្នះ​ក្រុម​ Watford ៣-០ នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នោះ​ផង​ដែរ​។​

កីឡាករ​ Bruno Fernandes ដែល​ទើប​ចុះ​កុងត្រា​លេង​នៅ​ក្លិប ​Man Utd ​​នេះ​បាន​បើក​ឆាក ​១ ​គ្រាប់​​ បន្ទាប់​មក​​គ្រាប់​ទី ​២ ​រក​បាន​ដោយ​កីឡាករ​ Anthony Martial មុន​ពេល​កីឡាករ​ Mason Greenwood​ បាន​បន្ថែម ​១ ​គ្រាប់​ទៀត​។

លោក Ole Gunnar Solskjaer បាន​សរសើរ​កីឡាករ​ដែល​ទើប​ចុះ​កុងត្រា​ថ្មី​របស់​គាត់​ថា៖ «​​គាត់​ធ្វើ​បាន​សម្រេច​យ៉ាង​អស្ចារ្យ​។​ គាត់​បាន​ជួយ​លើក​កម្លាំង​ចិត្ត​ដល់​គ្រប់​គ្នា​។ គាត់​ចង់​បាន​បាល់​គ្រប់​ពេល​ ហើយ​គាត់​ក៏​ចង់​ចូលរួម​ប្រកួត​ផង​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​គាត់​ព្រោះ​គាត់​បាន​ធ្វើ​អ្វីៗ​បំពេញ​ចិត្ត​​ទស្សនិកជន​។ គាត់​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​ទម្រង់​លេង​របស់​ក្រុម Man Utd ជាក់​ស្ដែង​ហើយ​គាត់ ​គឺ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ដល់​ក្រុម​នេះ​ផង​ដែរ​​»។​​

ខ្សែ​បម្រើ​សញ្ជាតិ​​ព័រទុយហ្គាល់ Fernandes បាន​ប្រាប់​ទូរទស្សន៍ BBC ​និយាយ​ថា៖ «​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា យើង​ចង់​ឡើង​ទៅ​កន្លែង​ដែល​បាន​លេង​នៅ​ក្របខ័ណ្ឌ Champions League ហើយ​ខ្ញុំ​នៅ​ទី​នេះ ​ដើម្បី​ជួយ​ក្រុម​នេះ​ឲ្យ​បាន​ឡើង​ដល់​កន្លែង​នោះ​តាមរយៈ​ការ​បន្ត​ឈ្នះ​ថែម​ទៀត​»៕ AFP/SN