អេស្ប៉ាញៈ ក្លិប Barcelona បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានបញ្ចប់ការចុះកុងត្រាទិញយកខ្សែបម្រើវ័យក្មេងជប៉ុន Hiroki Abe មកពីក្លិប Kashima Antlers ដែលលេងនៅលីក J-League របស់ជប៉ុន។
ក្លិប Barcelona និយាយថាពួកគេបានចំណាយប្រាក់ចំនួន ១,១ លានអឺរ៉ូស្មើនឹង ១,២៥ លានដុល្លារសម្រាប់កីឡាករវ័យ ២០ ឆ្នាំរូបនេះដែលត្រូវបានដាក់ឲ្យលេងនៅក្នុងក្រុមបម្រុងសម្រាប់លេងនៅក្របខ័ណ្ឌកម្រិត ៣ Segunda B នៅប្រទេសអេស្ប៉ាញ។
ក្លិប Barcelona បាននិយាយថាកីឡាករ Abe បានចុះកុងត្រារយៈពេល ៤ ឆ្នាំដោយបូកបញ្ចូលទាំងតម្លៃនៃលក្ខខណ្ឌរំលាយកុងត្រាចំនួន ៤០ លានអឺរូដែលមានទឹកប្រាក់សរុបចំនួន ១០០ លានអឺរ៉ូប្រសិនបើកីឡាកររូបនេះត្រូវបានដំឡើងតួនាទីឲ្យចូលលេងនៅក្រុមទី ១ វិញ។
ក្លិប Barcelona បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ការចុះកុងត្រារបស់រូបគាត់ត្រូវបានចាត់ទុកថាជាការសន្យាដ៏សំខាន់បំផុតមួយសម្រាប់កីឡាបាល់ទាត់នៅប្រទេសជប៉ុននៅមុនពេលមានការប្រកួតអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០»។
កីឡាករ Abe ដែលបានបង្ហាញខ្លួនអន្តរជាតិកាលពីខែមុននៅព្រឹត្តិការណ៍ Copa America នោះអាចលេងចល័តគ្រប់កន្លែងនៅទូទាំងតំបន់ប្រយុទ្ធ ប៉ុន្តែចំណុចខ្លាំងរបស់រូបគេគឺលេងនៅខ្សែប្រយុទ្ធខាងឆ្វេង»។
Abe គឺជាកីឡាករវ័យក្មេងជាងគេដែលលេងនៅលីក J-League ប្រចាំឆ្នាំ ២០១៨ និងបានចាប់ផ្ដើមហាត់ប្រើជើងទាំង ២ របស់ខ្លួន ខណៈក្លិប Kashima បានឈ្នះពាន Asian Champions League នៅក្នុងរដូវកាលឆ្នាំ ២០១៨ ហើយអំឡុងពេលលេងនៅក្លិប Kashima រយៈពេល ៣ រដូវកាលនោះរូបគេបានបង្ហាញខ្លួនលើទីលានប្រកួតចំនួន ៧៩ លើក និងរកបានគ្រាប់បាល់ចំនួន ១០ គ្រាប់ផងដែរ។
ក្លិប Barcelona បានប្រកួតប្រជែងជាមួយក្លិប Real Madrid ដែលទើបតែបានចុះកុងត្រាទិញកីឡាករវ័យក្មេងជប៉ុន Takefusa Kubo រហស្សនាម «Messi ជប៉ុន» មកពីក្លិប FC Tokyo កាលពីខែមុន៕ SN