ភ្នំពេញៈ ក្រុម Avatar FC ត្រូវបាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​យឹត​យោង​ក្រុម​ជើង​ឯក​រង ២ ជំនាន់ Khmer United ឲ្យ​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង នៃ​លីក​ខ្មែរ​រៀល​អ៊ីស្ទេត លើក​ទី ៧ ឆ្នាំ ២០១៨ (Khmer Real Estate League 2018) ប្រចាំ​សប្តាហ៍​ទី ១២ ប៉ុន្តែ​ក្រុម​ជើង​ឯក Bayon Wanderers បាន​លត់​ក្រុម​ឈរ​នៅ​បាត​តារាង​យ៉ាង​ចាស់​ដៃ ដើម្បី​បន្ថែម​ភាគរយ​ប្រជែង​យក​ពាន។

សម្រាប់​ការប្រកួត​លើក​ទី ១២ នេះ តំបន់​កំពូល​តារាង​របស់​ក្រុម Khmer United ស្ទើរតែ​ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​ក្រុម​ចម្រុះ​ដោយ​បរទេស Riel PP ទៅ​ហើយ ខណៈ Khmer United បែរ​ជា​ទៅ​ស្មើ​ជាមួយ​ក្រុម​យុវជន​ច្បាប់ ៣-៣ នោះ។ ប៉ុន្តែ​ជ័យជម្នះ​របស់​ក្រុម Avatar FC លើ​ក្រុម Riel PP ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ វា​នៅ​តែ​ជួយ​ឲ្យ​ក្រុម Khmer United បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ដដែល ដោយ​មាន ៣២ ពិន្ទុ។

ក្រុម Avatar FC បាន​យកឈ្នះ​ក្រុម Riel PP ៤-១ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម ពួកគេ​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ២ មាន ៣១ ពិន្ទុ ហើយ​បាន​ទម្លាក់ Riel PP ឲ្យ​មក​ឈរ​លេខ ៣ វិញ ដោយ​មាន ៣០ ពិន្ទុ​ដដែល។

ដោយឡែក​ក្រុម​ម្ចាស់​ជើងឯក Bayon បាន​លត់​ក្រុម​ឈរ​នៅ​បាត​តារាង Snor Youth ៨-១ ដើម្បី​ឡើង​មក​ឈរ​នៅ​លេខ ៤ ជាថ្មី ហើយ​ការ​មាន ២៧ ពិន្ទុ ជាមួយ​ការ​ប្រកួត​ត្រឹម ១១ ដង ជាមួយ​ការ​ឈ្នះ ៩ និង​ចាញ់ ២ ប្រកួត វា​កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម Bayon មាន​ភាគរយ​កាន់​តែ​ខ្ពស់ ក្នុង​ការ​ប្រជែង​យក​ពាន​នៅ​ឆ្នាំ​នេះ​ផង​ដែរ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រុម Bayon មិន​ព្រម​ទទួលយក​លទ្ធផល​ឈ្នះ ៣-០ ដោយ​ស្វ័យប្រវត្តិ​លើ​ក្រុម​យុវជន​វត្ត​កោះ ដែល​មិន​បាន​មក​ប្រកួត កាល​ពី​សប្តាហ៍​មុន នោះ​ទេ។ Bayon បាន​សុំ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជាថ្មី ហើយ​សំណើ​នេះ បង្ហាញ​ថា Bayon ចង់​ឈ្នះ​យុវជន​វត្ត​កោះ លើស​ពី ៣-០ ដើម្បី​មាន​គ្រាប់​បាល់​ចំណេញ​កាន់​តែ​ច្រើន និង​មាន​ឱកាស​កាន់​តែ​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​ពាន ព្រោះ​ព្រឹត្តិការណ៍​នេះ ពេល​ក្រុម ២ មាន​ពិន្ទុ​ស្មើ​គ្នា គេ​គិត​គ្រាប់​បាល់​ចំណេញ ជា​អាទិភាព។

ចំណែក​ក្រុម​ធ្លាប់​ឈរ​នៅ​កំពូល​តារាង Blue Dragon បាន​យកឈ្នះ​ក្រុម Giant FC ៣-០ មាន ២៧ ពិន្ទុ និង​ឈរ​នៅ​លេខ ៥ ហើយ​ក្រុម​យុវជន​កំពង់ចាម បាន​ឈ្នះ​ក្រុម Mambo PP ៥-៣ ដើម្បី​បន្ត​ឈរ​នៅ​លេខ ៦ មាន ២៦ ពិន្ទុ។ ប៉ុន្តែ​ក្រុម​អាណាចក្រ​ទួលគោក បាន​ចាញ់​ក្រុម​បាសាក់ ៣-០ ធ្វើ​ឲ្យ​ក្រុម​ទាំង ២ នេះ​មាន ២៣ ពិន្ទុ​ស្មើគ្នា។

ជាមួយគ្នា​នោះ​ក្រុម RFL បានឈ្នះ​ក្រុមយុវជន​តាំងគោក ៦-៣ មាន ២១ ពិន្ទុ ឯ​ទន្សោង​អេហ្វស៊ី ទទួល​បាន ៣ ពិន្ទុ​បន្ថែម​ដែរ ដោយ​មាន ១៩ ពិន្ទុ ក្រោយ​ពេល​ពួកគេ​លត់​ក្រុម​យុវជន​វត្ត​កោះ ៦-០។ រីឯ V.Train FC បាន​លត់​ក្រុម​កូន​ខ្មែរ ១១-៤ មាន ៨ ពិន្ទុ ប៉ុន្តែ​Anvaya FC បាន​ត្រឹម​ស្មើ ៥-៥ ជាមួយ​ក្រុម HHK FC៕