ក្រុង​ម៉ា្រឌីដ៖ ក្លិប​ម្ចាស់​ជើងឯក​អេស្ប៉ាញ​ Barcelona បាន​បណ្ដេញ​គ្រូ​បង្វឹក​ចាស់ គឺ​លោក Ernesto Valverde ហើយ​បាន​តែងតាំង​លោក Quique​Setien​ ជំនួស​​វិញ​​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​​របស់​ក្លិប​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​។​​

ការ​សម្រេច​ចិត្ត​បណ្ដេញ​លោក Valverde នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ ​ក្រោយ​ពី​មាន​ការ​ប្រជុំ​ក្រុមប្រឹក្សា​នាយក​ដែល​​ចំណាយ​​ជាង​ ៤ ​ម៉ោង ​នៅ​កីឡដ្ឋាន​​ Camp Nou កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​។​

ក្រុម Barcelona កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga ប៉ុន្តែ​បាន​ឈ្នះ​តែ​ម្ដង​គត់​ក្នុង​ការ​ប្រកួត ​៥ ​លើក​ចុង​ក្រោយ​ ហើយ​លោក Valverde គឺ​ជា​គ្រូ​បង្វឹក​លើក​ដំបូង​ដែល​ក្លិប​នេះ​បាន​បណ្ដេញ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​បែប​នេះ ​តាំង​ពី​លោក Louis van Gaal ធ្លាប់​ជួប​បែប​នេះ​នៅ​ឆ្នាំ ​២០០៣​។​

របាយការណ៍​របស់​ក្លិប​នេះ​បាន​និយាយ​ថា៖ «​ក្លិប​ FC Barcelona និង​លោក Ernesto Valverde បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ដោយ​ភាគី​ទាំង ​២ ​បាន​ស្រុះស្រួល​គ្នា​​បញ្ចប់​កុងត្រា​​នេះ​តែ​ម្ដង​»។​

របាយការណ៍​នេះ​បាន​បន្ត​ថា៖ «​ក្លិប Barcelona ព្រមព្រៀង​ឲ្យ​​លោក Quique Setien ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ដំបូង​រហូត​ដល់​ថ្ងៃ​ទី ​៣០ ខែ ​មិថុនា​ ឆ្នាំ ​២០២២​»។​​

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «​លោក Setien គឺ​ជា​គ្រូ​បង្វឹក​ដែល​មាន​បទពិសោធ​បំផុត ​១ ​រូប ​នៅ​ក្នុង​កីឡា​បាល់ទាត់​នៅ​អេស្ប៉ាញ​។ តាមរយៈ​អាជីព​​ជា​គ្រូ​បង្វឹក​នេះ​ ​គាត់​គឺ​ជា​អ្នក​ពូកែ​រៀបចំ​ផែនការ​​ផ្នែក​ប្រយុទ្ធ​តែ​ម្ដង​ដែល​បាន​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ចាប់​អារម្មណ៍​បំផុត​»។​

លោក Setien បាន​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​កាសែត​នៅ​កីឡដ្ឋាន​ Camp Nou កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ការ​ដឹកនាំ​ការ​ប្រកួត​លើក​ដំបូង​របស់​គាត់​នឹង​ត្រូវ​ធ្វើ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ជាមួយ​ក្រុម Granada នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​​នេះ​។

ក្លិប Barcelona នឹង​ប្រកួត​ជាមួយ​ក្រុម​ Napoli នៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ក្របខ័ណ្ឌ​ Champions League នៅ​ខែ​ក្រោយ​ និង​ជាមួយ​ក្រុម Real Madrid ក្នុង​លីក La Liga ​នៅ​ដើម​ខែ​មីនា​។​​

លោក Setien បាន​បង្ហាញ​ពី​ការ​កោត​សរសើរ​របស់​គាត់​ចំពោះ​ទម្លាប់​ដ៏​ល្អ​របស់​ក្លិប Barcelona ដោយ​បុរស​វ័យ​ ៦១ ឆ្នាំ​រូប​នេះ​ក៏​ល្បីល្បាញ​ចំពោះ​ការ​​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផង​ដែរ​។

អតីត​កីឡាករ​នៅ​ក្លិប Atletico Madrid និង​ក្លិប​​ Racing Santander រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្លិប Barcelona ដ៏​មាន​សក្ដានុពល​ក្នុង​អំឡុង​ពេល​ជោគជ័យ​បំផុត​មួយ​ក្នុង​ពេល​ដឹកនាំ​នៅ​ក្រុម​ Real Betis។​​

លោក​ Setien​ បាន​ដឹកនាំ​ក្រុម​ Betis​ បាន​ចំណាត់​ថ្នាក់​ទី​ ៦ ​​ក្នុង​ឆ្នាំ​ ២០១៨ ​និង​បាន​លេង​នៅក្នុង​​ក្របខ័ណ្ឌ​ Europa League ​ប៉ុន្តែ​ទោះ​ជា​បាន​ទទួល​ជ័យជម្នះ​ ៤-៣​​ នៅ​កីឡដ្ឋាន ​Camp Nou​ នៅ​ដើម​រដូវកាល​មុន​ក៏​ដោយ​ ក៏​លទ្ធផល​នៅ​តែ​ត្រូវ​បាន​បញ្ចប់​ដដែល​។

លោក Valverde ត្រូវ​បាន​បណ្ដេញ​ពី​ក្លិប​ Barca ​ពី​ថ្ងៃ​ចន្ទ​។ រូប AFP

ក្ដី​មន្ទិល​ជុំវិញ​ការ​បណ្ដេញ​លោក Valverde នេះ​បាន​កើត​ឡើង​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ​ក្រោយ​ពី​ក្លិប Barcelona ធ្លាក់​ក្នុង​ដំណើរការ​ដណ្ដើម​ពាន​រង្វាន់​ Champions League ចំនួន​ ២ ​លើក​។​

ការ​ចាញ់​យ៉ាង​អាម៉ាស់​របស់​ក្លិប​នេះ​ក្រោម​ថ្វី​ជើង​ក្រុម Roma នៅ​ឆ្នាំ ​២០១៨​​ បាន​កើត​ឡើង​ស្រប​ពេល​គ្នា​នឹង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool កាល​ពី​ឆ្នាំ​មុន​ផង​ដែរ​។​

ចំណែក​នៅ​រដូវកាល​នេះ​វិញ​ ក្រុម​ Barcelona បាន​ប្រកួត​ចាញ់​ក្រុម Atletico Madrid ៣-២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Super Cup របស់​ប្រទេស ​​អេស្ប៉ាញ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ពេល​នោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​របូត ២ ​​គ្រាប់​ចុង​ក្រោយ ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​នាយក​បញ្ចេញ​ប្រតិកម្ម​តប​យ៉ាង​ខ្លាំង​ចំពោះ​គ្រាប់​បាល់​នោះ​។​

ក្នុង​ការ​ដឹកនាំ​របស់​លោក Valverde រយៈពេល ​២ ​រដូវកាល​មក​នេះ​ ក្រុម​របស់​គាត់​បាន​ឈ្នះ​ពាន​រង្វាន់​ La Liga ២ ​លើក ​ព្រម​ទាំង​ពាន​រង្វាន់​ Copa de Rey នៅ​ឆ្នាំ ​២០១៨​ និង​ជ័យជម្នះ​លីក​មួយ​ទៀត​ដែល​កំពុង​តែ​សម្លឹង​ឃើញ​នៅ​រដូវ​កាល​នេះ​​ផង​ដែរ​ បើ​ទោះ​ជា​ក្រុម Real Madrid កំពុង​បង្ហាញ​​​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ក៏​ដោយ​។​​

ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម Barcelona បាន​និង​កំពុង​ធ្លាក់​ចុះ​បន្តិច​ដែល​បង្ក​ជា​ក្ដី​កង្វល់​ពី​បច្ចេកទេស​របស់​លោក Valverde ជា​ហេតុ​ធ្វើ​ឲ្យ​ក្លិប​នេះ​ងាក​ទៅ​ចាប់​អារម្មណ៍​ចំពោះ​លោក Setien តែ​ម្ដង​។​

នៅ​ពេល​លោក Valverde ទៅ​ដល់​ក្លិប​ Barcelona នៅ​ឆ្នាំ ​២០១៧​ ក្លិប​នេះ​បាន​រង​របួស​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្រោយ​ពី​មាន​ការ​ចាកចេញ​របស់​កីឡាករ​ Neymar ទៅ​ចូលរួម​នឹង​ក្រុម PSG ព្រម​ទាំង​រង​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្រោម​ថ្វី​ជើង​របស់​ក្លិប Real ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អេស្ប៉ាញ Super Cup​ សម្រាប់​រដូវ​កាល​បន្ទាប់​មក​​ទៀត។

ប៉ុន្តែ​លោក Valverde បាន​ជួយ​សង្គ្រោះ​នាវា​នេះ​ព្រម​ទាំង​បាន​សាង​ភាព​ខ្លាំង​សម្រាប់​ក្រុម​នេះ​ឲ្យ​មាន​ភាព​ល្បីល្បាញ​មក​ទល់​សព្វ​ថ្ងៃ​​​៕ AFP/SN