ក្រុងម៉ាឌ្រីដៈ ក្លិប Barcelona បាន​ប្រកាស​ពី​ការចុះ​កុងត្រា​ទិញ​កីឡាករ​បារាំង Antoine Griezmann កាលពី​ថ្ងៃ​សុក្រ​ក្នុង​តម្លៃ​ខ្លួន ១២០ លាន​អឺរ៉ូ​ស្មើ​ ១៣៥ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្លិប Atletico Madrid បាន​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga បាន​ចំណាយ​ទៅ​ឲ្យ​ជើងឯក World Cup រូបនេះ​។

ក្លិប Barcelona បាន​និយាយ​ក្នុង​របាយការណ៍​ខ្លួន​ថា ពួកគេ​បាន​ចំណាយ​ប្រាក់ ១២០ លាន​អឺរ៉ូ​ដើម្បី​រៀបចំ​លក្ខខណ្ឌ​រំលាយ​កុងត្រា​របស់​កីឡាករ​រូបនេះ​ដោយ​បន្ថែម​ថា គាត់​នឹង​ចុះ​កុងត្រា​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ដែល​រួមបញ្ចូល​ទាំង «​លក្ខខណ្ឌ​រំលាយ​កុងត្រា​ដែល​មាន​ទឹកប្រាក់ ៨០០ លាន​អឺរ៉ូ​» ​ផង​ដែរ​។

តាមពិត​ទៅ​កីឡាករ Griezmann គួរតែ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Barcelona តាំងពី​ ១២ ខែ​មុន​ម្ល៉េះ ប៉ុន្តែ​រូបគេ​បាន​ផ្អាក​ទៅ​វិញ​ដោយសារ​ពេល​នោះ​គាត់​ចង់​នៅ​ជាមួយ​ក្លិប Atletico ជា​បន្តទៀត ប៉ុន្តែ​ឥឡូវ​រូបគេ​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ​តាម​ការបង្រៀន​របស់​ឪពុក​គាត់​។

កីឡាករ​រូបនេះ​បាន​និយាយ​តាម​គេហទំព័រ​ក្លិប Barcelona ពី​ថ្ងៃ​សុក្រ​ថា​៖ «​នៅពេល​ខ្ញុំ​នៅ​ក្មេង ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា យើង​ត្រូវ​ទទួល​យក​ការបណ្ដុះបណ្ដាល​ឲ្យ​បាន​ច្រើន​កន្លែង​»​។

កីឡាករ Griezmann បាន​បន្ថែម​ថា​៖ «​ឥឡូវនេះ វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ទទួល​យក​បទពិសោធ​នៃ​គោលដៅ​ថ្មី​ហើយ​»​។

Griezmann បាន​បន្ត​ថា​៖ «​ទីបញ្ចប់​យើង​បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា ខ្ញុំ​នឹង​ប្ដេជ្ញាចិត្ត​ការពារ​ក្លិប Barcelona ព្រោះ​វា​ជា​ពេលវេលា​របស់​យើង ហើយ​នេះ​ជា​ផ្លូវ​របស់​យើង​»​។

ទោះ​យ៉ាងណា​ក្រោយ​ពី​ក្លិប Barcelona ប្រកាស​ពី​របាយការណ៍​របស់​ខ្លួន​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្លិប Atletico បាន​និយាយ​ថា​ចំនួន​ទឹកប្រាក់​ចំណាយ​នេះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​តាម​កុងត្រា​នៅ​ឡើយ​ទេ​ព្រោះ​កុងត្រា​កំណត់​ថា តម្លៃ​ខ្លួន​កីឡាករ​គឺ ២០០ លាន​អឺរ៉ូ​ប៉ុន្តែ​ប្រគល់​ឲ្យ​តែ ១២០ លាន​អឺរ៉ូ​។

ក្លិប Atletico បាន​និយាយ​ថា Griezmann បាន​ធ្វើ​ដំណើរ​ទៅ​ក្លិប Barcelona ដោយ​បញ្ចប់​កុងត្រា​ដោយ​ខ្លួនឯង​មុនពេល​ក្លិប Barcelona បាន​រៀបចំ​កុងត្រា​នេះ ហើយ​ថា​ពួកគេ​បាន​ចាប់ផ្ដើម​នីតិវិធី​សមរម្យ​ដើម្បី​ការពារ​ «​សិទ្ធិ​ និង​ផលប្រយោជន៍​ស្រប​ច្បាប់​»​។

នេះ​ជា​ការប្រកាស​ចុងក្រោយ​បំផុត​នៅក្នុង​ជម្លោះ​រវាង​ក្លិប​ទាំង​ ២ និង​កីឡាករ Griezmann ក្រោយពី​កីឡាករ​វ័យ​ ២៨ ​ឆ្នាំ​រូបនេះ​មិន​បាន​បង្ហាញខ្លួន​សម្រាប់​ការហ្វឹកហាត់​មុន​រដូវកាល​នៅ​ក្លិប Atletico កាលពី​ថ្ងៃ​អាទិត្យ​ក្រោយពី​មាន​ការប្រកាស​ពី​ខែ​ឧសភា​ថា​គាត់​នឹង​ចាកចេញ​ទៅ​កាន់​ក្លិប​ណាមួយ​ដែល​គេ​សង្ស័យ​ជា​យូរ​មក​ថា វា​អាច​ជា​ក្លិប Barcelona ។

ហើយ​កាលពី​សប្ដាហ៍​មុន​ក្លិប Atletico បាន​ចោទ​ក្រុម Barcelona និង​កីឡាករ Griezmann ថា «​ខ្វះ​ការគោរព​» ក្រោយពី​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​បង្ហាញ​ថា​ក្លិប​ទាំង​ ២ ​នេះ​បាន​ជជែក​ពី​អតីត​ខ្សែប្រយុទ្ធ​ក្លិប Real Sociedad​។

នៅពេល​នោះ​ក្លិប Atletico បាន​អះអាង​ថា​កីឡាករ Griezmann បាន​ប្រាប់​ក្លិប​នេះ​ថា រូបគេ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Barcelona កាលពី​ខែ​មីនា​។

Griezmann បាន​ចូលរួម​នឹង​ក្លិប Atletico នៅ​ឆ្នាំ​​ ២០១៤ ហើយ​គាត់​រក​បាន​គ្រាប់​បាល់​ចំនួន​ ១៣៣ ​គ្រាប់​ក្នុង​ការប្រកួត​សរុប ២៥៧ និង​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន Europa League នៅ​ឆ្នាំ​ ២០១៨៕ SN